ក្រុង​ប៉េកាំង៖ ​ចំនួន​អ្នក​ស្លាប់​ដោយសារ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​នៅ​ប្រទេស ​ចិន​ បាន​ឡើង​ដល់ ​១ ១០០ ​នាក់ ​កាល​ពី​ថ្ងៃ​ពុធ​ ប៉ុន្តែ​ករណី​ឆ្លង​ថ្មី​ថយ​ចុះ​រយៈពេល​ ២ ​ថ្ងៃ​ជាប់​គ្នា ​ខណៈ ដែល​អង្គការ​សុខភាព​ពិភព​លោក (WHO) ​បាន​អំពាវនាវ​ឲ្យ​មាន​សាមគ្គីភាព​ជា​សកល​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​​ដែល ​«​គំរាម​កំហែង​ដ៏​ខ្លាំងក្លា​» នេះ​។

ខណៈ​ក្រុង​ប៉េកាំង​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​វីរុស​នេះ ​មិន​ឲ្យ​រាលដាល​នោះ ​ចំនួន​អ្នក​ដែល​បាន​ឆ្លង​នៅ​លើ​នាវា​កម្សាន្ត​នៅ​ឆ្នេរ​សមុទ្រ​ជប៉ុន​កើន​ឡើង​ដល់ ​១៧៤ ​នាក់​ ជា​ចំនួន​​ច្រើន​ជាង​គេ​នៅ​ក្រៅ​ប្រទេស ​ចិន​ដី​គោក​។ ​​​

មនុស្ស ​៩៧ ​នាក់​ផ្សេង​ទៀត​បាន​ស្លាប់​នៅ​ក្នុង​ប្រទេស ចិន​ ​ដោយ​នាំ​ឲ្យ​ស្លាប់​នៅ​ទូទាំង​ប្រទេស​ឡើង​ដល់ ​១ ១១៣ ​នាក់ ​ខណៈ​មនុស្ស​ជាង ​៤ ៤៦០០ ​នាក់ ​បាន​ឆ្លង​វីរុស​កូរ៉ូណា COVID-19 ​ប្រភេទ​ថ្មី​នេះ​។

WHO ​បាន​សម្រេច​ចិត្ត​ដាក់​ឈ្មោះ​វីរុស​ COVID-19 ​ជា​ការ​បន្ត​អនុវត្ត​គោលការណ៍​នានា ​មាន​បំណង​ដើម្បី​បញ្ចៀស​ការ​ធ្វើ​ឲ្យ​ជំងឺ​មួយ​ទាក់ទង​ទៅ​នឹង​​សត្វ ​ឬ​ទីតាំង​ភូមិសាស្ត្រ​ណា​មួយ​នោះ​។

ក្រាហ្វិក​បង្ហាញពី​ប្រទេសមួយចំនួន​ ដែល​​​មាន​ករណី​ឆ្លង​វី​រុសកូរ៉ូណាប្រភេទថ្មី​។ AFP

ដោយ​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅ​ឯ​សន្និសីទ​អន្តរជាតិ​លើក​ដំបូង​ស្តីពី​វីរុស​នេះ ​នៅ​ក្នុង​ក្រុង​ហ្សឺណែវ​កាល​ពី​ថ្ងៃ​អង្គារ​ ប្រធាន​អង្គការ​ WHO​ លោក​តេដ្រូស​ ​អាដហាណុម ​ហ្គេប្រ៊ីយេស៊ុស​ បាន​ព្រមាន​ថា ​វីរុស​នេះ​ពិត​ជា «​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ»​។

ប៉ុន្តែ​លោក​បាន​ថ្លែង​ថា ​មាន​ឱកាស​ខិតខំ​ប្រឹងប្រែង​ និង​រួបរួម​គ្នា​គ្រប់​មជ្ឈដ្ឋាន ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​វីរុស​នេះ​។

លោក ​តេដ្រូស​ ​បាន​ថ្លែង​ថា៖ ​«យើង​មិន​អាច​ការពារ​ខ្លួន​បាន​ទេ ដោយ​បន្ថែម​ថា ​«ប្រសិន​បើ​យើង​វិនិយោគ​នា​ពេល​ឥឡូវ​នេះ... យើង​មាន​ឱកាស​ពិត​ប្រាកដ​ក្នុង​ការ​បញ្ឈប់​ការ​រាលដាល​នៃ​វីរុស​នេះ​»។

ក្រោយ​មក ​លោក​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ក្រៅ​សង្វៀន​ជំនួប​ដែល​បាន​បន្ត​រហូត​ដល់​ថ្ងៃ​ពុធ​ថា៖ ​«វីរុស​ជា​ច្រើន​ អាច​មាន​ផល​វិបាក​ធ្ងន់ធ្ងរ​ជាង​អំពើ​ភេរវកម្ម​​»។

​​អ្នកដំណើរ​ពាក់​ម៉ា​ស់​នៅលើ​នាវា​ Diomand Princess ដែលមនុស្ស​ ៣ ៦០០ នាក់ ត្រូវ​​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​។ AFP

អាជ្ញាធរ​ចិន​បាន​រាំង​ខ្ទប់​មនុស្ស​រាប់​លាន​នៅ​ក្នុង​ខេត្ត​ហឺប៊ី​ភាគ​កណ្តាល ​ខណៈ​វីរុស​នេះ ​បាន​ផ្ទុះ​ឡើង ​និង​រឹត​បន្តឹង​ការ​ដើរ​ហើរ​នៅ​ក្នុង​ក្រុង​ដទៃ​ទៀត​នៅ​ក្នុង​ផ្នែក​ជា​ច្រើន​ទៀត​នៃ​ប្រទេស​នេះ ​ជា​កិច្ច​ប្រឹងប្រែង​មួយ​មិន​ធ្លាប់​មាន​ពី​មុន​ ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​មេរោគ​នេះ ​រាលដាល​តទៅ​ទៀត​។

ប្រទេស​ជា​ច្រើន​បាន​ចេញ​បម្រាម​ឲ្យ​មនុស្ស​មក​ពី​ប្រទេស ​ចិន ​ឲ្យ​ចូល​​ខណៈ​ដែល​ក្រុម​អាកាសចរណ៍​ធំៗ​ជាច្រើន​បាន​ផ្អាក​ជើង​ហោះ​ហើរ​ទៅ​ និង​មក​ពី​ប្រទេស​នោះ​ ដោយសារ​មនុស្ស​រាប់​រយ​នាក់​បាន​ឆ្លង​នៅ​ក្នុង​​ប្រទេស​ចំនួន ​២៤​។

ភាគ​ច្រើន​ក្នុង​ចំណោម​អ្នក​ស្លាប់​នៅ​ក្នុង​ខេត្ត​ហឺប៊ី​ និង​ក្រុង​វូហាន​ដែល​ជា​ទី​វីរុស​នេះ​បាន​ផ្ទុះ​ឡើង​។ ប៉ុន្តែ​ជា​ការ​រីក​ចម្រើន​វិជ្ជមាន​ ដោយ​​ករណី​ឆ្លង​ថ្មី​បាន​ថយ​ចុះ​នៅ​ក្នុង​ខេត្ត​ហឺប៊ី​ក្នុង​រយៈពេល ​២ ​ថ្ងៃ​ជាប់​គ្នា​៕ AFP/PSA