ក្រុង​បេរូត៖ ​ក្រុម​មេ​ដឹកនាំ​ពិភព​លោក​បាន​ប្តេជ្ញា​ចិត្ត​កាល​ពី​ថ្ងៃ​អាទិត្យ​ ដើម្បី​បញ្ចប់​ការ​ជ្រៀតជ្រែក​របស់​បរទេស​ទាំង​អស់​ នៅ​ក្នុង​សង្គ្រាម​ និង​ហាម​ប្រាម​មិន​ឲ្យ​ទិញ​លក់​អាវុធ​នៅ​ប្រទេស ​លីប៊ី​ ​នៅ​ឯ​ជំនួប​កំពូល​នៅ​ទីក្រុង​ប៊ែរឡាំង​ថា​ ជា​ផ្នែក​នៃ​ផែនការ​ច្បាស់លាស់ ​ដើម្បី​បញ្ចប់​ជម្លោះ​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​ប្រទេស​មួយ​នេះ​។​

ប្រធានាធិបតី​រុស្ស៊ី​ តួកគី ​និង​បារាំង ​គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​ក្រុម​ថ្នាក់​ដឹកនាំ​ពិភព​លោក​បាន​ចុះ​កិច្ច​ព្រមព្រៀង ​ដើម្បី​បញ្ឈប់​ការ​ជ្រៀតជ្រែក​នៅ​ក្នុង​សង្គ្រាម​នៅ​លីប៊ី​ ​តាមរយៈ​ការ​ទិញ​លក់​អាវុធ​កងកម្លាំង ​ឬ​ផ្តល់​ហិរញ្ញវត្ថុ​ជា​ដើម​។​

ប៉ុន្តែ​កិច្ច​ពិភាក្សា​នោះ​បាន​បរាជ័យ​ដោយសារ​មិន​មាន «វត្តមាន​តួអង្គ​សំខាន់​នៅ​ក្នុង​ការ​សន្ទនា​» ​រវាង​ក្រុម​ដៃគូ​សង្គ្រាម​ គឺ​បុរស​ខ្លាំង​លោក​ហ្គាលីហ្វា ​ហាហ្វតារ​ និង​ប្រមុខ​ថ្នាក់​​ដឹកនាំ​រដ្ឋាភិបាល​​បាន​ទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ទ្រីប៉ូលី​ គឺ​លោក​ ហ្វាយីស ​អាល់-​សាររ៉ាច​ ឬ​មិន​បាន​នាំ​ភាគី​ទាំង ២ ​ឲ្យ​ចុះ​កិច្ច​ព្រមព្រៀង​បទ​ឈប់​បាញ់​ជា​អចិន្ត្រៃយ៍។​

លោកស្រី​​ អេនជេឡា​ មឺរកែល​ (​កណ្តាល) សម្លឹង​មើល​មុខលោក​ ពូទីន។ AFP

ជំនួប​កំពូល​នោះ​​បាន​រៀបចំ​ទទួល​ដោយ​អធិការបតី​អាល្លឺម៉ង់​លោកស្រី ​អេនជេឡា ​មឺរកែល ​បាន​ថ្លែង​ថា​៖ «​យើង​មាន​ស្ថានការណ៍​មិន​ចុះ​សម្រុង​គ្នា​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស ​លីប៊ី​ ដែល​យើង​ត្រូវ​ធានា​ឲ្យ​មាន​បទ​ឈប់​បាញ់​មួយ​ត្រូវ​តែ​គោរព​ជា​បន្ទាន់​ ហើយ​ក៏​មិន​ងាយ​ស្រួល​ក្នុង​ការ​ធានា​ឲ្យ​មាន​បទ​ឈប់​បាញ់​នោះ​ដែរ​»​។​

«​ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា​ តាមរយៈ​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​នេះ​ យើង​មាន​ឱកាស​បទ​ឈប់​បាញ់​មួយ ​នឹង​ត្រូវ​ធ្វើ​ឡើង​បន្ថែម​ទៀត​»​។​

ប្រទេស ​លីប៊ី ​ត្រូវ​បាន​ហែកហួរ​ដោយសារ​ការ​ប្រយុទ្ធ​គ្នា​រវាង​គូ​ប្រឆាំង​ប្រដាប់​អាវុធ​បដិបក្ខ ​ចាប់​តាំង​ពី​ឆ្នាំ ​២០១១​ មាន​ការ​បះបោរ​បាន​គាំទ្រ​ដោយ​អង្គការ​ណាតូ​ បាន​សម្លាប់​ជន​ផ្តាច់​ការ​លោក ​មួម៉ា ​ហ្គាដាហ្វី​ នោះ​។​

កាល​ពី​ពេល​ថ្មីៗ​នេះ​ កងកម្លាំង​របស់​លោក ​សាររ៉ាច ​នៅ​ក្នុង​ទីក្រុង​ទ្រីប៉ូលី​ បាន​រង​ការ​វាយ​ប្រហារ​៕ AFP/SK