ក្រុងអ៊ីស្លាម៉ាបាដ៖ កិច្ចពិភាក្សាលើកទី ៣ របស់រដ្ឋមន្ត្រីការបរទេស ចិន អាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន ត្រូវបានរៀបចំធ្វើឡើងនៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដ កាលពីថ្ងៃសៅរ៍ ហើយភាគីទាំង ៣ បានសង្កត់ធ្ងន់ទៅលើតម្រូវការការពារសុវត្ថិភាព និងស្ថិរភាពក្នុងតំបន់រួមនៅចំពេលការផ្លាស់ប្តូរ និងកាលៈទេសៈយ៉ាងស្មុគស្មាញនេះ។
ប្រធានក្រុមប្រឹក្សារដ្ឋចិន និងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានថ្លែងនៅក្នុងកិច្ចប្រជុំនោះថា ស្ថានការណ៍នៅអាស៊ីខាងត្បូងកំពុងឡើងកម្តៅ និងមានការផ្លាស់ប្តូរយ៉ាងស្មុគស្មាញនៅពេលបច្ចុប្បន្ន។
លោក វ៉ាង យី បានបញ្ជាក់ថា ការរីកចម្រើនទទួលបានសម្រេចយ៉ាងជោគជ័យនៅក្នុងកិច្ចពិភាក្សាសន្តិភាពរវាងអាមេរិក និងក្រុមតាលីបង់ និងមានឱកាសដ៏សំខាន់មួយ ដើម្បីសន្តិភាព និងការផ្សះផ្សានៅអាហ្វហ្គានីស្ថាន។
លោកបានបន្ថែមថា ចំណែកជម្លោះជាប្រវត្តិសាស្ត្រមួយចំនួនបានឡើងកម្តៅម្តងទៀត ដោយបានធើ្វឲ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
លោកបានបន្ថែមថា នៅក្នុងឆាកអន្តរជាតិឯកតោភាគីនិយមការគាំពារនិយម និងអនុត្តរភាពបានគំរាមកំហែង និងបង្កឧបសគ្គដល់ផលប្រយោជន៍របស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។
លោក វ៉ាង យី បានថ្លែងថា ប្រទេស ចិន អាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន គឺជាប្រទេសក្បែរខាងជាប់គ្នា ជាមួយនឹងអនាគតរួម។ ប្រទេសទាំង ៣ មានការជំរុញរួមគ្នា ដើម្បីការពារសុវត្ថិភាព សន្តិភាពក្នុងតំបន់ និងទទួលបានស្ថិរភាពយូរអង្វែង តម្រូវការដើម្បីជំរុញឆ្ពោះទៅការអភិវឌ្ឍផ្លូវមួយ និងខ្សែក្រវាត់មួយ និងទំនាក់ទំនងនៅក្នុងតំបន់ និងការរំពឹងនឹងសម្រេចបានការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនប្រសើរឡើង។
លោកបានថ្លែងថា ប្រទេសទាំង ៣ គួរតែធ្វើការជាមួយគ្នា និងខិតខំបន្ថែមទៀត ដើម្បីជំរុញឆ្ពោះទៅរកដំណើរការផ្សះផ្សារបស់អាហ្វហ្គានីស្ថាន និងដឹកនាំដោយអាហ្វហ្គានីស្ថាន និងធ្វើឲ្យទំនាក់ទំនងល្អប្រសើរឡើង៕ Xinhua/SK