ក្រុង​វ៉ាស៊ីនតោនៈ ​ប្រទេស ​ចិន ​កាល​ពី​ថ្ងៃ​អង្គារ​ បាន​ចោទ​ប្រកាន់​អាមេរិក​ពី​បទ​​រិះគន់​ប្រព័ន្ធ​គ្រប់គ្រង និង​​គោល​នយោបាយ​របស់​ខ្លួន​ក្រោយ​ពី​លោក​រដ្ឋមន្ត្រី​ការ​បរទេស ​ម៉ៃក៍​ ប៉ុមប៉េអូ ​បាន​ធ្វើ​អត្ថាធិប្បាយ​​អំពី «ការ​ប្រកាន់​ពូជ​សាសន៍​ និង​ភាព​ក្រអឺតក្រទម​»​ ចំពោះ​​ការ​បង្ក្រាប បង្ហូរ​ឈាម​ទៅ​លើ​ការ​តវ៉ា​​នៅ​ទីលាន ​Tiananmen។​

ប្រតិកម្ម​ទាំង​កំរោល​ ​បាន​កើត​ឡើង ​ក្រោយ​ពី​លោក ​ប៉ុម​ប៉េអូ​ បាន​ថ្លែង​នៅ​មុន​ថ្ងៃ​បុណ្យ​ប្រារព្ធ​ខួប​លើក​ទី​៣០​ នៃ​ការ​បង្ក្រាប​យ៉ាង​បង្ហូរ​ឈាម​កាល​ពី​​ថ្ងៃ​ទី ​៤ ​ខែ ​មិថុនា​ ឆ្នាំ ​១៩៨៩ ​ថា​ ក្រុង​វ៉ាស៊ីនតោន ​បាន​បាត់បង់​ក្តី​សង្ឃឹម​ចំពោះ​​ការ​រីក​ចម្រើន​ផ្នែក​​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស ​ចិន​។​

អ្នក​នាំពាក្យ​ស្ថានទូត​ក្រុង​ប៉េកាំង​ នៅ​ក្រុង​វ៉ាស៊ីនតោន​ បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ អ្នក​ណា​ក៏​ដោយ​បាន​ប៉ុនប៉ង ​«​ដើម្បី​គាំទ្រ ​និង​ធ្វើ​បាប​ប្រជាជន​ចិន​នោះ​ នឹង​ត្រូវ​បាន​បញ្ចប់​នៅ​ក្នុង​ការ​លុប​បំបាត់​ចេញ​ពី​ប្រវត្តិសាស្ត្រ​ជាក់​ជា​មិន​​ខាន​»​។​

អ្នក​នាំពាក្យ​រូប​នោះ​បាន​ថ្លែង​ថា​ លោក ​ប៉ុមប៉េអូ ​បាន​ប្រើប្រាស់ ​«​ហេតុផល​សិទ្ធិ​មនុស្ស​» ​ដើម្បី​ធ្វើ​សេចក្តី​ថ្លែងការណ៍​មួយ ដែល​ «​បាន​ធ្វើ​អន្តរាគមន៍​គួរ​ឲ្យ​ស្អប់​ខ្ពើម​បំផុត​នៅ​ក្នុង​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ប្រទេស ​ចិន​ ​ជា​ការ​វាយ​ប្រហារ​មក​លើ​ប្រព័ន្ធ​គ្រប់គ្រង​របស់​ខ្លួន​ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គោល​នយោបាយ​ការ​បរទេស​របស់​ប្រទេស ​ចិន​។​

«​នេះ​ គឺ​ជា​ការ​ប្រមាថ​ចំពោះ​ប្រជាជន​ចិន​ និង​ជា​ការ​រំលោភ​ច្បាប់​អន្តរជាតិ​ និង​បទដ្ឋាន​ជា​មូលដ្ឋាន​ដែល​គ្រប់គ្រង​លើ​ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ​​»។ ​

ភាគី​ចិន​ បាន​​សម្តែង​ការ​មិន​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​របស់​ខ្លួន​ និង​ធ្វើ​ការ​ប្រឆាំង​យ៉ាង​ដាច់​អហង្ការ​ចំពោះ​សេចក្តី​ថ្លែងការណ៍​របស់​លោក​ ​ម៉ៃក៍ ប៉ុមប៉េអូ»​៕ AFP/SK