ក្រុង​សេអ៊ូលៈ​ នៅ​អំឡុង​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​ លោក ​គីម​ ជុង​អ៊ុន​ ជប់លៀង​ និង​ញាំ​អាហារ​ពេល​​ល្ងាច​ ជា​មួយ​ លោក​ វ៉្លាឌី​មៀរ ​ពូទីន នៅ​រុស្ស៊ី​ក្នុង​សប្តាហ៍​នេះ ​​ពលរដ្ឋ​របស់​លោក​ប្រហែល ​១ ​ម៉ឺន​នាក់ ​​កំពុង​ធ្វើ​ការ​ដោយ​ការ​លំបាក​នឿយហត់​នៅ​ទូទាំង​ប្រទេស​នេះ​ ដើម្បី​សន្សំ​ប្រាក់​សម្រាប់​រដ្ឋាភិបាល​របស់​លោក​​។​

ក្រុម​អ្នក​វិភាគ​បាន​និយាយ​ថា​ លោក​ គីម​ ជុងអ៊ុន ​នឹង​ពង្រឹង​ទំនាក់​ទំនង​សេដ្ឋកិច្ច​ជា​មួយ​ក្រុង​ម៉ូស្គូ​ ​ក្រោយ​ពី​​ការ​ចរចា​អាវុធ​នុយក្លេអ៊ែរ​របស់​លោក ​ជា​មួយ​ក្រុង​វ៉ាស៊ីនតោន​បាន​ជាប់​គាំង​ ហើយ​ខណៈ​លោក​បាន​ស្វែងរក​ឲ្យ​មាន​តុល្យភាព​មួយ​ជាមួយ​ក្រុង​ប៉េកាំង​ដែល​បច្ចុប្បន្ន​ជា​សម្ព័ន្ធមិត្ត​ និង​ជា​ច្រក​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ក្រុង​ព្យុងយ៉ាង​ផង​ដែរ​នោះ​។​

ភាគី​ទាំង ​២​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ជួប​គ្នា​នៅ​កំពង់ផែ ​Vladivostok ​ប្រទេស ​រុស្ស៊ី ​ភាគ​ខាង​កើត​នៅ​ថ្ងៃ​ពុធ ​ឬ ​ថ្ងៃ​ព្រហស្បតិ៍​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន​ នៅ​ក្នុង​ជំនួប​ដំបូង​រវាង​​ក្រុម​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​និង​រុស្ស៊ី​ ចាប់​តាំង​ពី​លោក​ គីម ​ជុងអ៊ីល​​ បាន​ជួប​ជា​មួយ​ លោក ​ Dmitry Medvedev​ កាល​ពី ​៨ ​ឆ្នាំ​មុន​នោះ​។​

កម្លាំង​ការងារ គឺ​ជា​ផ្នែក​នៃ​ ការ​​​​នាំចេញ​សំខាន់ៗ ​និង​ប្រភព​ចំណូល​របស់​កូរ៉េ​ខាង​ជើង​។ ​កម្លាំង​ការងារ​នេះ​បាន​​ផ្តល់​ឲ្យ​ក្រុម​កម្មករ​ស្ថិត​នៅ​ក្រោម​កិច្ច​សន្យា​មួយ​ក្រុម​អង្គភាព​នៅ​ក្រៅ​ប្រទេស​ ហើយ​ក្រុម​​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា ​រដ្ឋាភិបាល​ បាន​រឹប​អូស​យក​ប្រាក់​​ខែ​របស់​ពួក​គេ​។​

នៅ​ក្នុង​របាយការណ៍​ឆ្នាំ ​២០១៧ ​ក្រុម​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា ការ​យក​ចិត្ត​ទុក​ដាក់​របស់​ពួក​គេ​មិន​ដល់​ស្តង់ដា​ការងារ​អន្តរជាតិ ​ដោយ​គ្មាន​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​យោបល់ ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​អ្នក​ឃ្លាំមើល​ ដែល​កំណត់​សេរីភាព​ដើរ​ហើរ​ និង​លទ្ធភាព​ទទួល​យក​ព័ត៌មាន​ពី​ពិភព​ខាង​ក្រៅ​ធ្វើ​ការងារ​ច្រើន​ម៉ោង​ និង​គ្មាន​សិទ្ធិ​បដិសេធ​ការងារ​ថែម​ម៉ោង​។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​ក្រុម​វិភាគ​និយាយ​ថា ​តួនាទី​ជា​ច្រើន​ត្រូវ​កាន់​ដោយ​ពលរដ្ឋ​កូរ៉េ​ខាង​ជើង ខណៈ​ពួក​គេ​បំពេញ​កាតព្វកិច្ច​របស់​ពួក​គេ​ហើយ​ពួក​គេ​មាន​ឱកាស​រក​លុយ​សម្រាប់​ខ្លួន​ពួក​គេ។

យោង​តាម​អង្គការ​សហ​ប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា ​រុស្ស៊ី ​គឺ​ជា​អតិថិជន​ធំ​បំផុត​ទី​២ ​របស់​ក្រុង​ព្យុងយ៉ាង​ បន្ទាប់​ពី​ចិន​ ដោយ​​ពលរដ្ឋ​កូរ៉េ​ខាង​ជើង​ធ្វើ​ការ​រុករក​រ៉ែ ​កាប់​ឈើ ​វាយនភណ្ឌ​ សំណង់ ​ភាគ​ច្រើន​នៃ​ពួក​​គេ​ធ្វើ​ការ​នៅ​ចុង​ខាង​កើត​នៃ​ប្រទេស​នេះ។​

ស្ថានការណ៍​បែប​នេះ​បាន​ធ្វើ​ឲ្យ​លោក ​គីម ​ជុងអ៊ុន និង ​ពូទីន ​មាន​ការ​ចាប់​អារម្មណ៍​​រួមគ្នា​ នៅ​ក្នុង​ការ​បន្ធូរ​បន្ថយ​​​​ទណ្ឌកម្ម​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​ដែល​ត្រូវ​បាន​ដាក់​ទៅ​លើ​កូរ៉េ​ខាង​ជើង​ជុំវិញ​កម្មវិធី​​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន៕ AFP