ក្រុង​ខារទុំៈ ​ក្រុម​អ្នក​តវ៉ា​ស៊ូដង់​ បាន​អំពាវនាវ​ឲ្យ​ធ្វើ​យុទ្ធនាការ ​«​បះបោរ​ស៊ីវិល​» ​នៅ​ទូទាំង​ប្រទេស​រយៈ​ពេល ​១ ថ្ងៃ​ នៅ​ថ្ងៃ​ទី ​១៤​ ខែ​ កក្កដា​ នៅ​ក្នុង​សេចក្តី​​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ​ ១ ថ្ងៃ ​ក្រោយ​ពី​ពួក​គេ​បាន​រៀបចំ​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ ​ប្រឆាំង​ក្រុម​ឧត្តមសេនីយ៍​ដែល​កំពុង​គ្រប់គ្រង​អំណាច​​ ​បាន​ធ្វើ​ឲ្យ​ប្រទេស​មួយ​នេះ មាន​ការ​រង្គោះរង្គើ​។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ទី ​១៣​ ខែ ​កក្កដា របស់​សម្ព័ន្ធមិតុ្ត​ដើម្បី​សេរីភាព ​និង​ការ​ផ្លាស់​ប្តូរ ​បាន​ថ្លែង​ថា​ វិធានការ​នោះ​មាន​គោល​បំណង​ដើម្បី​បង្កើន​ការ​ដាក់​សម្ពាធ​ទៅ​លើ​ក្រុម​ឧត្តមសេនីយ៍​ដែល​កំពុង​គ្រប់គ្រង​អំណាច​ ​ឲ្យ​ប្រគល់​អំណាច​ទៅ​ឲ្យ​ស៊ីវិល​គ្រប់គ្រង​ជំនួស​វិញ​ ហើយ​ការ​តវ៉ា​នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​ទ្រង់ទ្រាយ​ធំ​។​

យុទ្ធនាការ​បះបោរ​ស៊ីវិល​ នេះ​គឺ​ជា​ការ​ធ្វើ​កូដកម្ម​ទូទៅ​លើក​ទី២​ ​នៅ​ក្នុង​រយៈពេល​មិន​ដល់​ ​១ ខែ​ ដែល​បាន​ធ្វើ​ឡើង​ខណៈ​ក្រុម​មេ​ដឹកនាំ​តវ៉ា ​និង​ក្រុម​ឧត្តមសេនីយ៍​ដែល​កំពុង​គ្រប់គ្រង​អំណាច ​បាន​ធ្វើ​ការ​រិះគន់​គ្នា​ទៅ​វិញ​ទៅ​មក ​ជុំវិញ​អំពើ​ហិង្សា​ដែល​កើត​ឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ ​នៅ​អំឡុង​ពេល ​«​បុរស​រាប់​លាន​នាក់​»​ ​បាន​ធ្វើ​កូដកម្ម​ទ្រង់ទ្រាយ​ធំ​ កាល​ពី​ថ្ងៃ​អាទិត្យ​ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ ១០ នាក់​ស្លាប់ ​និង​មួយ​ចំនួន​​ទៀត​រង​របួស​ ។​

ការ​ប្រកាស​អំពី​​​​យុទ្ធនាការ​បះបោរ​ស៊ីវិល​របស់​សម្ព័ន្ធមិត្ត​​​​​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​​គេហទំព័រ​ហ្វេសប៊ុក​ ៕ AFP/SK