ក្រុង​ញូវដេលីៈ វេជ្ជបណ្ឌិត​ឥណ្ឌា​រាប់​ម៉ឺន​នាក់ ​កាល​ពី​ថ្ងៃ​ចន្ទ​បាន​ធ្វើ​​កូដកម្ម​ ដោយ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ការពារ​ ប្រឆាំង​អំពើ​ហិង្សា​ដែល​បង្ក​ដោយ​អ្នក​ជំងឺ​ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ ខណៈ​ដែល​​សភា​បាន​កោះ​ប្រជុំ​ជា​លើក​ដំបូង​ចាប់​តាំង​ពី​មាន​ការ​បោះ​ឆ្នោត​ជាតិ​រួច​មក​។​

ការ​ធ្វើ​កូដកម្ម​នៅ​ទូទាំង​ប្រទេស​ ដែល​បាន​បន្ត​រហូត​ដល់​ព្រឹក​ថ្ងៃ​អង្គារ​ ជា​ការ​សាមគ្គីភាព​ជាមួយ​ក្រុម​វេជ្ជបណ្ឌិត​នៅ​រដ្ឋ​វ៉េសបែងហ្គាល់​ភាគ​ខាង​កើត​ ក្រោយ​ពី​បាន​រង​ការ​វាយ​ប្រហារ​យ៉ាង​ឃោរឃៅ​ដោយ​ក្រុម​សាច់​ញាតិ​របស់​បុរស​ម្នាក់​ដែល​បាន​ស្លាប់​។​

សមាគម​គ្រូពេទ្យ​ឥណ្ឌា​ (IMA) ​ដែល​តំណាង​ឲ្យ​ក្រុម​គ្រូពេទ្យ ​៣៥ ​ម៉ឺន​នាក់ ​នៃ​ចំនួន​វេជ្ជ​បណ្ឌិត​របស់​ឥណ្ឌា​ ​៩ ​សែន​នាក់ ​​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ផ្តន្ទាទោស​ឲ្យ​បាន​ខ្លាំង​ជាង​មុន​បន្ថែម​ទៀត ​ចំពោះ​​អ្នក​ដែល​វាយ​ប្រហារ​ទៅ​លើ​បុគ្គលិក​ពេទ្យ​​។​

ការ​ស្តី​បន្ទោស​ទៅ​លើ​អ្នក​វាយ​ប្រហារ​ជា​ផ្នែក​មួយ​នៃ​ «​ការ​រំពឹង​ទុក​ខ្ពស់​» ​ដោយ​ក្រុម​អ្នក​​ជំងឺ ​ជា​ការ​ផ្គត់ផ្គង់​បុគ្គលិក​ពេទ្យ​មិន​គ្រប់គ្រាន់​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ខ្សោយ​ផង​នោះ​​ ហើយ​ក្រុម ​IMA​ បាន​ថ្លែង​ថា​ មន្ទីរ​ពេទ្យ​គួរ​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ឲ្យ​បាន​ច្រើន​ ហើយ​ច្រក​ចូល​របស់​ភ្ញៀវ​ក្នុង​មន្ទីរ​ពេទ្យ​ គួរ​ត្រូវ​បាន​​រឹតត្បិត​។​

ការ​ធ្វើ​កូដកម្ម​ ដែល​មិន​បាន​រាប់​បញ្ចូល​ជាមួយ​ក្រុម​សង្គ្រោះ​បន្ទាន់​ទេ​នោះ​​ បាន​ធ្វើ​ឡើង ​ខណៈ​សភា​បាន​កោះ​ប្រជុំ​ជា​លើក​ដំបូង​ ចាប់​តាំង​ពី​លោក​នាយក​រដ្ឋមន្ត្រី ​ណារិនត្រា ម៉ូឌី ​ត្រូវ​បាន​ជាប់​ឆ្នោត​ជា​ថ្មី​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី ​កាល​ពី​ខែ​ឧសភា​នោះ​។​

ក្រុម​វេជ្ជ​បណ្ឌិត​នៅ​ក្នុង​ក្រុង Kolkata​ នៃ​រដ្ឋ​វ៉េសបែងហ្គាល់ ​បាន​ចូលរួម​ធ្វើ​កូដកម្ម​ចាប់​តាំង​ពី​ថ្ងៃ​ចន្ទ​មុន​៕ AFP/SK