ក្រុង​បាងកកៈ​ ក្រុមប្រឹក្សា​ជាតិ​ ដើម្បី​សន្តិភាព​ និង​សណ្តាប់​ធ្នាប់ ​(NCPO) ​កាល​ពី​ថ្ងៃ​អាទិត្យ ​បាន​ប្រកាស​បិទ​​បញ្ចប់​មជ្ឈមណ្ឌល​ទទួល​ពាក្យ​បណ្តឹង​របស់​ខ្លួន​ ខណៈ​អង្គភាព​ NCPO ​នឹង​ត្រូវ​បាន​គេ​រំលាយ​ចោល​នៅ​ពេល​គណៈ​រដ្ឋមន្ត្រី​ថ្មី ​ត្រូវ​ស្បថ​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​អង្គារ​នេះ​។​

ចាប់​តាំង​ពី​មាន​ការ​ចាប់​ផ្តើម​សារ​ជា​ថ្មី​របស់​ខ្លួន​កាល​ពី​ខែ ​កក្កដា​ ឆ្នាំ ​២០១៧​ មជ្ឈមណ្ឌល​នេះ ​បាន​ទទួល​ពាក្យ​បណ្តឹង​ចំនួន ​៥ ០៧៣ ​បណ្តឹង​ ចំនួន ​៩១២ ​ពាក្យ​បណ្តឹង​ ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​អំពើ​ពុក​រលួយ​។​

លោក​វរសេនីយ៍ឯក​ កូ​ ស៊ីរ៉ីចាន់​ ញ៉ាថង​ ជា​អនុប្រធាន​អ្នក​នាំពាក្យ​របស់​ NCPO ​បាន​ថ្លែង​ថា​៖ «​ករណី​ទាំង​អស់​នេះ​ត្រូវ​បាន​ដាក់​ជូន​ទៅ​ មជ្ឈមណ្ឌល​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ ​(CNAC) ​ដើម្បី​ចាត់​វិធានការ​បន្ថែម​ទៀត​»​។​

ករណី​រសើប​ជា​ច្រើន ​បាន​កើត​ឡើង​ក្រោយ​ពី​មជ្ឈមណ្ឌល​នេះ​ បាន​ទទួល​របាយ​ការណ៍​ពី​សាធារណជន​នៅ​ក្នុង​នោះ​មាន​ការ​បង្ក្រាប​មួយ​ បន្ទាប់​ពី​ការ​កិបកេង​មូលនិធិ​នៅ​ទូទាំង​ប្រទេស​ ដែល​មាន​បំណង​ផ្តល់​ឲ្យ​ដល់​អ្នក​ក្រីក្រ និង​គម្រោង​លទ្ធកម្ម​របស់​អង្គការ​រដ្ឋបាល​តំបន់​ និង​ការ​គំរាម​យក​ប្រាក់​ពី​ក្រុម​ជន​ចំណាក​ស្រុក​ដោយ​ក្រុម​មន្ត្រី​រដ្ឋាភិបាល។ ​​

លោក ​កូ​ ស៊ីរ៉ីចាន់​ ញ៉ាថង​ បាន​ថ្លែង​ថា​ ក្រៅ​ពី​សំណុំ​រឿ​ពុក​រលួយ​មជ្ឈមណ្ឌល​នេះ ក៏​បាន​ទទួល​ពាក្យ​បណ្តឹង​ចំនួន ​៤ ១៦១ ​អំពី​​​​ទង្វើ​មិន​ល្អ ​ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ដោយ​មន្ត្រី​រដ្ឋ និង​មន្ត្រី​ផ្សេង​ទៀត។ ​វិធានការ​ ក៏​ត្រូវ​បាន​ចាត់​ឡើង​ជា​បន្ត​បន្ទាប់​ដើម្បី​ដោះ​ស្រាយ​សំណុំ​រឿង​ទាំង​អស់​ ប៉ុន្តែ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ៕ BKP/SK​​​