ក្រុងប៉េកាំងៈ ប្រទេស​ចិន​បាន​ព្រមាន​អង់គ្លេស​ឲ្យ​ឈប់​ជ្រៀតជ្រែត​ក្រុង​ហុងកុង​ក្រោយពី​មន្ត្រីជាន់ខ្ពស់​អង់គ្លេស​ម្នាក់ បាន​អំពាវនាវ​ឲ្យ​មេដឹកនាំ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ បង្ហាញ​កង្វល់​ជុំវិញ​ការតវ៉ា​ដែល​បាន​ធ្វើឲ្យ​ក្រុង​នេះ​រង្គោះរង្គើ​រយៈពេល​ ២ ​ខែ​មក​ហើយ​នោះ​។

ការតវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ដែល​ត្រូវ​បាន​បង្កឡើង​ដោយ​កំហឹង​ទូទៅ​ចំពោះ​ការបាត់បង់​សិទ្ធិ​សេរីភាព​នៅក្នុង​ក្រុង​ហុងកុង​បាន​ក្លាយ​ទៅ​ជា​ការគំរាមកំហែង​ធំ​បំផុត​ចំពោះ​ការគ្រប់គ្រង​ក្រុង​ចិន​ពាក់កណ្តាល​ស្វយ័ត​ភាគខាងត្បូង​ចាប់តាំងពី​អង់គ្លេស​ប្រគល់​ក្រុង​នេះ​ទៅ​ឲ្យ​ចិន​វិញ​នៅក្នុង​ឆ្នាំ​ ១៩៩៧ ​មក​។

យោង​តាម​ក្រសួង​ការបរទេស​បាន​ឲ្យ​ដឹងថា​កាលពី​ថ្ងៃ​សុក្រ​លោក​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស ដូមីនីក រ៉ាអាប់ បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោកស្រី​មេដឹកនាំ​ក្រុង​ហុងកុង ការី ឡាម ដែល​លោក​បាន​បញ្ជាក់​ពី​តម្រូវ​ការចាំបាច់​ឲ្យ​បើក​ការស៊ើបអង្កេត​ឯករាជ្យ​ពេញលេញ​ទៅ​លើ​ព្រឹត្តិការណ៍​ថ្មីៗ​ដោយ​បាន​ជំរុញ​ឲ្យ​មាន​ការឆ្លើយតប​ពី​ក្រុង​ប៉េកាំង​។

ក្រុមអ្នកតវ៉ា​ជ្រក​នៅ​ក្រោម​ឆត្រ ខណៈ​ដែល​ពួកគេ​ប្រមូលផ្តុំ​គ្នា​នៅ​ចិញ្ចើមផ្លូវ​នៅ​តំបន់​តៃរ៉ៃ​នៃ​ក្រុង​ហុងកុង​។ AFP

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Hua Chunying បាន​ថ្លែង​កាលពី​ថ្ងៃ​សៅរ៍​ថា​៖ «​ប្រទេស​ចិន​ពិតជា​បាន​ទាមទារ​ថា ភាគី​អង់គ្លេស​គួរ​បញ្ឈប់​សកម្មភាព​ទាំងអស់​ដែល​បាន​ជ្រៀតជ្រែក​កិច្ចការ​របស់​ក្រុង​ហុងកុង​ជាបន្ទាន់​ និង​ឈប់​ជ្រៀតជ្រែក​កិច្ចការ​​ផ្ទៃក្នុង​របស់​ចិន​»​។

ដោយ​បាន​រិះគន់​ការសម្រេចចិត្ត​របស់​លោក រ៉ាអាប់ ហៅ​លោកស្រី ការី ឡាម ថា មាន​កំហុស​នោះ​លោក Hua បាន​ជំរុញ​ឲ្យ​អង់គ្លេស​ឈប់​បង្កបញ្ហា​នៅក្នុង​ក្រុង​ហុងកុង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​តាម​អ៊ីនធឺណិត​នោះ​។

ក្រុង​ប៉េកាំង​បាន​បង្កើន​ការទប់ស្កាត់​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​នៅ​តំបន់​ពាក់កណ្តាល​ស្វយ័ត ដែល​ត្រូវ​បាន​ផ្តល់​មូលនិធិ​ដោយ​លោក​ខាងលិច​ ប៉ុន្តែ​បាន​ផ្តល់​ភ័ស្តុតាង​តិចតួច​លើសពី​សេចក្តី​ថ្លែងការណ៍​គាំទ្រ​ចេញពី​ក្រុម​អ្នក​នយោបាយ​លោក​ខាង​លិច​នោះ​។

អ្នក​តវ៉ា​ម្នាក់​ប្រើ​ភ្លើង​ឡាហ្ស៊ែរ ខណៈ​ដែល​ប៉ូលិស​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​នៅ​តំបន់​តៃវ៉ៃ​នៃ​ក្រុង​ហុងកុង​។ AFP

កាលពី​សប្តាហ៍​មុន​រដ្ឋាភិបាល​ចិន​បាន​រិះគន់​ក្រុង​វ៉ាស៊ីនតោន​ក្រោយពី​មាន​របាយការណ៍​លើក​ឡើង​ថា អ្នកការទូត​អាមេរិក​ប្រហែល​ ៣០ ​រូប​មាន​មូលដ្ឋាន​នៅ​ក្រុង​ហុងកុង​បាន​ជួប​ជាមួយ​ក្រុម​សកម្មជន​គាំទ្រ​ប្រជាធិបតេយ្យ​។

ក្រសួង​ការបរទេស​ចិន​បាន​ជំរុញ​ឲ្យ​អាមេរិក​ធ្វើការ​បោសសម្អាត​ជាមួយ​ក្រុម​អ្នកតវ៉ា​ប្រឆាំង​ចិន និង​ឈប់​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ក្រុង​ហុងកុង​ជាបន្ទាន់​។

ភាពតានតឹង កើនឡើង​ខ្ពស់​នៅក្នុង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អាស៊ី​មួយ​នេះ ក្រោយពី​ភ្លាមៗ​នោះ​បាន​រីកចម្រើន​ក្លាយ​ជា​ចលនា​ទាមទារ​ឲ្យ​មាន​ការកែ​ទម្រង់​តាមបែប​លទ្ធិ​ប្រជាធិបតេយ្យ​។

កាលពី​សប្តាហ៍​មុន​ក្រុង​នេះ​មើលឃើញ​កូដកម្ម​ជាទូទៅ​ដោយ​កម្រ និង​ភាពចលាចល​រាលដាល​នៅក្នុង​ការតវ៉ា​រយៈពេល ​២ ​ខែ​ដោយ​ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​​ ៨០០ ​គ្រាប់​ទៅលើ​ក្រុម​អ្នកតវ៉ា តែ​ក្នុង​រយៈពេល​ ១ ​ថ្ងៃ​នៅ​រាប់សិប​ទីតាំង​៕ PSA