បុរីញូវយ៉ក: កាលពី​ថ្ងៃ​ពុធ ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហ​ប្រជាជាតិ (UNSC) បាន​អនុម័ត​ជា​ឯកច្ឆន្ទ​លើ សេចក្តី​សម្រេច​លេខ ២៤០៧ បន្ត​អាណត្តិ​បេសកកម្ម​ការងារ​របស់​ក្រុម​ប្រឹក្សា​អ្នក​ជំនាញ​ការ​មាន​តួនាទី​ធ្វើជា​ជំនួយការ​ដល់​គណៈ​កម្មាធិការ​ដាក់​ទណ្ឌកម្ម​លើ​សាធារណរដ្ឋ​ប្រជា​មានិត​ប្រជាធិប​តេយ្យ​កូរ៉េខាងជើង (DPRK) យោង​លើ​សេចក្តី​សម្រេច​លេខ ១៧១៨ ដោយ​ពន្យារ​ពេល​រហូត​ដល់​ថ្ងៃ​ទី ២៤ មេសា ឆ្នាំ ២០១៩។

សេចក្តីសម្រេច​នេះ បាន​ចូល​ជា​ធរមាន​ភ្លាមៗ បន្ទាប់​ពី​មាន​សារាចរ​មួយ​ផ្សព្វផ្សាយ​អំពី​របាយការណ៍​ចុង​បញ្ចប់​អំពី​ក្រុម​ប្រឹក្សា​អ្នក​ជំនាញការ (PE) ប្រចាំ​នៅ​ក្រុម​ប្រឹក្សា​សន្តិសុខ កាល​ពី​ថ្ងៃ​ទី ១ ខែ​មីនា​កន្លង​ទៅ។

សេចក្តីសម្រេច ដែល​ត្រូវ​បានអនុម័ត​ថ្មី​នេះ បាន​កំណត់​ថា៖ «ការ​បង្កើត​ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ អាវុធ​គីមី និង​អាវុធ​ជីវសាស្ត្រ ក៏​ដូចជា​មធ្យោបាយ​ក្នុងការ​ប្រើប្រាស់​អាវុធ​ទាំង​នេះ បន្ត​គំរាម​ដល់​សន្តិភាព​និង​សន្តិសុខ​អន្តរជាតិ»។

ក្រុម​ប្រឹក្សា​សន្តិសុខ​នេះ បាន​បង្ហាញ​ពី​បំណង​របស់​ខ្លួន​ក្នុងការ​ត្រួត​ពិនិត្យ​នូវ​អាណត្តិ​ការងារ និង​ចាត់​វិធានការ​ទៅ​តាម​ការគួរ​ពាក់ព័ន្ធ​ការបន្ត​ដាក់ ទណ្ឌកម្ម រហូត​ដល់​រយៈពេល​មួយ​មិន​លើស​ពី​ថ្ងៃ​ទី ២៤ ខែ​មីនា​ឆ្នាំ ២០១៩ និង​ធ្វើការ​ស្នើសុំ​ឲ្យ​អគ្គលេខា​ធិការ​របស់​អង្គការ​សហ​ប្រជាជាតិ (UN) ចាត់​វិធានការ​ផ្នែក​រដ្ឋបាល​នានា ដែល​ចាំបាច់​ត្រូវ​ធ្វើ​ឡើង​រហូត​ដល់​ពេល​វេលា និង​កាល​កំណត់​នេះ។

ក្រុមប្រឹក្សាសន្តិសុខ បានស្នើ​សុំ​ឲ្យ​ក្រុមប្រឹក្សា​អ្នកជំនាញ​ការធ្វើ​ការផ្តល់​ជូន​ដល់​គណៈ​កម្មាធិការ​ឲ្យ​បាន​ទាន់​ថ្ងៃ​ទី ៣ ខែ​សីហា​ឆ្នាំ ២០១៨ និង​ថ្ងៃ​ទី ៧ ខែ​កញ្ញា​ឆ្នាំ ២០១៨ នូវ​របាយការណ៍​ពាក់​កណ្តាល​ឆមាស​របស់​ខ្លួន​ស្តី​អំពី​បេសកកម្ម​នានា​របស់​ខ្លួន៕