ក្រុងគុរ៉ាស៊ីគីៈ កាលពី​ថ្ងៃ​អង្គារ ក្រុម​អ្នកធ្វើការងារ​ជួយសង្គ្រោះ បានធ្វើ​ការរុករក​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ដោយ​មាន​ក្តី​សង្ឃឹម​តិចតួច​ក្នុង​ការ​ស្វែងរក​ក្រុម​អ្នក​នៅ​រស់ ក្រោយ​ពី​ទឹក​ជំនន់ និង​បាក់​ដី ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស ១៥៦ នាក់​ស្លាប់ ជា​មហន្តរាយ​មួយ​ក្នុង​ចំណោម​មហន្តរាយ​ជាច្រើន​ទាក់​ទង​នឹង​អាកាស​ធាតុ​អាក្រក់​បំផុត​សម្រាប់​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ។

កំណត់ត្រា​ភ្លៀង​ធ្លាក់​ខ្លាំង​ដែល​បានចាប់ផ្តើម​កាលពី​សប្តាហ៍​មុន បាន​រាំង​ទៅវិញ​និង​ទឹក​ជំនន់​ស្រក​បាន​បង្ហាញ​ពី​ការ​បំផ្លាញ ដែល​បាន​ផ្តាច់​តំបន់​មួយ​រហូត​ដល់​ភាគ​ខាង​លិច​នៃ​ប្រទេស​នេះ។

នៅក្នុង​ក្រុង​គុ​រ៉ាស៊ី​គី ទឹកជំនន់ បានធ្វើ​ឲ្យ​លិចលង់​សង្កាត់​ជាច្រើន ដោយបាន​បង្ខំ​ឲ្យ​មនុស្ស​ខ្លះ ឡើង​លើ​ដំបូល​ផ្ទះ​របស់​ពួកគេ​ដើម្បី​រង់ចាំ​ការ​ជម្លៀស។

ក្រុម​អ្នក​ជួយសង្គ្រោះ បាន ខិតខំ​ប្រឹងប្រែង​ដើរ​ពី​ផ្ទះមួយ​ទៅផ្ទះ​មួយ ដើម្បី​ស្វែងរក​អ្នក​នៅរស់ ឬ ជន​រង​គ្រោះ​ដោយសារ​មហន្តរាយ​នោះ។

មន្ត្រី​រដ្ឋាភិបាល​ម្នា​ក់នៅ​ខេត្ត​អូ​កា​យ៉ាម៉ា បាន​ថ្លែងប្រាប់ AFP ថា៖ «វា​គឺជា​អ្វីដែល​យើង​ហៅថា​កិច្ច​ប្រតិបត្តិការ​តាម​បណ្តាញ ជាទី​ដែល​យើង​កំពុង​ឆែក​ផ្ទះ​ម្តង​មួយៗ ដើម្បី​រក​ឲ្យ​ឃើញ​ថា តើ​មាន​មនុស្ស​ជាប់​នៅ​ក្នុង​ផ្ទះ​ដែរ​ឬទេ?»។ «យើង​ដឹងថា វា​គឺជា​កិច្ច​ប្រឹង​ប្រែង​ជួយ​សង្គ្រោះ​បន្ទាន់​យើង​បាន​និង​កំពុង​ព្យាយាម​រុក​រក​តាម​អាច​ធ្វើ​បាន»។

លោក Hideto Yamanaka កំពុង​ដឹកនាំ​អ្នក​ពន្លត់​អគ្គិភ័យ​មួយក្រុម​ប្រហែល ៦០ នាក់ ត្រូវបាន​បញ្ជូន​ចេញ​ក្រៅ​ខេត្ត ដើម្បី​ឲ្យ​ឆែក​រក​មនុស្ស​នៅ​តាម​ផ្ទះ។

លោក Yamanaka មាន​អាយុ ៥៣ ឆ្នាំ​ថ្លែងថា៖ «ខ្ញុំ​ខ្លាច​ថា មនុស្ស​ចាស់ៗ​នៅ​តែ​ម្នាក់​ឯង ប្រហែល​ជា​មិន​អាច​គេច​ពី​ទឹក​ជំនន់​បាន​ទេ»៕