ក្រុងប៉េកាំងៈ លោក​ប្រធានាធិបតី​ស៊ី ជីន​ភីង បាន​ជំរុញ​ឲ្យ​បង្កើន​កិច្ច​ប្រឹង​ប្រែង ដើម្បី​ធ្វើ​ឲ្យ​ការ​ប្រយុទ្ធ​ប្រឆាំង​ភាព​ក្រីក្រ​ទទួល​បាន​ជោគ​ជ័យ​តាម​ការ​គ្រោង​ទុក។

លោក​ស៊ី ដែលជា​អគ្គលេខាធិ​ការ​គណៈកម្មាធិការ​មជ្ឈិម​នៃ​បក្ស​កុម្មុយនីស្ត​ចិន (CPC) និង​ជា​ប្រធាន​នៃ​គណៈ​កម្មាធិការ​យោធា​មជ្ឈិម បាន​បញ្ជាក់​នៅ​ពេល​ផ្តល់​ការ​ណែនាំ​អំពី​ការងារ​កាត់​បន្ថយ​ភាព​ក្រីក្រ​ថា ចិន​គួរតែ​ផ្តោត​ទៅ​លើ​គោល​ដៅ​នៃ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ខ្លួន និង​ខិតខំ​ប្រឹង​ធ្វើការ​ដើម្បី​ទទួល​បាន​ជោគ​ជ័យ​ខណៈ​ប្រទេស​នេះ ប្រារព្ធ​ទិវា​ជាតិ​កាត់​បន្ថយ​ភាព​ក្រីក្រ​លើក​ទី ៥ ដែល​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ទី ១៧ ខែ​តុលា ជា​រៀង​រាល់​ឆ្នាំ​នោះ។

លោក​ស៊ី ជីន​ភីង បាន​ថ្លែងថា ប្រទេស​ចិន​បានធ្វើការ​កាត់បន្ថយ​ភាពក្រីក្រ​ជា​បណ្តើរៗ ចាប់​តាំង​ពី​គោល​ការណ៍​កំណែ​ទម្រង់​របស់​ខ្លួន ចាប់​ផ្តើម​នៅ​ក្នុង​ឆ្នាំ ១៩៧៨។

ការ​បន្ត​ធ្វើការ​ងារ​យ៉ាង​លំបាក​រយៈពេល ៤០ ឆ្នាំ បាន​ជួយ​ប្រជាជន​ជាង ៧០០ លាន​នាក់​នៃ​ប្រជាជន​សរុប​របស់​ខ្លួន​ចេញ​ផុត​ពី​ភាព​ក្រីក្រ និង​បង្កើត​ទស្សន​វិស័យ​ជាច្រើន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន។

លោក​ស៊ី បាន​ថ្លែង​ទៀត​ថា ភាព​ក្រីក្រ​ខ្លាំង​ដែល​បាន​កើត​ឡើង​រាប់​ពាន់​ឆ្នាំ​សម្រាប់ ប្រជាជន​ចិន ឥឡូវនេះ ជិត​ត្រូវបាន​ដោះស្រាយ​ចប់​សព្វ​គ្រប់​ជា​ប្រវត្តិសាស្ត្រ​ហើយ ចំណែក​ការ​ប្រយុទ្ធ​ប្រឆាំង​ភាព​ក្រីក្រ​យ៉ាង​ហ្មត់ចត់​របស់​ប្រទេស​ចិន​បាន​ឈាន​ចូល​ដល់​ដំណាក់​កាល​សំខាន់​បំផុត​ដែរ។

លោក​ស៊ី​បាន​បញ្ជាក់ថា៖ «អ្វី​ដែលជា​តម្រូវការ​ជា​ចាំបាច់​បំផុត គឺ​ជំនឿ​ជឿជាក់​លើ​ជោគជ័យ និង​ការ​តាំង​ចិត្ត​ធ្វើ​ប្រកប​ដោយ​ភាព​ក្លាហាន។ ដរាប​ណា​តំបន់ និង​ផែ្នក​នានា​មាន​ការ​ទទួល​ខុស​ត្រូវ និង​ខិតខំ​ប្រឹង​ប្រែង​ធ្វើការ ក្រុម​ការងារ​និង​មហាជន​នៅ​ក្នុង​តំបន់​ដែល​រួមរឹត​ដោយ​ភាព​ក្រីក្រ ត្រូវ​បន្ត​ខិតខំ​ប្រឹង​ប្រែង​ធ្វើ​ការងារ ដោយ​ផ្តោត​លើ​គោល​ដៅ​កាត់​បន្ថយ​ភាព​ក្រីក្រ៕