ក្រុង​យ៉ូកូហាម៉ា៖ ​អ្នក​ដំណើរ​ជា​ច្រើន​​នាក់​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ បាន​ចាប់​ផ្តើម​ចាកចេញ​ពី​នាវា​កម្សាន្ត​ដែល​បាន​ញាំញី​ដោយ​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី​មួយ​ នៅ​ក្នុង​ប្រទេស ​ជប៉ុន ​កាល​ពី​ថ្ងៃ​ពុធ​ ក្រោយ​ពី​ការ​ធ្វើ​តេស្ត​បាន​រក​ឃើញ​ថា​ មិន​មាន​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​នោះ​ទេ​ ដែល​បច្ចុប្បន្ន​បាន​​បណ្តាល​​ឲ្យ​មនុស្ស​ជាង ​២ ០០០ ​នាក់​ស្លាប់​នៅ​ក្នុង​ប្រទេស ​ចិន​។​

នាវា​កម្សាន្ត​ Diamond Princess ​បាន​បង្ហាញ​អំពី​ការ​​ឆ្លង​រីក​រាលដាល​មេរោគ​ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មី​ ដោយ​មាន​ករណី​ការ​ឆ្លង​មេរោគ​យ៉ាង​តិច ​៥៤២ ​នាក់​ ហើយ​ប្រទេស ​ជប៉ុន ​បាន​ប្រឈម​នឹង​ការ​រិះគន់​យ៉ាង​ខ្លាំង ​ជុំវិញ​ការ​រៀបចំ​ដាក់​មនុស្ស​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​របស់​ខ្លួន​ថា ​ជា​ការ​បំបែក​ក្រុម​អ្នក​ដំណើរ​ឲ្យ​នៅ​ឆ្ងាយ​ពី​គ្នា​។​

អ្នក​ដំណើរ​ជនជាតិ​ជប៉ុន​ម្នាក់​មាន​វ័យ ​៧៧ ​ឆ្នាំ​ ដែល​បាន​​សុំ​មិន​បញ្ចេញ​ឈ្មោះ​របស់​គាត់ ​បាន​និយាយ​ថា​៖ «ខ្ញុំ​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ ហើយ​ខ្ញុំ​ត្រូវ​ការ​ឈប់​សម្រាក​ឲ្យ​បាន​ស្រួល​ខ្លួន​​»​។ ​លោក​បាន​និយាយ​ថា​ លោក​បាន​និង​កំពុង​ជិះ​រថភ្លើង​ទំនើប​ដ៏​ល្បីល្បាញ​របស់​ជប៉ុន ​ទៅ​ផ្ទះ​របស់​លោក​វិញ​។​

រថយន្ត​ក្រុង​ពណ៌​លឿង​ជា​ច្រើន​គ្រឿង​ រួម​ជាមួយ​រថយន្ត​តាក់ស៊ី​មួយ​ចំនួន​ផ្សេង​ទៀត​ ត្រូវ​បាន​តម្រង់​ជួរ​គ្នា​ ដើម្បី​ដឹក​អ្នក​ដំណើរ​មក​ពី​ជុំវិញ​ពិភព​លោក​ ពួក​គេ​​បាន​អូស​វ៉ាលីស​រៀងៗ​ខ្លួន​ឡើង​ជិះ​រថយន្ត​។​

អ្នក​ដំណើរ​ម្នាក់ ​(​ស្តាំ)​ ចាកចេញ​ដោយ​ធ្វើ​ដំណើរ​ថ្មើរ​ជើង​ ក្រោយ​ពី​ចុះ​​ពី​​នាវាកម្សាន្ត​​ ១ ​​គ្រឿង ​​(ខាងក្រោយ​) នៅ​​ទី​ក្រុង​​​យូ​៉កូ​ហាម៉ា ប្រទេស​ ជប៉ុន​។ AFP

ក្រុម​អ្នក​ដំណើរ​មួយ​ចំនួន​បាន​បក់​ដៃ​លា​គ្នា​ ខណៈ​ពួក​​គេ​បាន​ចាកចេញ​ពី​ក្រុម​អ្នក​ដែល​នៅ​លើ​នាវា​កម្សាន្ត​នោះ​ មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​ពួក​គេ​ដែល​នៅ​លើ​នាវា​អាច​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ កំពុង​បោយដៃ​ត្រឡប់​ទៅ​វិញ​ ចេញ​ពី​យ៉​មុខ​របស់​នាវា​នោះ​។​

នាវា Diamond Princess គឺ​ជា​នាវា​ធំ​ជាង​គេ​បំផុត​នៅ​ខាង​ក្រៅ​ប្រទេស ​ចិន​ ជា​ទី​ដែល​តួ​លេខ​ថ្មី​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​​ ចំនួន​អ្នក​ស្លាប់​កើន​ឡើង​ជាង ​២ ០០០ ​នាក់​ ដោយ​អ្នក​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​នេះ​ មាន​ជាង ​៧៤ ០០០ ​នាក់​ ហើយ​មាន​​រាប់​រយ​ករណី​បន្ថែម​ទៀត​ ត្រូវ​បាន​គេ​រាយ​ការណ៍​នៅ​ក្នុង​​ប្រទេស​ចំនួន ​២៤​​។​

ប្រទេស ​កូរ៉េ​ខាង​ត្បូង​ បាន​រាយ​ការណ៍​ថា​ ​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ​១៥ ​នាក់​បន្ថែម​ទៀត​ ដោយ​ចំនួន​សរុប​របស់​ខ្លួន​មាន​ការ​កើន​ឡើង​ជិត ​៥០ ​ភាគរយ​ នៅ​ក្នុង​នោះ​មាន​​មនុស្ស​យ៉ាង​តិច ​១១ ​នាក់ ​នៅ​ទីក្រុង​​ដែហ្គូ​ភាគខាង​ត្បូង​។​

ចំពោះ​​អ្នក​ដំណើរ​ ​៥០០ ​នាក់​ ដែល​​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចុះ​ពី​នាវា​ ក្រោយ​ពី​ធ្វើ​តេស្ត​​រក​ឃើញ​ថា​ អវិជ្ជមាន​រយៈពេល​ដាក់​ឲ្យ​​នៅ​ដាច់​ដោយ​ឡែក​ ​១៤ ​ថ្ងៃ ​​​យ៉ាង​លំបាក​នោះ​បាន​ចប់​ ​ក្រោយ​ពី​​ដំណើរ​កម្សាន្ត​ជួប​ការ​​ភ័យ​​រន្ធត់៕ AFP/SK​