ក្រុងអេក្វាទ័រ៖ ក្រុមអ្នកតវ៉ាអេក្វាទ័រ បានសម្រុកចូលទៅក្នុងអគារសភារបស់ប្រទេសនេះ កាលពីថ្ងៃចន្ទ ខណៈការធ្វើបាតុកម្មនានាជុំវិញការដំឡើងថ្លៃប្រេងខ្ពស់ ដែលបានធ្វើឡើងដោយរដ្ឋាភិបាលរបស់លោកប្រធានាធិបតី លីនីន ម៉ូរីណូ។
ការធ្វើបាតុកម្ម ពួកគេភាគច្រើនជាបុរសជនជាតិដើមអេក្វាទ័រ ដោយដៃកាន់ដំបង និងព្រនង់ បាននាំគ្នាបុកទម្លុះកងកម្លាំងសន្តិសុខនៅទីនោះ។
ពួកគេបានប្រញាប់ប្រញាល់ចូលទៅក្នុងបន្ទប់ប្រជុំ ហើយបានកាន់កាប់វេទិកានៅក្នុងសភា ប៉ុន្តែភ្លាមៗនោះត្រូវបានបណ្តេញចេញដោយកងកម្លាំងសន្តិសុខ។
បន្ទាប់មកលោក ម៉ូរីណូ បានចេញបញ្ជាឲ្យដាក់បម្រាមគោចរនៅពេលយប់ ដើម្បីការពារអគារសាធារណៈ នានានៅក្នុងទីក្រុង។
ការប៉ះទង្គិចជាច្រើនលើករវាងកងកម្លាំងសន្តិសុខ និងក្រុមអ្នកតវ៉ានៅខាងក្រៅសភា បានផ្ទុះឡើង ខណៈក្រុមបាតុកររាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានីគីតូ ដើម្បីតវ៉ាប្រឆាំងការដំឡើងថ្លៃប្រេងកាន់តែខ្លាំងឡើងនៅកន្លែងធ្វើបាតុកម្មទ្រង់ទ្រាយធំមួយដែលធ្វើឡើងកាលពីថ្ងៃពុធ។
កាលពីពេលកន្លងទៅ ក្រុមបាតុករបានព្យាយាមវាយប្រហារទៅលើអគារនោះ ហើយកាលពីថ្ងៃចន្ទ លោក ម៉ូរីណូ បានប្រកាសឲ្យដាក់រដ្ឋក្នុងគ្រាអាសន្ន ដោយសារមានការតវ៉ានៅទូទាំងប្រទេសកាលពីសប្តាហ៍មុន ហើយបានដូរការិយាល័យរដ្ឋាភិបាលមួយចំនួនទៅកាន់ទីក្រុងឆ្នេរសមុទ្រហ្គៃយ៉ាហ្គីលជំនួសវិញ។
ការតវ៉ាអស់ជាច្រើនថ្ងៃប្រឆាំងការដំឡើងថ្លៃប្រេង បានកាត់បន្ថយការផលិតប្រេងរបស់ប្រទេស អាហ្វ្រិក មួយនេះ នៅត្រឹម ៣ ភាគរយ។
ក្រសួងថាមពលបានថ្លែងថា ការផលិតប្រេងបានធ្លាក់ចុះ ៣១ ភាគរយ ក្រោយពីក្រុមបាតុករបានកាន់កាប់រោងចក្រផលិតប្រេង ៣ កន្លែង នៅក្នុងតំបន់ Amazon។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងនោះបានថ្លែងថា ការផលិតប្រេងបានធ្លាក់ចុះនៅក្នុងក្រុមហ៊ុន Petroamazonas គ្រប់គ្រងដោយរដ្ឋ «ការផលិត នឹងឈានដល់ ១៦៥ ពាន់បារ៉ែល ក្នុងមួយថ្ងៃ»។
ប្រទេស អេក្វាទ័រ ដែលបានដកខ្លួនចេញពីក្រុមប្រទេសផលិតប្រេងអន្តរជាតិ OPEC កាលពីសប្តាហ៍មុន ដោយលើកឡើងអំពីកម្រិតសេដ្ឋកិច្ចធ្លាក់ចុះ ជាធម្មតាផលិតបានចំនួន ៥៣១ ០០០ បារ៉ែល ក្នុងមួយថ្ងៃ៕ AFP/SK