ក្រុង​ម៉ូ​ស្គូ៖ ​ក្រសួង​ការ​បរទេស​រុស្ស៊ី​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ គណៈ​ប្រតិភូ​តាលីបង់​មួយ​ក្រុម​ ​បាន​ធ្វើ​ការ​ពិភាក្សា​ជាមួយ​ក្រុម​មន្ត្រី​រុស្ស៊ី​នៅ​ក្នុង​ក្រុង​ម៉ូស្គូ ​ក្រោយ​ពី​ការ​ចរចា​របស់​អាមេរិក​ជាមួយ​ក្រុម​អ្នក​បះបោរ​អាហ្វហ្គានីស្ថាន​បាន​បរាជ័យ។

ដោយ​ត្រូវ​បាន​ដក​ស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​ RIA Novosti អ្នក​នាំពាក្យ​ក្រសួង​ម្នាក់​បាន​ថ្លែង​ថា៖​ «​តំណាង​ពិសេស​របស់​ប្រធានាធិបតី​រុស្ស៊ី​ប្រចាំ​នៅ​អាហ្វហ្គានីស្ថាន ​លោក​​ Zamir Kabulov ​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​គណៈ​ប្រតិភូ​តាលីបង់​មួយ​ក្រុម​នៅ​ក្រុង​ម៉ូស្គូ»។

អ្នក​នាំពាក្យ​រូប​នោះ​ បាន​ថ្លែង​ថា៖​ «​ភាគី​រុស្ស៊ី​បាន​សង្កត់​ធ្ងន់​ពី​តម្រូវ​ការ ​ដើម្បី​ធ្វើ​ការ​ចរចា​ជា​ថ្មី​រវាង​​អាមេរិក ​និង​ចលនា​តាលីបង់»។

លោក​បាន​ថ្លែង​បន្ថែម​ថា៖ ​«សម្រាប់​ផ្នែក​របស់​ពួក​គេ ​ក្រុម​តាលីបង់​បាន​បញ្ជាក់​ពី​ឆន្ទៈ​​ក្នុង​ការ​​បន្ត​ការ​ចរចា​របស់​ពួក​គេ​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​»​។

រហូត​ដល់ ​១ សប្តាហ៍​កន្លង​ទៅ​នេះ ​ការ​រំពឹង​ទុក​ បាន​កើន​ឡើង​ចំពោះ​កិច្ច​ព្រមព្រៀង​អាមេរិក តាលីបង់​ ដែល​នឹង​មើល​ឃើញ​អាមេរិក​ដក​ទ័ព​ជា​ច្រើន​កម្រិត​ចេញ​ពី​អាហ្វហ្គានីស្ថាន ​និង​ក្រុម​តាលីបង់ ​ផ្តល់​ការ​ធានា​សន្តិសុខ ​ដើម្បី​ធ្វើ​ឲ្យ​ក្រុម​ជ្រុល​និយម​ចេញ​​ពី​ទឹក​ដី​នេះ​។

ប៉ុន្តែ​កាល​ពី​សប្តាហ៍​មុន​ លោក ​ត្រាំ បាន​លាត​ត្រដាង​ថា ​លោក​បាន​លុប​ចោល​កិច្ច​ប្រជុំ​មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​រវាង​ក្រុម​តាលីបង់ ​និង​ខ្លួន​លោក​ផ្ទាល់​នៅ​អាមេរិក ​និង​បាន​ប្រកាស​ថា​ ការ​ចរចា​ជាមួយ​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​នោះ ​«ស្លាប់» បាត់​ទៅ​ហើយ៕ AFP/PSA