ក្រុងប៉ារីសៈ ក្រុម​អ្នកតវ៉ា​បារាំង «អាវកាក់​ពណ៌​លឿង» បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​ប្រឆាំង​កុបកម្ម​នៅ​ក្នុង​ការ​តវ៉ា​ជុំ​ថ្មី​ប្រឆាំង​នឹង​ប្រធានា​ធិបតី​អេម៉ានុយអែល ម៉ាក្រុង ប៉ុន្តែ​ក្រុង​នេះ​ទំនង​ជា​គេច​ផុត​ពី​ការ​បំផ្លាញ​ទ្រង់​ទ្រាយ​ធំ​រយៈពេល ១ សប្តាហ៍ ដោយសារ​មាន​ការ​រឹត​បន្តឹង​ផ្នែក​សន្តិសុខ​យ៉ាង​តឹងរ៊ឹង​បំផុត។

ក្រុមអ្នកតវ៉ា បាន​ដុតបំផ្លាញ រថយន្ត​ជាច្រើន​គ្រឿង ដុត​របាំង​ផ្លូវ និង​វាយកម្ទេច​បង្អួច​អគារ​នៅ​ក្នុង​អំពើ​ហិង្សា​នៅ​ទូទាំង​កណ្តាល​ក្រុង ខណៈ​រថពាស​ដែក​ជាច្រើន​គ្រឿង​ចល័ត​តាម​ដង​ផ្លូវ​នានា។

ចៅហ្វាយ​ក្រុងប៉ារីស លោក Anne Hidalgo បាន​សរសេរ​នៅលើ​គេហទំព័រ​ធ្វីធើរ​ថា៖ «ម្ចាស់​ហាង​រាប់​សិប​នាក់ បាន​ក្លាយ​ជា​ជន​រង​គ្រោះ ដោយ​សារ​ភាព​ចលាចល​នៅ​ក្នុង ក្រុង​នេះ»។

ការប៉ះទង្គិច ក៏បាន​ផ្ទុះឡើង​នៅពេល​តវ៉ា​នៅ​ក្រុង​ដទៃទៀត​ក្នុងនោះ មាន​ក្រុង​ម៉ាក​សី​យ៍ ប៊កដូ លីយ៉ុង និង​ក្រុង​ទូលូ នៅ​ក្នុង​អំឡុង​ការ​តវ៉ា​នៅ​ចុង​សប្តាហ៍​ទី ៤ នៅ​ទូទាំង​ប្រទេស​ប្រឆាំង​ការ​ចំណាយ​ខ្ពស់​សម្រាប់​ការ​រស់​នៅ និង​ប្រឆាំង​លោក​ម៉ាក្រុង។

អ្នកត​វ៉ា​អា​វកា​ក់ពណ៌លឿង​​​ ស្រា​ត​ខោបង្ហា​ញគូទ​​នៅក្នុង​អំឡុង​ការតវ៉ា​។ AFP

នៅក្នុង​ក្រុងប៉ារីស មាន​សំឡេង​ស្រែកថា «ម៉ា​ក្រុង ចុះ​ចេញពី​តំណែង លាយឡំ​ជាមួយ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ខណៈ​មនុស្ស​រាប់​ពាន់​នាក់ បាន​ជួបជុំ​គ្នា​នៅ​រុក្ខវិថី Champs-Elysees»។

ដុំ​ផ្សែង​ក្រាស់ឃ្មឹក​ហុយ​ចេញពី​ភ្លើង​ឡើងទៅ​លើ​អាកាស។ហាង​ជាច្រើន និង​ហាង​កាហ្វេ Starbucks ត្រូវ​បាន​គេ​ចូល​លួច​ទ្រព្យសម្បត្តិ។

ការផ្ទុះ​អំពើហិង្សា​នោះ ទ្រង់ទ្រាយ​តូច​ជាង​ការបំផ្លាញ និង​ការ​លួច​ទ្រព្យសម្បត្តិ​កាល​ពី ១ សប្តាហ៍​មុន នៅ​ពេល​ដែល រថយន្ត​ប្រហែល ២០០ គ្រឿង ត្រូវ​ក្រុម​អ្នក​តវ៉ា​ដុត ជា​អំពើ​កុបកម្ម​អាក្រក់​បំផុត​នៅ​ក្នុង​ក្រុង​ប៉ារីស៕