ក្រុងខារទុំៈ ​ក្រុម​អ្នក​ដំណើរ​រាប់រយ​នាក់​បន្ត​ជាប់​គាំង​នៅ​ក្នុង​រដ្ឋធានី​ស៊ូដង់​កាល​ពី​ថ្ងៃ​ពុធ​ ខណៈ​បុគ្គលិក​ចំណត​រថយន្ត​ក្រុង​ បាន​ឈប់​ធ្វើ​ការ​នៅ​ថ្ងៃ​ទី ​២ ដើម្បី​គាំទ្រ​ក្រុម​អ្នក​តវ៉ា​ដែល​ទាមទារ​ឲ្យ​ក្រុម​ឧត្តមសេនីយ៍ ​កំពុង​កាន់​អំណាច​ចុះ​ចេញ​ពី​តំណែង​។​

ក្នុង​កិច្ច​​ប្រឹងប្រែង​បង្កើន​ការ​ដាក់​សម្ពាធ​ទៅ​លើ​ក្រុមប្រឹក្សា​យោធា​ ដែល​កំពុង​​កាន់​អំណាច​ ក្រោយ​ពី​​ទម្លាក់​លោក​ប្រធានាធិបតី ​អូមារ-​អាល់-បាសៀរ ​សម្ព័ន្ធមិត្ត ​ដើម្បី​សេរីភាព​ និង​ចលនា​តវ៉ា​ការ​ផ្លាស់ប្តូរ​ បាន​អំពាវនាវ​ឲ្យ​មាន​ការ​ចាប់​ផ្តើម​ធ្វើ​កូដកម្ម​ជា​ទូទៅ​រយៈពេល ​២ ​ថ្ងៃ ដែល​បាន​ចាប់​ផ្តើម​​កាល​ពី​ថ្ងៃ​អង្គារ​​។​

មន្ត្រី​បុគ្គលិក​រដ្ឋាភិបាល​រាប់​ពាន់​នាក់ ​ដូច​ជា​វិស័យ​ឯកជន​ ធនាគារ​ ក្រុមហ៊ុន​ និង​កំពង់ផែ​ស៊ូដង់​ បាន​ធ្វើ​កូដកម្ម​កាល​ពី​ថ្ងៃ​អង្គារ​ ដោយ​ទទូច​ថា​ មាន​តែ​អំណាច​ស៊ីវិល​ទេ ​អាច​ជួយ​ឲ្យ​ប្រទេស ​ស៊ូដង់ ​រួច​ផុត​ពី​វិបត្តិ​នយោបាយ​របស់​ខ្លួន​បាន​។​

កាល​ពី​ថ្ងៃ​ពុធ​ ​ព្រលាន​យន្តហោះ​ទីក្រុង​បាន​ចាប់​ផ្តើម​ឲ្យ​ដំណើរការ​ជា​ធម្មតា​ឡើង​វិញ ​ក្រោយ​ពី​មាន​ចំនួន​បុគ្គលិក​ជា​ច្រើន​ បាន​ឈប់​ធ្វើ​ការ​កាល​ពី​ថ្ងៃ​អង្គារ​នោះ ​ប៉ុន្តែ​ជើង​ហោះហើរ​មួយ​ចំនួន​របស់​ប្រទេស ​ស៊ូដង់ ​ដូច​ជា ​ជើង​ហោះហើរ Badr Tarco ​និង​ Nova ​បាន​បន្ត​ពន្យារពេល​។​

លោក Mohamed Hamadan Dagolo អនុ​ប្រធាន​ក្រុម​ប្រឹក្សា​យោធា​ ធ្វើ​សន្និសីទ​កាសែត។ AFP

នៅ​កន្លែង​ចំណត​រថយន្ត​សំខាន់ៗ​​ ក្រុម​អ្នក​ដំណើរ​ដែល​ជាប់​តែលតោល​​ កំពុង​ស្វែងរក​ការ​ដឹក​ជញ្ជូន​ឯកជន​ ​ដើម្បី​​ទៅ​ដល់​គោលដៅ​របស់​ពួក​គេ​ ខណៈ​បុគ្គលិក​ក្រុមហ៊ុន​រថយន្ត​ក្រុង​នៅ​បន្ត​ធ្វើ​កូដកម្ម​នោះ​។​

លោក ​ម៉ូហាម៉េដ​ អាល់-​អាមីន ​ដែល​កំពុង​ព្យាយាម​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ​កាស់សាឡា​បាន​ថ្លែង​ថា​៖ «​នេះ​គឺ​ជា​ថ្ងៃ​ទី ​២ ​ហើយ​ដែល​ខ្ញុំ​បាន​មក​ចំណត​រថយន្ត​ក្រុង​ជាមួយ​គ្រួសារ​របស់​ខ្ញុំ​ ហើយ​ខ្ញុំ​នៅ​តែ​មិន​អាច​ធ្វើ​ដំណើរ​បាន​ដដែល​»​។​

«​បច្ចុប្បន្ន​នេះ​​ ខ្ញុំ​កំពុង​ព្យាយាម​ជួល​រថយន្ត​ឯកជន​ជាមួយ​ក្រុម​អ្នក​ដំណើរ​​។

កាសែត​ខ្លះ ​មិន​អាច​បោះ​ពុម្ពផ្សាយ​កាសែត​របស់​ពួក​គេ​បាន​នោះ​ទេ​ ដោយសារ​តែ​​​បុគ្គលិក​ផ្នែក​បោះពុម្ព​របស់​ពួក​គេ​ទៅ​ចូលរួម​ធ្វើ​កូដកម្ម​​។​

ម្ចាស់​កាសែត​ Al-Mjher ​គឺ​លោក​ Al-Hindi Ezzeddine ​បាន​ថ្លែង​នៅ​ក្នុង​គេហទំព័រ​ធ្វីធើរ​ថា​៖ «​កាសែត​របស់​ខ្ញុំ​ រង​ការ​ប៉ះពាល់​ដោយសារ​​ក្រុម​​អ្នក​បច្ចេកទេស​​ផ្នែក​បោះ​ពុម្ព​មិន​មក​ធ្វើ​ការ​​​»​។​

នៅ​មុន​ធ្វើ​កូដកម្ម ​២ ​ថ្ងៃ​ ក្រុម​មេ​ដឹកនាំ​តវ៉ា ​បាន​ថ្លែង​ថា ​ក្រុម​គ្រូពេទ្យ​ មេធាវី​ តុលាការ​និង​បុគ្គលិក​ក្រុមហ៊ុន​អគ្គិសនី​ ធនធាន​ទឹក​ ក្រុមហ៊ុន​ដឹក​ជញ្ជូន​សាធារណៈ​ ទូរគមនាគមន៍​ ​វិស័យ​អាកាសចរណ៍​ស៊ីវិល ​ធ្វើ​កូដកម្ម​ដែរ៕ AFP/SK