ក្រុង​បាងកកៈ ភាពមិនប្រាកដប្រជា​នៅតែ​បន្ត​អូស​បន្លាយ​ពេល​យូរ​ជុំវិញ​ថា តើ​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់​អាច​ចាប់​ផ្តើម​ធ្វើ​យុទ្ធនាការ​បោះ​ឆ្នោត​បាន​ដែរ ឬ​យ៉ាង​ណា? ថ្វី​បើ​របប​សឹក​នេះ បាន​ដក​បម្រាម​លើ​សកម្មភាព​នយោបាយ​ក្តី។

ថ្វីបើ​គណបក្សនយោបាយ​ទាំងអស់នេះ បានជ្រើសរើស​ដើម្បី​បន្ត​នៅ​ខាង​ភាគី​ដែល​មាន​សុវត្ថិភាព ដោយ​ចៀស​វាង​ការ​ធ្វើ​យុទ្ធនាការ​ការ​បោះ​ឆ្នោត​ណាមួយ​កើត​ឡើង រហូត​ដល់​ថ្ងៃ​ទី ២ ខែ​ មករា នៅ​ពេល​ព្រះរាជ​ក្រឹត្យ​មួយ ដែល​អំពាវនាវ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​នៅ​ថ្ងៃ​ទី ២៤ ខែ​ កុម្ភៈ ត្រូវ​បាន​បោះពុម្ព​ផ្សាយ​នៅ​ក្នុង​កាសែត​ភូមិន្ទ​នោះ។

កាលបរិច្ឆេទ​បោះឆ្នោត​នៅ​ថ្ងៃទី ២៤ ខែកុម្ភៈ​នោះ​ត្រូវបាន​គេ​បញ្ជាក់​ជា​ផ្លូវការ​នៅ​ក្នុង​អំឡុង​ជំនួប​មួយ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន រវាង​ក្រុម​ប្រឹក្សាជាតិ ដើម្បី​សន្តិភាព និង​សណ្តាប់​ធ្នាប់ (NCPO) និង​ក្រុម​តំណាង​គណបក្ស​នយោបាយ​ជាច្រើន​ទៀត។

លោក​ឧបនាយករដ្ឋមន្ត្រី Wissanu Kreangam បាន​ថ្លែង​កាលពី​ថ្ងៃ​អង្គា​រថា គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់ ឥឡូវ​នេះ អាច​ចូលរួម ក្នុង​សកម្មភាព​នយោបាយ គ្រប់​ប្រភេទ​ទាំង​អស់ ប៉ុន្តែ​គណៈ​កម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត (EC) នៅ​តែ​មាន​ក្តី​មន្ទិល​សង្ស័យ។

លោក​បាន​ថ្លែងថា ការដក​បម្រាម​នយោបាយ​នៅពេល នេះ គឺជា​ពេលវេលា​ដ៏​ស័ក្តិសម​ក្នុង​ការ​ប្រកាស​ឲ្យ​ប្រើប្រាស់​ច្បាប់​គ្រប់គ្រង​ការ​បោះ​ឆ្នោត​តំណាង​រាស្ត្រ​នៅ​ពេល​ខាង​មុខ​នេះ។

លោក Wissanu បាន​ថ្លែងថា ច្បាប់​ស្តីពី​ការបោះឆ្នោត​តំណាងរាស្ត្រ​ចែង​ថា យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត គឺ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ នៅ​ពេល​ដែល​ព្រះរាជ​ក្រឹត្យ​ស្តីពី​ការ​បោះ​ឆ្នោត​តំណាង​រាស្ត្រ​នោះ ត្រូវ​បាន​បោះពុម្ព​ផ្សាយ​ដោយ​កាសែត​ភូមិន្ទ ហើយ​ចែង​ថា​គណៈ​កម្មាធិការ​រៀប​ចំការ​បោះ​ឆ្នោត នឹង​កំណត់​ថា យុទ្ធនាការ​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​របៀប​ណា?