ក្រុង​រ៉ាសអាល់អាន៖ ​មនុស្ស​រាប់​ពាន់​នាក់​បាន​ធ្វើ​បាតុកម្ម​កាល​ពី​ថ្ងៃ​អាទិត្យ​ នៅ​ក្នុង​តំបន់​អម្បូរ​ឃើដ​ភាគ​ច្រើន​នៅ​តាម​ព្រំដែន​ប្រទេស ​ស៊ី​រី ​ជា​មួយ​តួកគី ប្រឆាំង​ការ​គំរាម​​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​មួយ​​បាន​ធ្វើ​ឡើង​របស់​ប្រធានាធិបតី​តួកគី ​លោក​ រ៉េសិប​ តៃយីប​ អេរដូហ្គែន​ កាល​ពី​ថ្ងៃ​សៅរ៍​។​

ក្រុង​អង់ការ៉ា ​បាន​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​កាល​ពី​ថ្ងៃ​សៅរ៍​ ដោយ​​គំរាម​ជា​ញឹក​ញាប់​ថា​ នឹង​ធ្វើ​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ ​នៅ​ប្រទេស ​ស៊ី​រី ​ប្រឆាំង​ជីវពល​ឃើដ​ ដែល​ខ្លួន​បាន​ចាត់​ទុក​ថា​ ជា​ក្រុម​ភេរវករ​មួយ​ ប៉ុន្តែ​ក្រុម​នោះ​ គឺ​ជា​សម្ព័ន្ធ​មិត្ត​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​។​

លោក​ អេរដូហ្គែន ​បាន​ព្រមាន​ថា​ ការ​អត់​ធ្មត់​របស់​ប្រទេស​លោក​មាន​ដែន​កំណត់​ ក្រោយ​ពី​ក្រុម​មន្ត្រី​ប្រទេស ​តួកគី​ និង​អាមេរិក ​បាន​ឯកភាព​គ្នា​កាល​ពី​ខែ​សីហា​ ដើម្បី​បង្កើត​តំបន់​សុវត្តិភាព​មួយ​មាន​ន័យ​ថា ​នឹង​​បំបែក​ព្រំ​ដែន​តួកគី ​ចេញ​ពី​ទឹក​ដី​ឃើដ​នៅ​​ស៊ីរី​ភាគ​ខាង​ជើង​។​

អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន ​AFP ​ម្នាក់​បាន​និយាយ​ថា​៖ «​ការ​ប្រឆាំង​ជាមួយ​លោក ​អេរដូហ្គែន​»​ «​ការ​ប្រឆាំង​ជាមួយ​នឹង​ការ​កាន់​កាប់​របស់​លោក ​អេរដូហ្គែន​»​ អ្នក​តវ៉ា​បាន​ស្រែក​ប្រមូល​ផ្តុំ​គ្នា​នៅ​តាម​ព្រំដែន​ក្បែរ​​ក្រុង​រ៉ាស ​អាល់​-អាន​។​

ក្រុមឃើដ​ស៊ី​រី​​ចូល​រួម​​ការ​ធ្វើបាតុកម្ម​ប្រឆាំង​ការ​គំរាម​វាយ​លុក​ទ្រង់​ទ្រាយធំ​របស់តួកគីនៅ​ក្រុង​រ៉ាស អាល់-អាន។ AFP

អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​ AFP ​បាន​បន្ថែម​ថា​ ក្រុម​អ្នក​តវ៉ា​បាន​ដង្ហែ​ក្បួន​អស់​ជា​ច្រើន​គីឡូម៉ែត្រ ​ទៅ​កាន់​មូលដ្ឋាន​ទ័ព​មួយ​កន្លែង​នៅ​ជិត​ក្រុង​តែល​ អាហ្គាម​ ដែល​បាន​គ្រប់គ្រង​ដោយ​ក្រុម​ចម្រុះ​អន្តរជាតិ​ដឹកនាំ​ដោយ​អាមេរិក​ ដែល​ជា​សម្ព័ន្ធមិត្ត​ជាមួយ​កងកម្លាំង​ដឹកនាំ​ដោយ​ឃើដ ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិស្លាម ​(IS) ​ជីហាដ​។​

អ្នក​តវ៉ា​មាន​វ័យ ​៥២ ​ឆ្នាំ ​គឺ​លោក ​អាម៉ាដ​ ម៉ូហាម៉ាដ ​សាឡេម​ បាន​និយាយ​ថា​៖ «​យើង​នឹង​មិន​បោះបង់​ទឹក​ដី​របស់​យើង​នោះ​ទេ​ ហើយ​យើង​នឹង​នៅ​ទី​នេះ​ ប៉ុន្តែ​យើង​ក៏​មិន​ចង់​ឲ្យ​មាន​សង្គ្រាម​នោះ​ដែរ»​។​

លោក ​អេរដូហ្គែន ​បាន​គំរាម​វាយ​លុក​ទ្រង់ទ្រាយ​ធំ​ម្តង​ហើយ​​ម្តង​ទៀត ​ទៅ​លើ​ក្រុម​ឃើដ​កាល​ពី​ថ្ងៃ​សៅរ៍​។​

លោក ​អេរដូហ្គែន​ បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​ ដែល​បាន​ចាក់​ផ្សាយ​ដោយ​ទូរទស្សន៍​មួយ​ថា៖ ​«​យើង​បាន​ធ្វើ​ការ​រៀបចំ​រួច​ជា​ស្រេច​ ​ដើម្បី​រៀបចំ​ផែនការ​ប្រតិបត្តិការ​របស់​យើង​ទាំង​ស្រុង​ ​​​និង​​ពិចារណា​អំពី​​បទបញ្ជា​ដែល​ចាំ​បាច់​​» ​ដោយ​បាន​បន្ថែម​ថា ​ការ​វាយ​លុក​ទ្រង់ទ្រាយ​ធំ​នោះ​ អាច​ចាប់​​ផ្តើម ​«​ធ្វើ​ប្រតិបត្តិការ​ក្នុង​ពេល​ឆាប់ៗ​នៅ​ថ្ងៃ​នេះ​ ឬ​ថ្ងៃ​ស្អែក​​»​។​

ក្រុម​ឃើដស៊ី​រី​ប្រមូល​ផ្តុំ​គ្នា​នៅ​ជុំ​វិញ​រថពាសដែក​USជិត​មូល​ដ្ឋាន​ក្រុមចម្រុះ​អន្តរជាតិ​ជាយក្រុង​រ៉ាស អាល់-អាន។ AFP

មន្ត្រី​ទ័ព​ថ្មើរ​ជើង​ម្នាក់​មក​ពី​ក្រុម​ឧទ្ទាម​គាំទ្រ​ក្រុង​អង់ការ៉ា​ នៅ​ស៊ីរី​ភាគ​ខាង​ជើង​ បាន​ថ្លែង​ប្រាប់ ​AFP ​ថា កងកម្លាំង​តួកគី​បាន​ផ្តល់​ក្រុម​យុទ្ធជន​សកម្ម​ប្រយុទ្ធ​របស់​ខ្លួន​ជាមួយ ​«​កងកម្លាំង​យោធា​» ​ដោយ​ធ្វើ​ការ ​«ប្រមូល​កងទ័ព​យ៉ាង​ពេញ​ទំហឹង ​ដើម្បី​ប្រយុទ្ធ​»​។​

អាជ្ញាធរ​ឃើដ​កាល​ពី​ថ្ងៃ​សៅរ៍​ បាន​រិះគន់​ការ​អត្ថាធិប្បាយ​របស់​លោក ​អេរដូហ្គែន​ ដោយ​បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ ​«​ដាក់​សម្ពាធ​ទៅ​លើ​ប្រទេស ​តួកគី​ ដើម្បី​បញ្ឈប់​ប្រទេស​មួយ​នេះ​ មិន​ឲ្យ​ធ្វើ​ការ​ឈ្លាន​ពាន​ណា​មួយ​មក​លើ​ក្រុម​របស់​ខ្លួន​»​។​

កាល​ពី​ថ្ងៃ​អាទិត្យ​ ពួក​គេ​បាន​ព្រមាន​ថា​ ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​របស់​ប្រទេស ​តួកគី​ អាច​បង្ក​អរិភាព​យ៉ាង​ខ្លាំង​ទៅ​លើ​សន្តិសុខ​នៅ​ក្រុង​អាល់​ហ៊ូល ​ដែល​​មាន​ជំរំ​ជន​ភៀស​ខ្លួន​ដែរ​នោះ​​​៕ AFP/SK