ក្រុងអាដែនៈ​ កង​កម្លាំង​រដ្ឋា​ភិបាល​ និង​ក្រុម​ឧទ្ទាម​ បាន​ប៉ះ​ទង្គិច​ជា​ថ្មី​កាល​ពី​ថ្ងៃ​អង្គារ​ នៅ​ក្បែរ​ក្រុង​កំពង់​ផែ​ក្រុង​យេ​ម៉ែន​ដែល​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ជំនួយ​មនុស្ស​ធម៌​ ​ជា​ទី​ដែល​មាន​ជនស៊ីវិល​រាប់​សែន​នាក់ ​អាច​ត្រូវ​​ជាប់​នៅ​ទី​​នោះ​ ខណៈ​ដែលសង្គ្រាមកំពុង​​កើត​ឡើង​ក្បែរ​តំបន់​នោះ​។

ការ​ប្រយុទ្ធ​គ្នារយៈពេល​ ៥​ ថ្ងៃ​រវាង​ក្រុម​ឧទ្ទាម​ហ៊ូធី​មាន​ទំនាក់​ទំនង​ជា​មួយ​អីុរ៉ង់ ​និង​កង​ទ័ព​រដ្ឋា​ភិបាល​ បាន​ចង​សម្ព័ន្ធ​មិត្ត​ជា​មួយ​ក្រុម​ចម្រុះ​យោធា​នៅ​ក្នុង​តំបន់​មួយ​ដឹក​នាំ​ដោយ​អារ៉ាប៊ី​ សាអ៊ូ​ឌីត​ បាន​បណ្តាល​ឲ្យ​យុទ្ធ​ជន​ប្រយុទ្ធ​ជាង​ ១៥០​នាក់​ស្លាប់​ នៅ​ក្នុង​សមុទ្រ​ក្រហម​នៃ​ខេត្ត​ហូដេ​ដា​(Hodeida)​។

អ្នកនាំ​ពាក្យ​ក្រុម​ចម្រុះ​ដឹក​នាំ​ដោយ​អារ៉ាប៊ី ​សាអ៊ូឌីត​ កាល​ពី​ថ្ងៃ​ចន្ទ ​បាន​ថ្លែង​ថា ​សម្ព័ន្ធ​មិត្ត​រដ្ឋា​ភិបាល​ មិន​មាន​ផែន​ការ​ចាប់​ផ្តើម​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ ​ដើម្បី​ដណ្តើម​យក​ខេត្ត​ហូ​ដេ​ដា​​មក​កាន់​កាប់​ វិញ​នោះទេ។

ប៉ុន្តែ​ក្រុម​មន្ត្រី​យោធា​នៅ​ក្នុង​សមរ​ភូមិ​ បាន​រាយការណ៍​ថា ​កង​កម្លាំង​របស់​ពួក​គេ​ បាន​ឡោម​ព័ទ្ធ​ក្រុង​ដែល​កាន់​កាប់​ដោយ​ក្រុម​ឧទ្ទាម​នោះ​។

ក្រុម​ឧទ្ទាម ក៏​បាន​អះអាងពី​​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​នៅ​ក្នុង​តំបន់​នេះ​តាមរយៈ​​ស្ថានីយ​ទូរទស្សន៍​Al-Masirah ​របស់​ពួក​គេ​។

ការ​វាយ​ប្រហារ​គ្នានោះ​ ​បាន​កើត​ឡើង ​ខណៈ​ដែល​អង្គការ​សហ​ប្រជា​ជាតិ​ បាន​ជំរុញឲ្យមាន​ការចរចា​​ឡើង​វិញ​រវាង​គូរ​បដិបក្ស​ដែល​កំពុង​ប្រយុទ្ធ​គ្នា​យ៉ាង​ស្វិត​ស្វាញ​ ក្រោយ​ពី​ការ​ចរ​ចា​នៅ​ក្រុង​ហ្សឺ​ណែវ​កាល​ពី​ខែ​កញ្ញា​ បាន​បរា​ជ័យ​នោះ​៕ ​SK