ក្រុងបាងកក៖ ក្រុមសង្គមស៊ីវិលអាស៊ានកាលពីថ្ងៃសៅរ៍ បានរិះគន់អំពីសិទ្ធិមនុស្សកាន់តែអាក្រក់ខ្លាំងឡើងនៅក្នុងអាស៊ាន និងគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នារបស់ប្លុកនេះ ជាពិសេសជុំវិញវិបត្តិជនរ៉ូហ៊ីងយ៉ា ដែលតាមការរាយការណ៍ នឹងមិនត្រូវលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ជំនួបកំពូលអាស៊ីខាងកើតនេះ។
លោក ហ្វីល រ៉ូប៊ឺតសុន ជាអនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំនៅតំបន់អាស៊ី បានសម្តែងការព្រួយបារម្ភអំពីស្ថានការណ៍នៅអាស៊ាន ដោយបានពិពណ៌នាវាថាជា «គ្រោះមហន្តរាយសិទ្ធិមនុស្សមួយ»។
លោកបានថ្លែងប្រាប់នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលមានចំណងជើងថា «ការគាំទ្រកិច្ចពិភាក្សាសង្គមស៊ីវិលៈ ប្រតិកម្មក្រោយពីកិច្ចប្រជុំជាមួយក្រុមមន្ត្រីបរទេសអាស៊ី» កាលពីថ្ងៃសៅរ៍ថា៖ «ក្រុមមន្ត្រីអាស៊ាន បានពិភាក្សាអំពីការឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ ដូចជាព្យុះស៊ីក្លូន និងរញ្ជួយដីជាដើម។ ប៉ុន្តែហេតុអ្វីបានជាពួកគេមិនអើពើចំពោះគ្រោះមហន្តរាយសិទ្ធិមនុស្ស ដែលកំពុងកើតឡើងជារៀងរាល់ថ្ងៃ នៅក្នុងការគ្រប់គ្រងរបស់រដ្ឋាភិបាលនៅក្នុងតំបន់ទៅវិញ?»។
ព្រឹត្តិការណ៍នោះ បានធ្វើឡើង ក្រោយពីក្រុមសង្គមស៊ីវិលបានជួបជាមួយក្រុមមន្ត្រីបរទេសអាស៊ាន ជាលើកដំបូងក្នុងរយៈពេល ៥ ឆ្នាំម្តង។
លោក រ៉ូប៊ឺតសុន បានពន្យល់អំពីការបញ្ជាក់របស់លោក ជាមួយវិបត្តិរ៉ូហ៊ីងយ៉ាបានអូសបន្លាយពេលជាយូរ ដែលជាប់ពាក់ព័ន្ធទៅនឹងការធ្វើទុក្ខបុកម្នេញ ទៅលើមនុស្សរាប់ម៉ឺននាក់ និងការដុតភូមិអស់រាប់រយកន្លែង ដែលបានបង្ខំឲ្យជនរ៉ូហ៊ីងយ៉ាជាង ៧៤ ម៉ឺននាក់ បានរត់ចេញពីរដ្ឋរ៉ាក់ឃីន នៃប្រទេស មីយ៉ាន់ម៉ា ទៅកាន់ប្រទេស បង់ក្លាដែស។
លោកបានថ្លែងថា៖ «នេះ គឺជាគ្រោះមហន្តរាយសិទ្ធិមនុស្សមួយ នៅពេលជនរ៉ូហ៊ីងយ៉ានៅតែស្ថិតនៅក្នុងជំរំជនភៀសខ្លួន នៅក្នុងស្ថានការណ៍មួយដូចការបំបែកពូជសាសន៍នោះ។ វាជាគ្រោះមហន្តរាយនៅពេលទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា គឺលោកស្រី អ៊ុង- សាន ស៊ូជី និងរដ្ឋាភិបាលស៊ីវិលបានធ្វើការក្រៅម៉ោង ដើម្បីបិទបាំងការពិតនិងរារាំងកិច្ចខំប្រឹងប្រែង ដើម្បីអនុញ្ញាតឲ្យធ្វើមាតុភូមិនិវត្តន៍ជនរ៉ូហ៊ីងយ៉ា ទៅមីយ៉ាន់ម៉ាវិញ ដោយភាពជាពលរដ្ឋ និងការការពារសុវត្តិភាព និងសេចក្តីថ្លៃថ្នូររបស់ពួកគេ»។
លោកបានថ្លែងថា គ្រោះមហន្តរាយសិទ្ធិមនុស្សនៅប្រទេសផ្សេងទៀត នៅក្នុងនោះមានសង្គ្រាមគ្រឿងញៀននៅហ្វីលីពីន ការធ្វើទណ្ឌកម្មទៅលើក្រុមមនុស្សស្រលាញ់ភេទដូចគ្នានៅប៊្រុយណេ និងការបាត់ខ្លួនដោយបង្ខំនៅប្រទេស ឡាវ ជាដើម៕ BKP/SK