ក្រុងបាកដាដ៖ មនុស្សរាប់ពាន់នាក់បានចូលរួមតវ៉ាហិង្សានៅក្នុងទីក្រុងបាកដាដ និងនៅតាមទីក្រុងផ្សេងទៀតនៅអ៊ីរ៉ាក់ភាគខាងត្បូងកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ដោយពួកគេមានការសោកសង្រេងយ៉ាងខ្លាំង ប៉ុន្តែបានផ្គើនទៅនឹងរដ្ឋាភិបាល ក្រោយពីមនុស្ស ២០ នាក់ នៅក្នុងចំណោមពួកគេបានស្លាប់ ពីការវាយប្រហារមួយកាលពីប៉ុន្មានថ្ងៃកន្លងទៅ ដែលក្រុមបាតុករបានពិពណ៌នាថាជា «ការសម្លាប់រង្គាល» នៅអ៊ីរ៉ាក់។
ចលនាតវ៉ាបានប្រឈមមុខជាមួយការព្រួយបារម្ភផ្សេងទៀត កាលពីថ្ងៃសៅរ៍ ក្រោយពីមានយន្តហោះដ្រូនបំពាក់ដោយអាវុធ ១ គ្រឿង បានយកផ្ទះរបស់បព្វជិតអ៊ីរ៉ាក់លោក Moqtada Sadr និងការិយាល័យរបស់លោកជាគោលដៅវាយប្រហារ ហើយលោកបានថ្លែងថា អាចនឹងឈានទៅរកការមាន «សង្គ្រាមស៊ីវិលនៅអ៊ីរ៉ាក់»។
ការកើតមានឡើងនៃវិនាសកម្ម បានគំរាមកំហែងឲ្យក្លាយទៅជាការប្រមូលផ្តុំប្រឆាំងរដ្ឋាភិបាល ដែលបានធ្វើឲ្យរង្គោះរង្គើប្រទេស អ៊ីរ៉ាក់ ចាប់តាំងពីខែតុលា ជាចលនាតវ៉ាទ្រង់ទ្រាយធំបំផុត និងបណ្តាលឲ្យមនុស្សស្លាប់យ៉ាងច្រើននៅក្នុងប៉ុន្មានទសវត្សរ៍មកនេះ។
ក្រុមគ្រូពេទ្យបានថ្លែងថា កាលពីរសៀលថ្ងៃសុក្រ ក្រុមអ្នកតវ៉ាយ៉ាងតិច ២០ នាក់បានស្លាប់ ឬរងរបួសជាច្រើននាក់ទៀត ដែលក្រោយមកបានបង្ហាញថា ពួកគេបានស្លាប់ ខណៈមនុស្សរាប់សិបនាក់ផ្សេងទៀតបានរងរបួស នៅពេលមានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណមួយចំនួន បានវាយប្រហារទៅលើអគារធំមួយជាទីដែលក្រុមអ្នកតវ៉ាបានដេកធ្វើបាតុកម្មអស់ជាច្រើនសប្តាហ៍នៅទីនោះ។
ក្រុមគ្រូពេទ្យបានថ្លែងថា មន្ត្រីប៉ូលិស ៤ នាក់បានស្លាប់ ដោយក្រុមសាក្សីបាននិយាយថា ក្រុមខ្មាន់កាំភ្លើងនោះ បានបាញ់នៅក្នុងទីងងឹតចេញពីកំពូលអគារនោះ សំដៅទៅកាន់សង្កាត់ Al-Sinek ជាទីដែលក្រុមកងកម្លាំងសន្តិសុខឈរជើងប្រចាំការនៅទីនោះ។
ចំនួនអ្នកស្លាប់ និងរងរបួសបានកើនឡើងពេញមួយថ្ងៃសៅរ៍ ខណៈដែលក្រុមបាតុករបានរងរបួសហើយក្រុមមន្ត្រីប៉ូលិសបានស្លាប់នៅក្នុងមន្ទីរពេទ្យ។
យោងតាមតួលេខសរុបរបស់ AFP បានពីក្រុមគ្រូពេទ្យ ប៉ូលិស និងគណៈកម្មការសិទ្ធិមនុស្សបានឲ្យដឹងថា អំពើហិង្សាបានបណ្តាលឲ្យមនុស្សស្លាប់ ៤៥០ នាក់៕ AFP/SK