ក្រុង​ហុង​កុងៈ ​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​​រដ្ឋាភិបាល​ ​នៅ​តែ​គ្រប់គ្រង​ផ្លូវ​សំខាន់ៗ​នៅ​ក្នុង​ក្រុង​ហុងកុង​កាល​ពី​ថ្ងៃ​ចន្ទ ​មួយ​ថ្ងៃ​ក្រោយ​ពី​ក្រុម​អ្នក​រៀបចំ​បាន​និយាយ​ថា ​មនុស្ស ​២ ​លាន​នាក់ ​បាន​សម្រុក​​ឡើង​ទៅ​តាម​ដង​ផ្លូវ​ ដើម្បី​តវ៉ា​ជា​ប្រវត្តិសាស្ត្រ​ប្រឆាំង​មេ​ដឹកនាំ​​ក្រុង​ ដែល ​គាំទ្រ​ដោយ​ក្រុង​ប៉េកាំង។ ​

ហ្វូង​មនុស្ស​ជា​ច្រើន​បាន​ហែ​ក្បួន​ជា​ច្រើន​ម៉ោង​ នៅ​ក្រោម​កម្តៅ​ថ្ងៃ​កាល​ពី​ថ្ងៃ​អាទិត្យ ​ដោយ​បាន​អំពាវនាវ​ឲ្យ​លោកស្រី​ប្រមុខ​ប្រតិបត្តិ ​Carrie Lam ​ដែល​បាន​បង្ខំ​ចិត្ត​​ពន្យារពេល​ច្បាប់​ដែល​នឹង​អនុញ្ញាត​ឲ្យ​ធ្វើ​បត្យាប័ន​ទៅ​ចិន​ដី​គោក​ ចុះ​ចេញ​ពី​តំណែង។

ក្រុម​អ្នក​រិះគន់​ព្រួយ​បារម្ភ​ថា ​ច្បាប់​គាំទ្រ​ដោយ​ក្រុង​ប៉េកាំង​នោះ ​នឹង​ធ្វើ​ឲ្យ​ប្រជាជន​ជួប​បញ្ហា​ស្មុគស្មាញ ​និង​តុលាការ​នានា​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ​ និង​ធ្វើ​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ​របស់​ក្រុង​នេះ ​ជា​មជ្ឈមណ្ឌល​​ពាណិជ្ជកម្ម​ដ៏​មាន​សុវត្ថិភាព។ ​​

ប៉ូលិស​ មក​ដល់​​ដើម្បី​ចរចា​ជាមួយ​ក្រុម​តវ៉ា​​ក្នុង​គោល​បំណង​សម្អាត​ផ្លូវ​​នៅ​ក្នុង​ក្រុង​ហុងកុង​កាល​ពី​ព្រឹក​ថ្ងៃទី ១៧ ខែ ​មិថុនា ឆ្នាំ ​២០១៩។ AFP

អ្នក​តវ៉ា​ស្លៀកពាក់​ពណ៌​ខ្មៅ​ជា​ច្រើន​ក្រុម​ បាន​ដើរ​រាប់​គីឡូម៉ែត្រ​ឆ្លង​កាត់​ផ្លូវ​ជា​ច្រើន​ទៅ​កាន់​សភា​នៅ​ក្នុង​ក្រុង​ហុងកុង​ដោយ​ក្រុម​អ្នក​រៀបចំ​បាន​ប៉ាន់​ប្រមាណ​ថា​ ចំនួន​​អ្នក​ចូលរួម​ការ​ជួបជុំ​នៅ​ក្នុង​​ក្រុង ​ដែល​មាន​​​ប្រជាជន ​៧,៣ ​លាន​នាក់ ​កើន​ឡើង​ទ្វេ​ដង។​

ការ​ប៉ាន់​ប្រមាណ​នោះ ​មិន​ត្រូវ​បាន​ផ្ទៀង​ផ្ទាត់​ដោយ​ឯករាជ្យ​ ប៉ុន្តែ​ត្រូវ​បាន​បញ្ជាក់​ថា​ជា​បាតុកម្ម​ធំ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុង​ហុងកុង​។

ប៉ូលិស ​ដែល​បាន​ធ្វើ​ការ​​ប៉ាន់​ប្រមាណ​ចំនួន​ទាប​ជាង​នេះ​ចំពោះ​ការ​តវ៉ា​នយោបាយ ​បាន​និយាយ​ថា ​៣៣ ​៨០០០ ​នាក់​ បាន​ចេញ​មក​ធ្វើ​បាតុកម្ម​កាល​ពី​ថ្ងៃ​អាទិត្យ។

រហូត​មក​ទល់​ព្រឹក​ថ្ងៃ​ចន្ទ ​ហ្វូង​មនុស្ស​ បាន​ថយ​ចុះ​មក​ត្រឹម​ប៉ុន្មាន​រយ​នាក់​ទេ ភាគ​ច្រើន​អ្នក​តវ៉ា​ក្មេងៗ​ ​បាន​កាន់​កាប់​ផ្លូវ​ហាយវ៉េ​មួយ​នៅ​ខាង​ក្រៅ​សភា និង​ផ្លូវ​ខ្លះ​ទៀត​នៅ​ក្បែរ​នោះ​៕ AFP/PSA