ក្រុងវ៉ាស៊ីនតោនៈ ការសិក្សាថ្មីមួយបានបញ្ជាក់កាលពីថ្ងៃចន្ទថា កូរ៉េខាងជើងកំពុងប្រតិបត្តិការមូលដ្ឋានចំនួន ១៣ កន្លែងមិនត្រូវបានប្រកាសដើម្បីលាក់មីស៊ីលចល័ត និងមីស៊ីលបំពាក់នុយក្លេអ៊ែរខណៈការរីកចម្រើនជាប់គាំងដោយសារគំនិតផ្តួចផ្តើមអំពីគោលនយោបាយការបរទេសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
លោក ត្រាំ បានសរសើរជំនួបកំពូលកាលពីខែមិថុនាជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយបានបើកផ្លូវឈានទៅរកការលុបបំបាត់នុយក្លេអ៊ែររបស់កូរ៉េខាងជើង និងបានកាត់បន្ថយភាពតានតឹងដែលមិនដល់មួយឆ្នាំផង បាននាំឲ្យប្រទេសទាំង ២ ស្ថិតនៅមាត់ជ្រោះនៃជម្លោះ។
ចាប់តាំងពីជំនួបនៅប្រទេស សិង្ហបុរី នោះមកកូរ៉េខាងជើងបានឈប់ធ្វើតេស្តនុយក្លេអ៊ែរ និងមីស៊ីលដោយរុះរើទីតាំងតេស្ត មីស៊ីល និងបានសន្យាបំផ្លាញចោលរោងចក្រផលិតនុយក្លេអ៊ែរធំរបស់ប្រទេសនេះ ប្រសិនបើអាមេរិកផ្តល់សម្បទាន។
ប៉ុន្តែក្រុមអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ ( CSIS) នៅក្នុងក្រុងវ៉ាស៊ីនតោន បាននិយាយថា កូរ៉េខាងជើងមានមូលដ្ឋានប្រតិបត្តិការមីស៊ីលចំនួន ១៣ កន្លែង ដែលមិនត្រូវបានរដ្ឋាភិបាលប្រកាស និងថាមានច្រើនបំផុត ២០ កន្លែង។
លោក Victor Cha ដែលជាមេដឹកនាំកម្មវិធីរបស់អាមេរិកនៃ CSIS បានប្រាប់កាសែត The New York Times ដែលបានរាយការណ៍អំពីការសិក្សា និងលទ្ធផលស្វែងរករបស់ខ្លួនដោយបានលើកឡើងថា ជាការបំភាន់ភ្នែករបស់ក្រុងព្យុងយ៉ាង។
លោក Cha ដែលធ្លាប់ជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅក្រុងសេអ៊ូលបានថ្លែងថា ការងារនេះកំពុងបន្ត។ អ្វីដែលអ្នកគ្រប់គ្នាព្រួយបារម្ភនោះ គឺថា លោក ត្រាំ នឹងទទួលយកកិច្ចព្រមព្រៀងដ៏អាក្រក់មួយ ដែលពួកគេបានផ្តល់ឲ្យយើងនូវទីកន្លែងតេស្តតែមួយ និងរុះរើសម្ភារជាច្រើន ហើយជាថ្នូរមកវិញនោះ ពួកគេទទួលបានកិច្ចព្រមព្រៀងសន្តិភាពមួយ។
ប៉ុន្តែរដ្ឋាភិបាលកូរ៉េខាងត្បូងនិងក្រុមអ្នកវិភាគ បាននិយាយសម្រាលដល់របាយការណ៍នោះ ដោយបញ្ជាក់ថា ទីកន្លែងមីស៊ីលជាច្រើន ត្រូវបានគេដឹងច្រើនឆ្នាំមកហើយ ចំណែកឯក្រុងព្យុងយ៉ាងវិញ មិនដែលសុខចិត្តបោះបង់ចោលទេ។
ក្រុមអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) បានឲ្យដឹងថា មូលដ្ឋានមីស៊ីលទាំងនោះនៅទូទាំងប្រទេស មានទាំងនៅក្រោមដី និងនៅតាមជ្រលងភ្នំជាដើម និងត្រូវបានរៀបចំជើងទម្របាញ់មីស៊ីលចល័តដើម្បីដកចេញ និងរំកិលចេញពីទីតាំងបាញ់បានយ៉ាងឆាប់រហ័ស៕