ក្រុង​ហ្ស៊េ​រុយ​សាឡិមៈ យោធា​បាន​និយាយថា គណៈ​ប្រតិភូ​កងទ័ព​អីុស្រាអែល​មួយ​ក្រុម​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​ម៉ូស្គូ​កាល​ពី​ថ្ងៃ​អង្គារ ដើម្បី​ពន្យល់​សម​ភាគី​រុស្ស៊ី​របស់​ពួកគេ​អំពី​កិច្ច​ប្រតិបត្តិការ​នានា ក្នុង​គោល​បំណង​បំផ្លាញ​រូង​ក្រោម​ដី​របស់​ក្រុម​ឧទ្ទាម​ហេស​បូឡាហ៍​ដែល​ជីក​ចេញ​ពី​ប្រទេស​លីបង់។

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ យោធា​នោះ បាន​ថ្លែងថា៖ «គណៈ​ប្រតិភូ​កងទ័ព​អីុស្រាអែល​នោះ មាន​មន្ត្រី​ជាន់​ខ្ពស់​ជាច្រើន​រូប និង​ដឹកនាំ​ដោយ​ប្រមុខ​យោធា​លោក ឧត្តមសេនីយ៍ Aharon Haliva បាន​ឡើង​យន្តហោះ​ទៅ​កាន់​ក្រុង​ម៉ូស្គូ​នៅ​ថ្ងៃ​អង្គារ​នេះ»។

សេចក្តីថ្លែងការណ៍ ដែល​ត្រូវបាន​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​នោះ បាន​ឲ្យ​ដឹងថា៖ «នៅ​អំឡុង​ដំណើរ​ទស្សនកិច្ច​ពេញ មួយ​ថ្ងៃ គណៈ​ប្រតិភូ​នោះ បាន​ពន្យល់​សម​ភាគី​រុស្ស៊ី​របស់​ពួកគេ អំពី​កិច្ច​ប្រតិបត្តិការ​មួយ​ដែល​មាន​ឈ្មោះ​ថា «Northern Shield» និង​កិច្ច​ប្រតិបត្តិការ​ជាច្រើន​ទៀត»។

សេចក្តីប្រកាស​នោះ បានកើត​ឡើង ក្រោយពី​មានការ​សន្ទនា​តាម​ទូរស័ព្ទ​រវាង​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល លោក បេន​ចាមីន នេតានី​យ៉ាហ៊ូ និង​ប្រធានា​ធិបតី​រុស្ស៊ី លោក វ្ល៉ាឌី មៀរ ពូទីន។

កាលពី​ថ្ងៃ​ពុធ កងទ័ព​អីុស្រា​អែល បាន​បើក​កិច្ច​ប្រតិបត្តិការ​មួយ​មាន​ឈ្មោះ​ថា Northern Shield ដើម្បី​កម្ទេច​រូង​ក្រោម​ដី​ទាំង​នោះ ដូច​ដែល​ខ្លួន​បាន​និយាយ​ថា រូង​ក្រោម​ដី​ទាំង​នោះ ត្រូវ​បាន​ជីក​នៅ​ក្រោម​ព្រំដែន ដោយ​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​ហេស​បូឡាហ៍ ចេញ​ពី​ប្រទេស​ លីបង់​ លួច​ចូល​ទឹកដី​អ៊ីស្រាអែល។

ចំណង​ទំនាក់ទំនង​រវាង​អីុស្រា​អែល និង​រុស្ស៊ី មាន​ភាព​រកាំរកូស ចាប់​តាំង​ពី​ឧប្បត្តិហេតុ​បាញ់​ទម្លាក់​យន្តហោះ​ដឹក​ជញ្ជូន​មួយ​គ្រឿង​របស់​រុស្ស៊ី កាល​ពី​ទី​ថ្ងៃ ១៧ ខែ​ កញ្ញា ឆ្នាំ ២០១៧ ដោយ​បណ្តាល​ឲ្យ​មនុស្ស ១៥ ស្លាប់៕