ក្រុង​គែរ៖ ​ចំនួន​អ្នក​ស្លាប់​នៅ​ក្នុង​ប្រទេស ​អ៊ីរ៉ង់ ​ដោយសារ​ជំងឺ​កូវីដ ​១៩ ​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​ បាន​កើន​ឡើង​ដល់​ចំនួន ​១ ៨១២ ​នាក់​ កាល​ពី​ថ្ងៃ​ចន្ទ​ ក្រោយ​ពី​ករណី​ស្លាប់​ថ្មី​ត្រូវ​បាន​គេ​រាយការណ៍​ថា​ មាន​ចំនួន ​១២៧ ​នាក់​។ ​ចំណែក​ឯ​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត​នៅ​ក្នុង​មជ្ឈិមបូព៌ា​ បាន​សម្រេច​ចិត្ត​ដាក់​បម្រាម​គោចរ ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ដ៏​​ចម្លែក​នេះ​។​

ចំនួន​សរុប​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ ​១៩ ​នៅ​ក្នុង​ប្រទេស ​អ៊ីរ៉ង់​ ដែល​ជា​ប្រទេស​រង​ការ​វាយ​ប្រហារ​យ៉ាង​អាក្រក់​បំផុត​នៅ​ក្នុង​តំបន់​ បាន​ហក់​ឡើង​ដល់​ចំនួន​ ២៣ ០៤៩ ​នាក់​ ដោយ​កើន​ឡើង ​១ ៤១១​ នាក់​ នៅ​ក្នុង​រយៈពេល ​១ ថ្ងៃ​កន្លង​ទៅ​ ខណៈ​អ្នក​ឆ្លង​ចំនួន​ ៨ ៣៧៦ ​នាក់​ បាន​ជា​សះស្បើយ​។​

រដ្ឋមន្ត្រី​ការ​បរទេស​អ៊ីរ៉ង់ ​លោក ​ម៉ូហាម៉េដ ​ចាវ៉ាដ ហ្សារីហ្វ​ បាន​ប្រឆាំង​អាមេរិក​ ជុំវិញ​ការ​បង្ក​ឧបសគ្គ​ប្រយុទ្ធ​ប្រឆាំង​ការ​ផ្ទុះ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ចម្លែក​ តាមរយៈ​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​ប្រទេស ​អ៊ីរ៉ង់​ ខណៈ​អ៊ីរ៉ង់​បាន​ស្នើ​ឲ្យ​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​ទូទាំង​ពិភព​លោក​ ផ្គើន​ទៅ​នឹង​ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​។​

ប្រធានាធិបតី​អ៊ីរ៉ង់​លោក​ ហាស្សាន​ រូហានី​ បាន​ទាត់​ចោល​ការ​ស្នើសុំ​របស់​អាមេរិក​ ដើម្បី​ជួយ​ប្រទេស ​អ៊ីរ៉ង់ ​ប្រយុទ្ធ​ប្រឆាំង​ការ​ផ្ទុះ​វីរុស​កូរ៉ូណា​ថា​ ​«ជា​ការ​និយាយ​កុហក​មួយ ​ក្នុង​ចំណោម​ការ​និយាយ​កុហក​ធំ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​អាមេរិក​»​។​

រដ្ឋមន្ត្រី​សុខាភិបាល​តួកគី​លោក​ ហ្វាហ៍​រីត​ទីន ​កូកា​ បាន​ថ្លែង​នៅ​លើ​គេហទំព័រ​ធ្វីធើរ​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ថា ​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩​ នៅ​ក្នុង​ប្រទេស ​តួកគី ​បាន​កើន​ឡើង​ដល់ ​៣៧ ​នាក់​ ក្រោយ​ពី​ករណី​ស្លាប់​ថ្មី ​៧ ​នាក់​បន្ថែម​ទៀត​។​

ករណី​ឆ្លង​ថ្មី ត្រូវ​បាន​គេ​រាយការណ៍​មក​ថា​ មាន​ចំនួន ​២៩៣ ​នាក់​ ដែល​បាន​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​​មាន​ការ​កើន​ឡើង​ដល់ ​១ ៥២៩ ​នាក់​៕ Xinhua/SK