ក្រុង​ហ្សា​ការ​តាៈ ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ការ​ដឹក​ជញ្ជូន​ឥណ្ឌូនេស៊ី បាន​ថ្លែង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ប្រអប់​ខ្មៅ​មួយ​របស់​យន្តហោះ​នៃ​ក្រុម​អាកាស​ចរណ៍ Lion Air ដែល​បាន​ធ្លាក់​នោះ​ហើយ​ត្រូវ​បាន​គេ​រក​ឃើញ​គឺ​មាន​សារៈ​សំខាន់​ណាស់ ចំពោះ​មូល​ហេតុ​ដែល​បាន​បណ្តាល​ឲ្យ​យន្តហោះ​នោះ​ធ្លាក់។

ប្រអប់​ខ្មៅ​នោះ​កត់ត្រា​ព័ត៌មាន​អំពី​ល្បឿន​យន្តហោះ​រយៈកម្ពស់ និង​ទិសដៅ​របស់​យន្តហោះ និង​ការ​សន្ទនា​របស់​យានិក​ហោះ​ហើរ និង​អាច​ផ្តល់​តម្រុយ​សំខាន់ៗ​ដល់​មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​យន្តហោះ​នោះ​ធ្លាក់ បង្ក​ឲ្យ​មនុស្ស​ស្លាប់​យ៉ាង​ច្រើន​នោះ។

លោក Soerjanto Tjahjono បាន​ថ្លែងប្រាប់ AFP ថា៖ «ពួកយើង​បាន​រកឃើញ​ប្រអប់​ខ្មៅ ១ ក្នុង​ចំណោម​ប្រអប់​ខ្មៅ​ទាំង ២ នោះ»។

គេ​មិនទាន់​ដឹងថា តើ​វា​គឺជា​ប្រអប់​ខ្មៅ​ថត​ទិន្នន័យ​ហោះហើរ ឬ​ប្រអប់​ខ្មៅ​ថត​សំឡេង​កន្លែង​សម្រាប់​អ្នក​បើក​យន្តហោះ​នោះ​ទេ។

យន្តហោះ Boeing-737 MAX 8 ដែល​ទើប​បានដាក់​ឲ្យ​ដំណើរការ​បានត្រឹម​តែ ២-៣ ខែ​កន្លង​ផុត​ទៅ​ប៉ុណ្ណោះ​ហើយ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ​ជ្វា​នៅ​ឆ្នេរ​ភាគ​ខាង​ជើង​ឥណ្ឌូនេស៊ី​កាល​ពី​ថ្ងៃ​ចន្ទ ដោយ​បាន​បណ្តាល​ឲ្យ​មនុស្ស ១៨៩ នាក់​ស្លាប់​ត្រឹម​តែ ១២ នាទី​បន្ទាប់​ពី​ហោះ​ចេញ​ពី​ក្រុង​ហ្សាការតា​ឆ្ពោះ​ទៅ​កាន់​ក្រុង Pangkal Pinang។

យន្តហោះ Boeing នេះ គឺ​យន្តហោះ​ថ្មី​បំផុត នៅក្នុង​ចំណោម​យន្តហោះ​ដឹក​អ្នក​ដំណើរ​ក្នុង​ពិភពលោក៕