ក្រុង​ម៉ានីលៈ ​អ្នក​នាំពាក្យ​​ប្រធានាធិបតី​ហ្វីលីពីន​លោក ​Rodrigo Duterte ​បាន​ថ្លែង​កាល​ពី​សៅរ៍​ថា ​ប្រទេស ​ចិន​ និង​ហ្វីលីពីន ​បាន​ឯកភាព​គ្នាធ្វើ​ការ​ស៊ើប​អង្កេត​រួម​លើ​ករណី​​លិច​ទូក​នេសាទ​ហ្វីលីពីន​បណ្តាល​មក​ពី​នាវា​ចិន ​១ ​គ្រឿង​ នៅ​ក្នុង​ជម្លោះ​ដែន​សមុទ្រ​ចិន​​។​

ឧប្បត្តិហេតុ​កាល​ពី​ថ្ងៃ​ទី ​៩ ​ខែ ​មិថុនា​ នៅ​ពេល​ទូក ​២ ​គ្រឿង​ បាន​បុក​គ្នា​នៅ​ក្នុង​ដែន​ទឹក​សមុទ្រ​ចិន​ខាង​ត្បូង​ បាន​បង្ក​ឲ្យ​មាន​ការ​ផ្ទុះ​កំហឹង​ជា​សាធារណៈ​យ៉ាង​ខ្លាំង​។​

ក្រុង​ម៉ានីល​ បាន​ចោទ​ប្រកាន់​នាវា​ចិន​ពី​បទ​បោះបង់​ចោល​ក្រុម​សមាជិក​នាវា​ជា​​នាវិក​​ហ្វីលីពីន​ចំនួន ​២២​ នាក់​ ក្រោយ​មក​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​ក្រុម​អ្នក​​នេសាទ​វៀតណាម​ ប៉ុន្តែ​ក្រុង​ប៉េកាំង​បាន​ទាត់​ចោល​ការ​ចោទ​ប្រកាន់​នោះ​។​

ប្រទេស ​ចិន​ បាន​បញ្ជាក់​ថា​ នាវា​ចិន​គ្រាន់​តែ ​«​បាន​ប៉ះ​ទង្គិច​» ​នាវា​នោះ​តែ​ប៉ុណ្ណោះ​ ហើយ​បាន​ព្យាយាម​ជួយ​សង្គ្រោះ​ក្រុម​អ្នក​នេសាទ​ទាំង​នោះ​ ប៉ុន្តែ ​«​ភ័យ​ខ្លាច​មាន​ការ​ឡោមព័ទ្ធ​ដោយ​ទូក​នេសាទ​ហ្វីលីពីន​ផ្សេង​ទៀត​មក​យាយី​នោះ​»​។​

អ្នក​នាំ​ពាក្យ​របស់​លោក​ប្រធានាធិបតី​គឺ​លោក ​Salvador Panelo ​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ​លោក​ Rodrigo Duterte ​បាន​ទទួល​យក​ការ​ផ្តល់​ជូន​របស់​រដ្ឋាភិបាល​ចិន ក្នុង​ការ​​ធ្វើ​ការ​ស៊ើប​អង្កេត​រួម​គ្នា​នៅ​ក្នុង​ឧប្បត្តិហេតុ​នោះ​ «​ដើម្បី​ប្តេជ្ញា​ចិត្ត​ទៅ​នឹង​អ្វី ​ដែល​បាន​កើត​ឡើង​ឲ្យ​ពិត​ប្រាកដ​នោះ​»​។​

លោក ​Salvador Panelo ​បាន​បន្ថែម​ថា​ ក្រុម​ស៊ើប​អង្កេត​នោះ​គួរ​ «​មាន​លក្ខណ​សម្បត្តិ​ឲ្យ​គ្រប់គ្រាន់ ​និង​មាន​សមត្ថភាព​រៀងៗ​ខ្លួន​ ដោយ​ទាំង​ភាគី​ហ្វីលីពីន​ និង​ប្រទេស ​ចិន ​ដែល​ត្រូវ​មាន​អ្នក​តំណាង​ម្នាក់​មួយ​ និង​សមាជិក​ទី​៣​ ត្រូវ​មក​ពី​ប្រទេស​អព្យាក្រឹត»​។​

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​ករណី​ទូក​បុក​គ្នា​នោះ៕ AFP/SK