ក្រុង​ម៉ា​រ៉ា​កេ​ស្ហៈ ក្រុម​អ្នកនយោបាយ​មកពី​ជុំវិញ​ពិភពលោក បាន​ជួបគ្នា​នៅ​ប្រទេស​ម៉ារ៉ុក​កាល​ពី​ថ្ងៃ​ចន្ទ ដើម្បី​ចូលរួម​សន្និសីទ​ដ៏​សំខាន់​មួយ​ក្នុង​គោល​បំណង​អនុម័ត​កិច្ច​ព្រម​ព្រៀង​ចំណាក​ស្រុក​មួយ​របស់​អង្គការ​សហ​ប្រជាជាតិ ថ្វី​បើ​មាន​ប្រទេស​ខ្លះ​ដក​ខ្លួន​ចេញ​ជា​បន្ត​បន្ទាប់​ដោយ​សារ​ប្រជាប្រិយ​និយម​ប្រឆាំង​នឹង​ជន​អន្តោ​ប្រវេសន៍​ក្តី។

កិច្ច​ព្រម​ព្រៀម​ពិភពលោក​ដើម្បី​ចំណាក-ស្រុក​ដោយ​ទៀងទាត់ សុវត្ថិភាព និង​មាន​សណ្តាប់​ធ្នាប់​ត្រូវ​បាន​បញ្ចប់​នៅ​អង្គការ​សហ​ប្រជាជាតិ កាល​ពី​ខែ​កក្កដា ក្រោយ​ពី​ការ​ចរចា​រយៈពេល ១៨ ខែ និង​ត្រូវ​គ្រោង​អនុម័ត​ជា​ផ្លូវការ​នៅ​ក្នុង​សន្និសីទ​រយៈពេល ២ ថ្ងៃ​នៅ​ក្នុង​ក្រុង​ម៉ារ៉ាកេស្ហ។

រដ្ឋាភិបាល​អាមេរិក បាន​ទាត់​ចោលការចរចា​កាលពី​ចុងឆ្នាំ ២០១៧ និង​ចាប់​តាំង​ពី​ពេល​នោះ​មក មាន​ប្រទេស​អូស្ត្រាលី​អូទ្រីស សាធា​រណរដ្ឋ​ឆែក សាធា​រណរដ្ឋ​ដូមីនិក ហុងគ្រី ឡេតូនី ប៉ូឡូញ និង​ប្រទេស​ស្លូវ៉ាគី បាន​ដក​ខ្លួន​ចេញ​ពី​ដំណើរការ​ចរចា​នោះ។

កាលពី​ថ្ងៃ​សុក្រ អាមេរិក បាន​រិះគន់​កិច្ចព្រមព្រៀង​នោះ​ជាថ្មី​ដោយ​បាន​ចាត់​ទុក​កិច្ច​ព្រម​ព្រៀង​មួយ​នេះ​ជា​កិច្ច​ប្រឹង​ប្រែង​របស់​អង្គការ​សហ​ប្រជាជាតិ ដើម្បី​ឈាន​ដល់​ការ​គ្រប់គ្រង​ពិភព​នៅ​ក្រោម​សិទ្ធិ​អធិបតេយ្យ​របស់​ប្រទេស​ទាំង​អស់។

ប៉ុន្តែ​ប្រទេស​ដទៃទៀត ដែល​ដឹកនាំ​ដោយ​អធិការបតី​អាល្លឺម៉ង់ លោកស្រី អេនជេឡា មឺរកែល នៅ​ក្នុង​ប្រទេស​ម៉ារ៉ុក​ដើម្បី​អនុម័ត​កិច្ច​ព្រម​ព្រៀង​នោះ និង​អង្គការ​សហ​ប្រជាជាតិ នៅ​តែ​មាន​សុទិដ្ឋិ​និយម​ថា កិច្ច​ព្រម​ព្រៀង​នេះ អាច​ជួយ​ពិភពលោក ដោះស្រាយ​វិបត្តិ​ចំណាក​ស្រុក​បាន​ល្អ​ប្រសើរ។

នៅមុន​សន្និសីទ​នេះ តំណាង​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​ចំណាក​ស្រុក លោកស្រី Louise Arbour បាន​វាយ​បក​ក្រុម​អ្នក​រិះគន់​ដល់​កិច្ច​ព្រម​ព្រៀង​នេះ ដោយ​បាន​បញ្ជាក់​ថា កិច្ច​ព្រម​ព្រៀង​នេះ​មាន​អត្ថ​ប្រយោជន៍​តាម​ផ្លូវ​ច្បាប់៕