ក្រុង​ប៉េកាំងៈ ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​ឲ្យ​ដឹងថា ចិន​បាន​កោះប្រជុំ​ឯក​អគ្គ​រដ្ឋទូត​អាមេរិក​កាល​ពី​ថ្ងៃ​សៅរ៍ ដើម្បី​ធ្វើការ​តវ៉ា​ជា​ផ្លូវការ​ជុំវិញ​ទណ្ឌកម្ម​ដាក់​ដោយ​អាមេរិក​ប្រឆាំង​នឹង​អង្គការ​យោធា​ចិន​មួយ​ចំពោះ​ការ​ទិញ​យន្តហោះ​ប្រតិបត្តិ​កម្ម​ជា​ច្រើន​គ្រឿង និង​មីស៊ីល​ពី​រុស្ស៊ី។

សេចក្តីប្រកាស​នោះ បានកើត​ឡើង ១ ថ្ងៃ ក្រោយពី​ចិន​បាន​អំពាវនាវ​ឲ្យ​អាមេរិក​ដក​ទណ្ឌកម្ម​ទាំង​នោះ បើ​មិន​ដូច្នេះ​ទេ​នឹង​ទទួល​ផល​វិបាក​ចំពោះ​ទង្វើ​របស់​ខ្លួន​វិញ។

ជម្លោះ​នោះ បាន​បន្ថែម​ទៅលើ​ភាព​តានតឹង​រវាង​មហាអំណាច​ពិភពលោក​ទាំង ២ ជុំវិញ​ជម្លោះ​ពាណិជ្ជកម្ម ការ​ប្រព្រឹត្ត​របស់​ក្រុម​សាសនា​ចិន និង​ការ​ទាម​ទារ​ប្រជុំ​កោះ​ដែល​មាន​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង។

កាសែត People''s Daily បាន​ឲ្យ​ដឹង​ក្នុង​របាយការណ៍​សង្ខេប​មួយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ថា អនុ​រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Zheng Zeguang បាន​កោះហៅ​ឯកអគ្គ​រដ្ឋទូត​អាមេរិក​លោក Terry Branstad និង​បាន​ធ្វើ​បទ​បង្ហាញ​អំពី​ទណ្ឌកម្ម​របស់​អាមេរិក​ប្រឆាំង​នឹង​យោធា​ចិន។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រុង​វ៉ា​ស៊ីនតោន បានដាក់​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​ទៅលើ​នាយកដ្ឋាន​អភិវឌ្ឍ​ឧបករណ៍​នៃ​ក្រសួង​ការពារ​ជាតិ និង​មន្ត្រី​រដ្ឋបាល​កំពូល​របស់​ខ្លួន​ចំពោះ​ការ​ទិញ​យន្តហោះ​ចម្បាំង​ធុន Sukhoi Su-35 ជាច្រើន​គ្រឿង និង​ប្រព័ន្ធ​ការពារ​មីស៊ីល S-400 បាញ់​ពី​ផ្ទៃរាប​ទៅ​លើ​អាកាស​ពី​ប្រទេស​រុស្ស៊ី។

ក្រុម​មន្ត្រី​បាន​និយាយ​ថា វា​ជា​លើក​ទី ១ ដែល​ប្រទេស​ទី ៣ មួយ​ត្រូវ​រង​ទណ្ឌកម្ម​នៅ​ក្រោម​ច្បាប់​ទណ្ឌកម្ម CAATSA ចំពោះ​ការ​ទិញ​ដូរ​អាវុធ​ជាមួយ​រុស្ស៊ី និង​បង្ហាញ​ឲ្យ ឆន្ទៈ​នៃ​រដ្ឋការ​លោក​ត្រាំ ធ្វើ​ឲ្យ​ទំនាក់​ទំនង​ការទូត​កាត់​បន្ថយ​៕