ក្រុង​បេរូតៈ ​ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​ថ្លែង​ថា​អ៊ីស្រាអែល​ បាន​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​ស៊ី​រីភាគ​ខាង​ត្បូង​ជា​ច្រើន​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ ដោយ​ជំរុញ​ឲ្យ​ប្រព័ន្ធ​​ការពារ​ដែន​​អាកាស​​​​​ឆ្លើយ​តប​ ​២ យប់​ជាប់​គ្នា​។​

លោក ​Rami ​Abdel Rahman ​ប្រមុខ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ស៊ីរី​មាន​មូលដ្ឋាន​នៅ​អង់គ្លេស ​បាន​ថ្លែង​ថា​៖ «យន្តហោះ​ចម្បាំង​អ៊ីស្រាអែល ​បាន​បាញ់​​មីស៊ីល​យ៉ាង​តិច ​៣ ​គ្រាប់ ​ចេញ​ពី​តំបន់​ Golan Heights»​។​

លោក ​Rami ​Abdel Rahman ​បាន​ប្រាប់​ AFP ​ថា ​ការ​វាយ​ប្រហារ ​២ ​លើក​ ដោយ​យក​កង​កម្លាំង​ស៊ីរី​ ដែល​បាន​គ្រប់គ្រង​ខេត្ត​ Quneitra ​របស់​ប្រទេស​នេះ​ ជា​គោលដៅ​ចំណែក​មីស៊ីល​គ្រាប់​ទី​៣​ ត្រូវ​បាន​បំផ្លាញ​ដោយ​ប្រព័ន្ធ​ការពារ​ដែន​​អាកាស​របស់​ប្រទេស ស៊ីរី​។​

ទីភ្នាក់ងារ​សារព័ត៌​មាន​សាណា​របស់​ស៊ីរី​ បាន​រាយ​ការណ៍​ថា៖ «​​មីស៊ីល​​ ដែល​ត្រូវ​បាន​បាញ់​ចេញ​​ពី​ដែន​ដី​​កាន់​កាប់​ដោយ​អ៊ីស្រាអែល​ត្រូវ​បាន​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ស៊ីរី​ចាប់​បាន​»។ ​

យោធា​អ៊ីស្រាអែល​ មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អំពី​​របាយការណ៍ ​ដែល​បាន​វាយ​ប្រហារ​ជា​ច្រើន​លើក​នៅ​ពេល​ ត្រូវ​បាន​ចោទ​​​សួរ​ដោយ​កាសែត​ AFP ​នោះ​ទេ​។​

សារព័ត៌មាន​សាណា​ បាន​រាយការណ៍​ឲ្យ​ដឹង​ថា ​ការ​វាយ​ប្រហារ​ទាំង​នោះ​ បាន​កើត​ឡើង​មួយ​ថ្ងៃ​ ក្រោយ​ពី​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ស៊ីរី​ បាន​បាញ់​ទម្លាក់​មីស៊ីល​ជា​ច្រើន​គ្រាប់​ចេញ​ពី​ទឹក​ដី​អ៊ីស្រាអែល​។​

«គោលដៅ​សត្រូវ​ជា​ច្រើន​កន្លែង​» ​ត្រូវ​បាន​វាយ​ប្រហារ​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​នៅ​ខេត្ត​ Quneitra​ ដែល​នៅ​ក្បែរ​តំបន់​ Golan ​Heights​ ជា​ផ្នែក​ដែល​ត្រូវ​បាន​បញ្ចូល​ជា​ឧបសម្ព័ន្ធ​របស់​​អ៊ីស្រាអែល​នោះ​។​

ការ​ប្រយុទ្ធ​គ្នា​រាប់​រយ​លើក​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អ៊ីស្រាអែល​នៅ​ប្រទេស ​ស៊ីរី​ ពួក​គេ​ភាគ​ច្រើន​​ធ្វើ​ឡើង ​ដើម្បី​ប្រឆាំង​ទៅ​នឹង​អ្វី​ ដែល​ខ្លួន​និយាយ​ថា​យក​ក្រុម​អ៊ីរ៉ង់​ និង​ក្រុម​អ៊ិស្លាម​និយម​​ហេបូឡាហ៍ ជា​គោលដៅ​នោះ​។​

អ៊ីស្រាអែល​ បាន​ថ្លែង​ថា ​ខ្លួន​បាន​ប្តេជ្ញា​ចិត្ត ​ដើម្បី​ទប់​ស្កាត់​គូ​សត្រូវ​អ៊ីរ៉ង់​របស់​ខ្លួន​ មិន​ឲ្យ​បង្កើត​យោធា​នៅ​ក្នុង​ប្រទេស ​ស៊ីរី​ ជា​ទី​ដែល​ក្រុង​តេអេរ៉ង់​គាំទ្រ​ លោក ​បាសារ​ អាល់-​អាសាដ ​នៅ​ក្នុង​សង្គ្រាម​អស់​រយៈ​ពេល ​៨ ​ឆ្នាំ​ របស់​ប្រទេស​មួយ​នេះ​ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ប្រហែល​ ៤០ ម៊ឺន​នាក់​ស្លាប់៕ AFP/SK