ស្រុកមែសៃៈ ក្រុម​អ្នក​ជួយសង្គ្រោះ​ថៃ បាន​ប្តេជ្ញា​ជម្លៀស​ក្មេងប្រុស ១២ នាក់ និង​គ្រូបង្វឹក​បាល់ទាត់​របស់​ពួកគេ​ចេញ​ពី​រូង​ភ្នំ​ដែល​លិច​ទឹកជំនន់​នោះ​ដោយ​មិន​ឲ្យ​មាន​គ្រោះ​ថ្នាក់ ខណៈ​វីដេអូ​ថ្មី​បាន​ចេញ​កាល​ពី​ថ្ងៃ​ពុធ ដោយ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ពួកគេ​មាន​សុខភាព​ល្អ និង​ស្មារតី​រឹងមាំ បន្ទាប់​ពីរុក​រក​ពួក​គេ​យ៉ាង​វក់វី​រយៈពេល ៩ ថ្ងៃ ក្រោយ​ការ​បាត់​ខ្លួន។

ការជម្លៀស​ក្មេង​ទាំងអស់នោះ ចេញពី​បរិវេណ​រូងភ្នំ​ដែល​លិច​នៅឡើយ​នោះ​ត្រូវបាន​រំពឹងទុក​ថា ដំណើរការ​អូស​បន្លាយ​ពេលវេលា​យូរ ដោយ​មាន​ឧបសគ្គ​ច្រើន​សម្រាប់​ក្រុម​ដែល​មិន​មែន​ជា​អ្នក​មុជ​ទឹក​និង​អ្នក​ខ្លះ​ក្នុង​ចំណោម​ពួកគេ​ត្រូវ​បាន​គេ​ជឿ​ថា មិន​ចេះ​ហែល​ទឹក។

ដោយ​ប្រទេសមួយ​កំពុង​ផ្តោត​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង​ទៅលើ​បេសកកម្ម​ជួយសង្គ្រោះ​នោះ ក្រុម​អាជ្ញាធរ​បាន​បញ្ជាក់​ថា ពួកគេ​នឹង​នាំយក​ក្មេង​ទាំង​អស់​ចេញ​ពី​រូងភ្នំ នៅ​ពេល​ណា​សុវត្ថិភាព​របស់​ពួកគេ​ត្រូវ​ធានា​ថ្វី​បើ​ភ្លៀង​រដូវ​វស្សា ត្រូវ​បាន​ព្យាករ​ថា​នឹង​បន្ត​ធ្លាក់ នៅ​ពេល​ឆាប់ៗ​នេះ​ក្តី។

លោក Narongsak Osottanakorn អភិបាលខេត្ត​ឈៀង​រ៉ៃ បាន​ថ្លែងប្រាប់​ក្រុម អ្នកកាសែត​កាលពី​ថ្ងៃ​ពុធ​ថា៖ «យើង​មាន​ទំនុក​ចិត្ត​មួយរយ​ភាគរយ​ថា​គ្មាន​គ្រោះ​ថ្នាក់​ចំពោះ​ក្មេងៗ​ទាំង​នោះ​ទេ នៅ​មុន​យើង​ជម្លៀស​ពួកគេ»។

លោក Narongsak បាន​ថ្លែង​ទៀតថា៖ «យើង​នឹង​យកចិត្ត​ទុកដាក់​ថែទាំ​ពួកគេ​ដូចជា​កូន​របស់​យើង​ដែរ»៕