ក្រុង​ហ្សា​ការ​តាៈ ក្រុម​សាច់ញាតិ​របស់​ជនរងគ្រោះ​ធ្លាក់​យន្តហោះ​រាប់រយ​នាក់​កាល​ពី​ថ្ងៃ​អង្គារ បាន​គោរព​វិញ្ញាណ​ក្ខន្ធ នៅ​កន្លែង​ដែល​យន្តហោះ​របស់​ក្រុមហ៊ុន LionAir បាន​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ ខណៈ​មាន​ការ​បង្ហាញ​ឲ្យ​ឃើញ​នាឡិកា​ល្បឿន​ហោះហើរ​មិន​ដំណើរការ បាន​នាំ​ឲ្យ​មាន​ចម្ងល់​ជុំវិញ​មូល​ហេតុ​នៃ​គ្រោះ​ថ្នាក់​នោះ។

ក្រុម​អ្នក​កាន់ទុក្ខ ដែលមាន​ទឹកភ្នែក​រលី​ងរ​លោង​ជិះ​លើ​នាវា ២ គ្រឿង​របស់​កងទ័ព​ជើង-ទឹក​ឥណ្ឌូនេស៊ី បាន​ដាក់​កម្រង​ផ្កា និង​បោះ​ផ្កា​ផ្សេង​ចូល​ទៅ​ក្នុង​សមុទ្រ​ជ្វា​ជាទី​ដែល​យន្តហោះ​ថ្មី​នោះ បាន​ធ្លាក់​កាល​ពី​សប្តាហ៍​មុន ដោយ​បាន​បណ្តាល​ឲ្យ​មនុស្ស ១៨៩ នាក់​ស្លាប់។

ប៉ូលិស បាន​និយាយថា ក្រុម​អ្នករុករក បាន​យក​ថង់​ដាក់​សាកសព​ចំនួន ១៦៤ នាក់​ដែល​ត្រូវ​បាន​រក​ឃើញ ក្រោយ​ពី​យន្តហោះ​ធ្លាក់ ប៉ុន្តែ​រហូត​ដល់​ពេល​នេះ ជន​រង​គ្រោះ ២៧ នាក់ ត្រូវ​បាន​រក​ឃើញ​អត្តសញ្ញាណ។

យន្តហោះ Boeing737 Max 8 គឺជា​យន្តហោះ​មួយ​នៅក្នុង​ចំណោម​យន្តហោះ​ថ្មី​បំផុត​នៅ​លើ​ពិភពលោក ហើយ​ជា​យន្តហោះ​ដឹក​អ្នក​ដំណើរ​ដ៏​ទំនើប​បំផុត ដែល​បាន​ធ្លាក់​កាល​ពី​ថ្ងៃ​ទី ២៩ ខែ​តុលា ក្រោយ​ពី​ហោះ​ឡើង បាន​រយៈ ១២ នាទី ពី​ក្រុង​ហ្សាការតា​ទៅ​កាន់​ក្រុង Pangkal Pinang នៅ​លើ​កោះ​ស៊ូម៉ាត្រា។ យន្តហោះ JT610 បាន​ហោះ​ឡើង ហើយ​ភ្លាមៗ​នោះ បាន បាត់​ពី​ប្រព័ន្ធ​រ៉ាដា​តែ​ម្តង។

ក្រុម​អ្នក​មុជទឹក បាន​រកឃើញ​ប្រអប់​ខ្មៅ​កត់ត្រា​ទិន្នន័យ​ហោះហើរ ប៉ុន្តែ​នៅតាម​ស្វែងរក​ប្រអប់​ខ្មៅ​កត់ត្រា​សំឡេង​កន្លែង​ពីឡុត៕