ក្រុងប៉េកាំងៈ អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងកាលពីថ្ងៃចន្ទថា ប្រទេស ចិន បានអំពាវនាវឲ្យអាមេរិកបញ្ឈប់វិធានការខុសឆ្គងរបស់ខ្លួនទៅលើបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់តទៅទៀត ហើយគោរពសិទ្ធិស្របច្បាប់ និងផលប្រយោជន៍របស់ភាគីទាំង ២។
ក្រុមមេដឹកនាំបារាំង អាល្លឺម៉ង់ និងអង់គ្លេស បានចេញសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃអាទិត្យ ដោយបានថ្លែងថា ពួកគេ «បានព្រួយបារម្ភអំពីហានិភ័យដែលផែនការសកម្មភាពទូលំទូលាយរួម (JCPOA) កិច្ចព្រមព្រៀងនុយក្លេអ៊ែរនឹងបរាជ័យ បន្ទាប់ពីទណ្ឌកម្មត្រូវបានដាក់ដោយអាមេរិក និងជាលទ្ធផលនៃការសម្រេចចិត្តរបស់អ៊ីរ៉ង់ដែលលែងគោរពលក្ខខណ្ឌសំខាន់ៗនៃកិច្ចព្រមព្រៀងនេះ»។
ពួកគេបានបញ្ជាក់ថា គ្រប់ភាគីទាំងអស់បានព្រួយបារម្ភអំពីបញ្ហានោះ ហើយគួរតែទទួលខុសត្រូវ និងស្វែងរកមធ្យោបាយនានា ដើម្បីបញ្ឈប់ភាពតានតឹងកាន់តែខ្លាំងឡើង និងបន្តកិច្ចចរចាជាមួយគ្នាតទៅទៀត។
នៅក្នុងការឆ្លើយតបនោះ អ្នកនាំពាក្យលោក GengShuang បានថ្លែងថា ភាពតានតឹងជុំវិញបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ បានបន្តឡើងកម្តៅកាលពីពេលថ្មីៗនេះ ហើយប្រទេស ចិន បានព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានការណ៍នៅពេលបច្ចុប្បន្ននេះ ហើយបានរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគីដែលពាក់ព័ន្ធ និងបានប្តេជ្ញាចិត្តដោយខ្លួនឯងដើម្បីជួយបន្ធូរបន្ថយភាពតានតឹងទាំងនោះ។
លោក Geng Shuang បានថ្លែងថា ជាទូទៅ ប្រទេស ចិន បានជឿជាក់ថា ការអនុវត្តនៃផែនការ JCPOA ឲ្យមានប្រសិទ្ធភាពនៅក្នុងការអនុឡោមទៅតាមតម្រូវការរបស់សេចក្តីសម្រេចក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពតែ ១ គត់ ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ និងការបន្ធូរបន្ថយភាពតានតឹងនាពេលបច្ចុប្បន្ន។
លោក Geng Shuang បានអំពាវនាវឲ្យភាគីដែលពាក់ព័ន្ធបន្តធ្វើចិត្តឲ្យត្រជាក់ និងអត់ធ្មត់ឲ្យបានច្រើន ដើម្បីដោះស្រាយបញ្ហានេះតាមរយៈការចរចាស្ថិតនៅក្រោមផែនការ JCPOA ដោយចាប់ផ្តើមឲ្យពួកគេទទួលខុសត្រូវ និងធានាឲ្យមានតុល្យភាព និងកាតព្វកិច្ចនៃផែនការ JCPOA នេះ។
លោកបានអំពាវនាវឲ្យអាមេរិកបញ្ឈប់វិធានការខុសឆ្គងរបស់ខ្លួនតទៅទៀត ទៅលើបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ហើយត្រូវគោរពសិទ្ធិស្របច្បាប់ និងផលប្រយោជន៍របស់គ្រប់ភាគីទាំងនោះ មិនត្រូវបង្អាក់ការអនុវត្តរបស់ផែនការ JCPOA ហើយធ្វើការដើម្បីដំណោះស្រាយនយោបាយ និងការទូតចំពោះបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់។
នៅពេលឆ្លើយសំណួរមួយអំពីអង់គ្លេស ដែលបានឃាត់នាវាដឹកប្រេងអ៊ីរ៉ង់ ១ គ្រឿង ដែលខ្លួនបានសង្ស័យថានឹងដឹកប្រេងនោះទៅកាន់ប្រទេស ស៊ីរី លោក Geng បានថ្លែងថា ប្រទេស ចិន ជានិច្ចកាលបានបញ្ជាក់ថា ប្រទេសមួយគួរតែប្រកាន់ខ្ជាប់នូវបទដ្ឋានច្បាប់អន្តរជាតិជាមូលដ្ឋាន នៅក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសផ្សេងៗទៀត។
លោកថ្លែងថា៖ «ប្រទេស ចិន សង្ឃឹមថា គ្រប់ភាគីពាក់ព័ន្ធចាត់វិធានការដើម្បីបញ្ចៀសភាពតានតឹង និងការពារសន្តិសុខរួមគ្នា»៕ Xinhua/SK