បុរីញូវយ៉ក៖ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​ពុធ​បាន​អនុម័ត​សេចក្តី​សម្រេច​មួយ ដើម្បី​គាំទ្រ​លទ្ធផល​នៃ​សន្និសីទ​ក្រុង​ប៊ែរឡាំង​ស្តីពី​លីប៊ី​កាល​ពី​ខែ​មុន​នេះ។

សេចក្តី​សម្រេច​លេខ ​២៥១០ បាន​ទទួល​ការ​គាំទ្រ​ពី​សមាជិក​ចំនួន ១៤ ​នៃ​សមាជិក​ទាំង​អស់ ​១៥ ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ។ ប្រទេស ​រុស្ស៊ី អនុបវាទ។

ឯកអគ្គ​រដ្ឋទូត​របស់​ប្រទេស រុស្ស៊ី ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​វ៉ាសស៊ីលី ណេបេនហ្សៀ​ បាន​ថ្លែង​នៅ​ក្រោយ​ការ​បោះឆ្នោត​ថា មិន​គួរ​មាន​ការ​ប្រញាប់​ប្រញាល់​ពេក​ទេ​នៅ​ក្នុង​ក្រុមប្រឹក្សា​នេះ​។

សេចក្តី​សម្រេច​លេខ ​២៥១០​ បាន​គាំទ្រ​លទ្ធផល​នៃ​សន្និសីទ​ក្រុង​ប៊ែរឡាំង​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី ១៩ ​ខែ​មករា និង​បាន​កត់​សម្គាល់​ថា លទ្ធផល​នេះ​គឺ​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​នៃ​ដំណោះ​ស្រាយ​យ៉ាង​ទូលំទូលាយ​ចំពោះ​វិបត្តិ​នៅ​ប្រទេស ​លីប៊ី។

ក្រុម​អ្នក​ចូលរួម​នៃ​សន្និសីទ​ក្រុង​ប៊ែរឡាំង​ នៅ​ក្នុង​នោះ​មាន​ក្រុម​អ្នក​តំណាង​នៃ​សមាជិក​អចិន្រ្តៃយ៍​ទាំង ៥ ​របស់​អង្គការ​សហប្រជាជាតិ​បាន​ឯកភាព​គ្នា​គោរព​បម្រាម​លក់​ដូរ​អាវុធ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​ទៅ​លើ​ប្រទេស លីប៊ី​ និង​ធ្វើ​ការងារ​​ក្នុង​វិស័យ​យោធា​សេដ្ឋកិច្ច ​និង​នយោបាយ​ដើម្បី​ឈាន​ទៅ​រក​សន្តិភាព​នៅ​ក្នុង​ប្រទេស ​លីប៊ី។

សេចក្តី​សម្រេច​លេខ ​២៥១០ ​បាន​ថ្កោល​ទោស​ដល់​អំពើ​ហិង្សា​កើន​ឡើង​ជា​ច្រើន​កម្រិត​ និង​ទាមទារ​ឲ្យ​គ្រប់​ភាគី​ទាំង​អស់​នៅ​ប្រទេស ​លីប៊ី​ ធ្វើ​ការ​ប្តេជ្ញា​ចំពោះ​បទ​ឈប់​បាញ់​យូរ​អង្វែង​មួយ​។

សេចក្តី​សម្រេច​នោះ ​ក៏​បាន​គាំទ្រ​ការ​តែងតាំង​អ្នក​តំណាង​គណៈកម្មាការ​យោធា​ចម្រុះ ​៥+៥ (JMC) ​នៃ​រដ្ឋាភិបាល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ក្រុង​ទ្រីប៉ូលី ​និង​កងទ័ព​ជាតិ​លីប៊ី​មាន​មូលដ្ឋាន​នៅ​ភាគ​ខាង​កើត (LNA) ​និង​អំពាវនាវ​ឲ្យ​មាន​ជំនួប​របស់ JMC ឲ្យ​បន្ត​កើត​ឡើង​ ដើម្បី​ព្រមព្រៀង​ទៅ​លើ​បទ​ឈប់​បាញ់​អចិន្រៃ្តយ៍​មួយ​នៅ​ក្នុង​នោះ​មាន​លក្ខខណ្ឌ​នៃ​ការ​យោង​ដល់​យន្តការ​តាមដាន​ និង​ផ្ទៀងផ្ទាត់​បទ​ឈប់​បាញ់​ការ​បំបែក​កងកម្លាំង វិធានការ​កសាង​ទំនុក​ចិត្ត​ និង​បង្កើត​ក្រុម​ការងារ​ជា​ដៃគូ​ដែល​គាំទ្រ​ដោយ ​UN។

សេចក្តី​សម្រេច​នោះ​ស្នើ​ឲ្យ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បញ្ជូន​របាយការណ៍​បណ្តោះអាសន្ន​អំពី​​លក្ខខណ្ឌ​ចំាបាច់​ខ្លះ​ និង​សំណើ​ទៅ​លើ​ការ​តាម​ដាន​បទ​ឈប់​បាញ់​ឲ្យ​មាន​ប្រសិទ្ធភាព​ នៅ​ក្រោម​ការ​គាំទ្រ​របស់​អង្គការ​សហប្រជាជាតិ​នៅ​ពេល​បទ​ឈប់​បាញ់​មួយ ​ត្រូវ​បាន​ឯកភាព​ដោយ​ភាគី​លីប៊ី​ទាំង​អស់​។

សេចក្តី​សម្រេច​នេះ​ដែរ ​ក៏​អំពាវនាវ​ឲ្យ​មាន​ការ​ប្តេជ្ញា​ចិត្ត​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​សន្និសីទ​ក្រុង​ប៊ែរឡាំង ​ដើម្បី​អនុវត្ត​បម្រាម​លក់​ដូរ​អាវុធ​ និង​ទាមទារ​ឲ្យ​អនុវត្ត​ពេញ​លេញ​ដោយ​បណ្តា​ប្រទេស​សមាជិក​ជាមួយ​នឹង​បម្រាម​លក់​ដូរ​អាវុធ​នេះ​ និង​ទាមទារ​សមាជិក​ទាំង​អស់​មិន​ឲ្យ​អន្តរាគមន៍​នៅ​ក្នុង​ជម្លោះ​នៅ​ប្រទេស ​លីប៊ី​ ឬ​ចាត់​វិធានការ​នានា​ដែល​ធ្វើ​ឲ្យ​ជម្លោះ​នេះ​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​នោះ​​។

លីប៊ី​ត្រូវ​​បាន​ញាំញី​ដោយ​អសន្តិសុខ​ និង​ការ​បែក​បាក់​នយោបាយ​ចាប់​តាំង​ពី​មេ​ដឹកនាំ​ដ៏​យូរ​​លោក ​មួអាម៉ា ​ហ្គាដាហ្វី​ ត្រូវ​បាន​ផ្តួល​រំលំ​នៅ​ក្នុង​ឆ្នាំ ​២០១១​៕ Xinhua/PSA