ក្រុង​កា​ប៊ុលៈ ​អ្នក​នយោបាយ​រាប់​ពាន់​នាក់​ និង​មន្ត្រី​មក​ពី​ទូទាំង​ប្រទេស ​អាហ្វហ្គានីស្ថាន ​បាន​ជួប​ជុំ​គ្នា​ស្រប​ពេល​មាន​សន្តិសុខ​តឹងរ៊ឹង​នៅ​ក្នុង​ក្រុង​កាប៊ុល​កាល​ពី​ថ្ងៃ​ចន្ទ​ ដើម្បី​ពិភាក្សា​អំពី​សង្គ្រាម​ និង​កិច្ច​ខិតខំ​​ប្រឹងប្រែង​របស់​អាមេរិក​ក្នុង​គោល​បំណង​បង្កើត​​កិច្ច​ព្រមព្រៀង​សន្តិភាព​ជាមួយ​ក្រុម​តាលីបង់។​

មនុស្ស​ជាង ​៣ ​ពាន់​នាក់​ ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ជំនួប ​«loya jirga» ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ធំ​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ដ៏​ទំនើប​របស់​អាហ្វហ្គានីស្ថាន​នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​មួយ​ ដើម្បី​កំណត់​លទ្ធភាព​លក្ខខណ្ឌ​នានា​នៅ​ក្រោម​កិច្ច​ព្រមព្រៀង​ដែល​ពួក​គេ​អាច​ទទួល​យក​ដំណោះ​ស្រាយ​សន្តិសុខ។​

ជំនួប loya jirga តាម​ន័័យ​ត្រង់ ​គឺ​ជំនួប​ធំ​នៅ​ក្នុង​ក្រុង​ប៉ាសតូ​ កំពុង​ត្រូវ​បាន​គេ​រៀបចំ​ធ្វើ​ឡើង​ ខណៈ​អាមេរិក​និង​ក្រុម​តាលីបង់​ពិភាក្សា​អំពី​លទ្ធភាព​ដក​ទ័ព​បរទេស​ចេញ​ពី​ប្រទេស ​អាហ្វហ្គានីស្ថាន ​ជា​ថ្នូរ​នឹង​បទ​ឈប់​បាញ់​អចិន្រ្តៃយ៍​មួយ​ និង​ការ​សន្យា​ខ្លះ​របស់​ក្រុម​តាលីបង់​។

រហូត​មក​ទល់​ពេល​នេះ ​កិច្ច​ចរចា​នោះ​បាន​កាត់​បន្ថយ​អំណាច​របស់​លោក​ប្រធានាធិបតី​ Ashraf Ghani ​ដែល​ក្រុម​តាលីបង់​ចាត់​ទុក​ថា​ ជា​ខ្ញុំ​បម្រើ​​ដាច់​ថ្លៃ​​របស់​អាមេរិក​។​

លោក​ Ghani បាន​ថ្លែង​នៅ​ពេល​ចាប់​ផ្តើម​ជំនួប​នោះ​ថា៖ ​«​យើង​ចង់​បញ្ជាក់​ពី​គោលការណ៍​សំខាន់ៗ​សម្រាប់​ការ​ចរចា​ជាមួយ​ក្រុម​តាលីបង់។​ «​យើង​ចង់​បាន​ការ​ណែនាំ​ច្បាស់លាស់​ពី​អ្នក​ទាំង​អស់​គ្នា»។

រដ្ឋាភិបាល​របស់​លោក Ghani ​សង្ឃឹម​ថា ​ជំនួប​នេះ​គ្រោង​ដាក់​ចេញ​លក្ខខណ្ឌ​របស់​ក្រុង​កាប៊ុល ​សម្រាប់​កិច្ច​ព្រមព្រៀង​ណា​មួយ​នៅ​ក្នុង​នោះ​មាន​ការ​បន្ត​ការ​អនុវត្ត​រដ្ឋ​ធម្មនុញ្ញ​ និង​ការ​ការពារ​សិទ្ធិ​ស្ត្រី​ ប្រព័ន្ធ​ផ្សព្វផ្សាយ ​និង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​យោបល់​។

លោក​ប្រធានាធិបតី​ Ashraf Ghani បាន​អញ្ជើញ​ក្រុម​តាលីបង់​ដែល​បាន​ធ្វើ​សង្គ្រាម​ទ័ព​ព្រៃ​ចាប់​តាំង​ពី​ឆ្នាំ ​២០០១ ​មក។

ភាគ​ច្រើន​នៃ​ក្រុង​កាប៊ុល​ ត្រូវ​បាន​បិទ​កាល​ពី​ថ្ងៃ​ចន្ទ ​ដោយ​ការ​ឈប់​សម្រាក​​ជា​សាធារណៈ ​១ សប្តាហ៍​ត្រូវ​បាន​ប្រកាស​សម្រាប់​​ព្រឹត្តិការណ៍​រយៈពេល ​៤ ​ថ្ងៃ​នេះ​​៕​ AFP/PSA ​​​