បុរីញូវយ៉ក: កាលពី​ថ្ងៃ​ពុធ ប្រេសិត​ពិសេស​ចិន​ម្នាក់​បាន​ថ្លែងថា ចិន​សូម​ប្រឆាំង​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ការ​ប្រើ​ប្រាស់​នូវ​អាវុធ​គីមី​ទោះបី​ស្ថិត​ក្រោម​កាលៈ​ទេសៈ​បែប​ណា​មួយ​ក៏ដោយ។

ថ្លែង​នៅ​កិច្ច​ជំនួប​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ (UNSC) អំឡុង​លើក​ឡើង​អំពី​ស្ថានភាព​ក្នុង​តំបន់​មជ្ឈិមបូព៌ា លោក Wu Hai-tao អ្នក​តំណាង​អចិន្រៃ្តយ៍​រង​របស់​ចិន​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ (UN) បាន​ឲ្យ​ដឹង​ថា​ប្រទេស​របស់​លោក «មាន​ក្តីបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រើប្រាស់​អាវុធ​គីមី​ប្រឆាំង​ក្រុម​ជន​ស៊ីវិល​នៅ​ក្នុង​ទឹកដី​ស៊ីរី​ដែល​កំពុង​មាន​ជម្លោះ»។

លោក​បាន​ថ្លែងថា ឧប្បត្តិហេតុ​នាពេលថ្មីៗនៃ​បទ​សង្ស័យ​ការប្រើប្រាស់​សារធាតុ​គីមី​ពុល​ជា​បញ្ហា​មួយ «គួរ​ឲ្យ​មាន​ក្តីបារម្ភ​ខ្លាំង​ណាស់»។

ទាក់ទិន​បញ្ហា​នេះ ការបង្កើតឡើង​នូវ​យន្តការ​ស៊ើបអង្កេត​ថ្មី​មួយ​ដើម្បី​ស្រាវជ្រាវ​រក​ការ​ពិត​និង​រារាំង​ការ​ប្រើប្រាស់​ជា​ញឹកញាប់​នៃ​អាវុធ​ប្រភេទ​នេះ​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់»។

ប្រេសិត​ពិសេស​ចិន​រូបនោះ​ដដែល​បាន​ថ្លែងថា គ្រប់ភាគី​ទាំងអស់​គួរ​បន្ត​ស្នើ​ឲ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ និង​អង្គការ​សម្រាប់​ការ​ហាម​ប្រាម​ការ​ប្រើប្រាស់​អាវុធ​គីមី (OPCW) គួរ​តែ​ជា​ច្រក​ផ្លូវ​ដ៏​សំខាន់​សម្រាប់​ការ​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​ការ​ប្រើប្រាស់​អាវុធ​គីមី។

លោក Wu បានបង្ហាញ​ក្តីសង្ឃឹម​ថា រដ្ឋាភិបាល​ស៊ីរី​នឹង​បន្ត​សហប្រតិបត្តិការ​ជាមួយ OPCW ស្តីពី​សេចក្តី​សម្រេច​នៃ​ការ​ប្រកាស​ជា​បឋម និង​ដោះស្រាយ​ដោយ​សមស្រប​នូវ​បញ្ហា​សំខាន់ៗ​នានា​ដែល​ពាក់ព័ន្ធ​បញ្ហា​ខាង​លើ៕