ក្រុងខារទុំៈ ក្រុមមេដឹកនាំការតវ៉ាស៊ូដង់កាលពីថ្ងៃសៅរ៍បាននិយាយថា ពួកគេបានយល់ព្រមបង្កើតស្ថាប័នគ្រប់គ្រងភាគច្រើនជនស៊ីវិល ដើម្បីការផ្លាស់ប្តូរនយោបាយនៅក្នុងប្រទេស ស៊ូដង់ តាមការស្នើសុំរបស់ប្រេសិតពិសេសអេត្យូពី។
ពួកគេ បាននិយាយទៀតថា ផែនការសម្របសម្រួលបានស្នើឲ្យបង្កើតស្ថាប័នគ្រប់គ្រងមានសមាជិក ១៥ រូប ដែលមានសមាជិកស៊ីវិល ៨ រូប និងយោធា ៧ រូប។
ក្រុមប្រឹក្សាយោធាដែលកំពុងដឹកនាំមិនទាន់ធ្វើសេចក្តីសម្រេចចិត្តទៅលើសំណើរបស់អេត្យូពីនៅឡើយទេ។
ប្រទេស ស៊ូដង់ ត្រូវញាំញីដោយភាពតានតឹងរវាងក្រុមមេដឹកនាំតវ៉ា និងក្រុមឧត្តមសេនីយ៍ ដែលបានរឹបអូសអំណាច ក្រោយពីបណ្តេញលោកប្រធានាធិបតីអូមារ-អាល់-បាសៀរ ពីតំណែងកាលពីខែមេសា ហើយស្ថានភាពនោះកាន់តែធ្ងន់ធ្ងរទៅក្រោយពីការបង្ក្រាបបង្ហូរឈាមទៅលើការតវ៉ាទាមទារឲ្យគ្រប់គ្រងប្រទេសដោយស៊ីវិលនោះ។
នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយមេដឹកនាំតវ៉ាលោក Babiker Faisal បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា៖ «យើងគិតថា ការទទួលយកសំណើរបស់អេត្យូពីនោះ គឺជាជំហានធំមួយឆ្ពោះទៅរកការសម្រេចបំណងនៃការធ្វើបដិវត្តន៍ដើម្បីសេរីភាព សន្តិភាព និងយុត្តិធម៌»។
«សំណើនេះនឹងដាក់ប្រទេស ស៊ូដង់ នៅលើផ្លូវដ៏ត្រឹមត្រូវ ដើម្បីបង្កើតរយៈពេលអន្តរកាលមួយ ដែលនឹងនាំឲ្យមានលទ្ធិប្រជាធិបតេយ្យប្រកបដោយនិរន្តរភាព»។
មេដឹកនាំតវ៉ាម្នាក់ទៀតឈ្មោះ Amjad Farid បានថ្លែងប្រាប់ AFPកាលពីព្រឹកថ្ងៃសៅរ៍ថា នៅក្នុងចំណោមជនស៊ីវិល ៧ រូប នឹងមកពីចលនាតវ៉ាឆត្រដែលជាសម្ព័ន្ធមិត្ត ដើម្បីសេរីភាព និងផ្លាស់ប្តូរ។
ប្រទេស អេត្យូពី បានបង្កើនកិច្ចប្រឹងប្រែងរបស់ខ្លួន ដើម្បីដោះស្រាយវិបត្តិនៅស៊ូដង់ ចាប់តាំងពីបំបែកជំរំតវ៉ា នៅខាងក្រៅទីបញ្ជាការយោធានៅក្នុងក្រុងខារទុំ កាលពីថ្ងៃទី ៣ ខែ មិថុនា នោះ។
ការបង្ក្រាបដែលត្រូវបានធ្វើឡើងដោយបុរសក្នុងឯកសណ្ឋានយោធាបានបណ្តាលឲ្យមនុស្សរាប់សិបនាក់ស្លាប់ និងរាប់រយនាក់រងរបួស។
អ្នកតវ៉ាមួយក្រុម បានចុះទៅតាមដងផ្លូវនានានៅក្នុងក្រុងខារទុំ ដោយបានស្រែកបន្ទរថា «បដិវត្តន៍សេរីភាព» យើងនឹងនៅតែបន្ត៕ AFP