ក្រុង​កូលកាតា៖ ​ក្រុម​អ្នក​តវ៉ា​ហិង្សា​រាប់​ពាន់​នាក់​បាន​ចេញ​តាម​ដង​ផ្លូវ​ ដើម្បី​ប្រាប់​មេ​ដឹកនាំ​របស់​ប្រទេស ​ឥណ្ឌា ​ថា​ លោក​មិន​ត្រូវ​បាន​គេ​ស្វាគមន៍​នៅ​ក្នុង​ទីក្រុង​កូលកាតា​កាល​ពី​ថ្ងៃ​សៅរ៍​នោះ​ទេ​ នៅ​ក្នុង​ការ​​ជួបជុំ​ចុង​ក្រោយ​បំផុត​ប្រឆាំង​ច្បាប់​សញ្ជាតិ​ ដែល​ក្រុម​អ្នក​រិះគន់​បាន​និយាយ​ថា​​​ ច្បាប់​នេះ​រើសអើង​ប្រឆាំង​ក្រុម​ជនជាតិ​ភាគ​តិច​មូស្លីម​នៅ​ឥណ្ឌា​។​

ការ​ធ្វើ​បាតុកម្ម​នៅ​តាម​ដង​ផ្លូវ​ទ្រង់ទ្រាយ​ធំ​ និង​ការ​ប៉ះ​ទង្គិច​គ្នា​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ម្តងម្កាល​ បាន​បង្ក​ឲ្យ​ប្រទេស​កាន់​សាសនា​ហិណ្ឌូ​ភាគ​ច្រើន​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​ចលាចល​ ចាប់​តាំង​ពី​ច្បាប់​សញ្ជាតិ​នេះ ត្រូវ​បាន​អនុម័ត​ដោយ​សភា​កាល​ពី​ខែ​មុន​។​

ប៉ូលិស​បាន​ថ្លែង​ថា​ ក្រុម​អ្នក​តវ៉ា​ជិត ​៣ ​ម៉ឺន​នាក់​ បាន​ចេញ​តាម​ដង​ផ្លូវ​នានា​​នៃ​ទីក្រុង​កូលកាតា​ ដើម្បី​ប្រកាស​បដិសេធ​មិន​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ណារិនដ្រា ម៉ូឌី​ ដោយ​មាន​ការ​កាន់​ដៃ​គ្នា​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ ដើម្បី​បង្កើត​ជា​រនាំង​មនុស្ស​ដែល​មាន​ចម្ងាយ​ជិត ​២ ​គីឡូម៉ែត្រ​ នៅ​ពាសពេញ​ផ្លូវ​នៃ​ទីក្រុង​ធំ​ភាគ​ខាង​កើត​។​

លោក​ស្រី​ ម៉ាម៉ាតា​ បាន់ណឺរជី​ កំពុង​ថ្លែង​​ទៅ​កាន់​​ក្រុម​​និស្សិត​ឆ្វេង​និយម​។ AFP

អ្នកស្រី ​ស៊ូរីតា រ៉យ​ ជា​ស្ត្រី​ម្នាក់​ដែល​បាន​ចូលរួម​ប្រមូល​ផ្តុំ​បាន​ប្រាប់​ AFP ​ថា​៖ «​អ្វី​ដែល​យើង​កំពុង​ប្រយុទ្ធ​ប្រឆាំង​ដើម្បី​អនាគត​របស់​​ឥណ្ឌា​យើង»​។​

ក្រុម​ហ្វូង​មនុស្ស​បាន​ឡោមព័ទ្ធ​ព្រលាន​យន្តហោះ​របស់​ទីក្រុង​មួយ​នេះ​ ហើយ​បាន​ស្រែក​ពាក្យ​ស្លោក​ថា ​«​យើង​ប្រឆាំង​ហ្វាស៊ីស​និយម​» ​ខណៈ​ដែល​យន្តហោះ​របស់​មេ​ដឹកនាំ​ប្រទេស ​ឥណ្ឌា​ បាន​ចុះ​ចត​នៅ​មុន​លោក ​ណារិនដ្រា ម៉ូឌី ​បាន​ផ្លាស់​ប្តូរ​ទៅ​ជិះ​ឧទ្ធម្ភាគចក្រ​យោធា​មួយ​វិញ​​ ដែល​បាន​ដឹក​លោក​ទៅ​កាន់​គេហដ្ឋាន​របស់​មេ​ដឹកនាំ​រដ្ឋ​វ៉េសប៊ែងហ្គាល់​ គឺ​លោកស្រី ​ម៉ាម៉ាតា ​បាន់ណឺរជី​ ដែល​ជា​អ្នក​រិះគន់​ឥត​សំចៃ​មាត់​ម្នាក់​របស់​រដ្ឋាភិបាល​ជាតិ​និយម​កាន់​សាសនា​ហិណ្ឌូ​ដែល​​កំពុង​គ្រប់គ្រង​អំណាច​របស់​លោក ​ម៉ូឌី​៕ AFP/SK