ក្រុងប៉ារីសៈ ក្រុមអ្នកតវ៉ា​ប្រឆាំង​រដ្ឋាភិបាល «អាវកាក់​ពណ៌​លឿង នៅ​ក្នុង​ប្រទេស​បារាំង​កាល​ពី​ថ្ងៃ​អង្គារ បាន​ប្តេជ្ញា​បង្កើន​ការ​តវ៉ា​របស់​ពួកគេ​មួយ​ថ្ងៃ​ក្រោយ​ពី​មាន​សម្បទាន​ថ្មី​ពី​លោក​ប្រធានា​ធិបតី​បារាំង​អេម៉ានុយ​អែល ម៉ាក្រុង ដែល​គ្រោង​ចំណាយ​ប្រមាណ ១២,៥ ពាន់​លាន​ដុល្លារ សម្រាប់​ប្រទេស​នេះ។

លោក​ម៉ា​ក្រុង បានប្រកាស​វិធានការ​ជាច្រើន​កាលពី​រាត្រី​ថ្ងៃ​ចន្ទ នៅពេល​ថ្លែង​ទៅ​កាន់​ប្រជាជាតិ នៅ​ក្នុង​នោះ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​អតិបរមា​និង​កាត់​បន្ថយពន្ធ​សម្រាប់​ក្រុម​អ្នក​ចូល​និវត្តន៍ និង​ការងារ​ថែម​ម៉ោង។

មេដឹកនាំ​កណ្តាល​និយម​វ័យ ៤០ ឆ្នាំ ដែល​កំពុង​ប្រឈម​នឹង​វិបត្តិ​ច្រើន​ក្នុង​ការ​កាន់​តំណែង​ប្រធានា​ធិបតី​របស់​លោក​សង្ឃឹម​ថា អ្វី​ដែល​លោក​ផ្តល់​ឲ្យ​នេះ​នឹង​បំពេញ​ចិត្ត​គ្រួសារ​មាន​ចំណូល​ទាប​នៅ​ក្នុង​តំបន់​ប្រជុំជន និង​ជន​បទ​ដែល​បាន​ឡើង​ទៅ​តាម​ដង​ផ្លូវ​នានា ដើម្បី​បញ្ចេញ​កំហឹង​របស់​ពួកគេ កាល​ពី ៣ សប្តាហ៍​មុន។

ក្រុម​អ្នកត​វ៉ា​អា​​វ​កាក់ពណ៌លឿ​ង​ជួបជុំ​គ្នា​​​​បិទផ្លូវ​ទៅ​​កន្លែ​ង​ស្តុកប្រេង​​​។ AFP

ការស្ទង់មតិ ដែល​ត្រូវបាន​ធ្វើឡើងភ្លាមៗ ក្រោយពី​សុន្ទរកថា​រយៈពេល ១៣ នាទី ដែល​ត្រូវ​បាន​ប្រជាជន ២៣ នាក់​មើល​នោះ បាន​បង្ហាញ​ថា ការ​គាំទ្រ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ចំពោះ​ចលនា​អាវកាក់​ពណ៌​លឿង​នោះ ប៉ុន្តែ​ប្រហែល​ពាក់​កណ្តាល​នៃ​ប្រជាជន​បារាំង​ចង់​ឲ្យ​ពួកគេ​បន្ត​ការ​តវ៉ា​នោះ។

Arnaud Ansermier ជា​កម្មករសំណង់​ម្នាក់ បាន​និយាយ​ថា៖ «ខ្ញុំ​ពិតជា​សប្បាយ​ចិត្ត​នឹង​អ្វី​ដែល​យើង​សម្រេច​បាន ក្រោយ​ពី​លោក​បាន​បង្ខំ​ចិត្ត​លាក់​ខ្លួន​អស់​រយៈពេល ៣ ថ្ងៃ​នោះ»។

លោក​បាន​និយាយទៀតថា ៖ «យើង​គ្រាន់តែ​បាន​រុញ​ឲ្យ​ទ្វារ​បើកចំហ​នោះ​វា​មិន​ទាន់​គ្រប់​គ្រាន់​ទេ»។

ក្រសួងមហាផ្ទៃ និយាយថា​មនុស្ស ១៣៦ ពាន់​នាក់ ចូលរួម​ការ​តវ៉ា​នោះ៕