ក្រុង​ការ៉ាកាសៈ ​សមាជិក​សភា​បក្ស​ប្រឆាំង​ម្នាក់​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា ​ក្រុម​ជន​ចំណាក​ស្រុក​វ៉េណេស៊ុយអេឡា​យ៉ាង​តិច ​៣០ ​នាក់​ កំពុង​បាត់​ខ្លួន​ ក្រោយ​ពី​ទូក​ល្បឿន​លឿន​ដែល​ពួក​គេ​កំពុង​ធ្វើ​ដំណើរ​ បាន​លិច​នៅ​តាម​ផ្លូវ​ទៅ​កាន់​កោះ​កូរ៉ាកៅ​។​

អនុ​ប្រធាន​សភា​លោក​ Luis Stefanelli ​បាន​ថ្លែង​​ប្រាប់​ AFP ​ដោយ​បាន​ដក​ស្រង់​សម្តី​ពី​ក្រុម​សមាជិក​គ្រួសារ​របស់​ជន​រងគ្រោះ​ថា ​ទូក​នោះ​បាន​ចាក​ចេញ​ពី​ភូមិ​មួយ​​​កាល​ពី​ថ្ងៃ​សុក្រ​ជាមួយ​មនុស្ស​ពី ​៣០ ​ទៅ ​៣៥ ​នាក់ ​នៅ​លើ​ទូក​នោះ​។ ​

លោក​ Luis Stefanelli ​បាន​ថ្លែង​ថា​៖ «​គ្មាន​នរណា​ម្នាក់​បាន​ទំនាក់ទំនង​ជាមួយ​ក្រុម​គ្រួសារ​របស់​ជន​រងគ្រោះ​ទាំង​នោះ​ទេ ​ដែល​អាច​ធ្វើ​ឲ្យ​យើង​ព្រួយ​បារម្ភ​អំពី​ការ​បាត់បង់​ជីវិត​របស់​ពួក​គេ​យ៉ាង​ខ្លាំង​»​។​

ក្រុម​អាជ្ញាធរ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អំពី​របាយការណ៍​នោះ​ទេ​។​

យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ឆ្មាំ​ការពារ​ដែន​សមុទ្រ ​ដែល​បាន​ចេញ​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កោះ​ការ៉ាប៊ីន​ថា ​សាកសព​បុរស​ម្នាក់​​ពាក់​អាវ​ធំ​ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្បែរ​ឈូង​សមុទ្រ​ Bullenbaai​នៅ​កោះ​កូរ៉ាកៅ​។​

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ថា តើ​បុរស​នោះ​បាន​ស្ថិត​នៅ​លើ​ទូក​ដែល​បាន​ចាក​ចេញ​ដោយ​ខុស​ច្បាប់​ពី​ភូមិ​ Aguide ​នៅ​រដ្ឋ​ហ្វាលខន​នៃ​ប្រទេស ​វ៉េណេស៊ុយអេឡា ដែរ​ឬទេ​​?។​

នេះ​គឺ​​ជា​ទូក​ទី​៣​ ដែល​បាន​ដឹក​ជន​ចំណាក​ស្រុក​វ៉េណេស៊ុយអេឡា​ ដែល​បាន​លិច​កាល​ពី​ខែ​មុន​ បច្ចុប្បន្ន​នេះ​សរុប​ទាំង​អស់​មាន​មនុស្ស ​ ៨០ ​នាក់ ​កំពុង​បាត់​ខ្លួន​។​

កាល​ពី​ពេល​កន្លង​ទៅ​ទូក ​២ ​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​កោះ​ភ្លោះ​ទ្រីនីដាដ ​និង​តូបាហ្គោ​។​

សមាជិក​សភា​បក្ស​ប្រឆាំង​​ម្នាក់​ ​គឺ​លោក​ Robert Alcala ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី ​១៩ ​ខែ ​ឧសភា​ថា​ មនុស្ស ​២៩ ​នាក់ ​បាន​កំពុង​បាត់​ខ្លួន​ នៅ​ពេល​ទូក​របស់​ពួក​គេ​បាន​លិច​នៅ​តាម​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​កាន់​កោះ​ភ្លោះ​ទ្រីនីដាដ ​និង​តូបាហ្គោ ​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស ​វ៉េណេស៊ុយអេឡា​។​

លោក​ Robert Alcala​ ដែល​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ទី ​២៥ ​ខែ​ មេសា​ថា​ ទូក ​១ ​គ្រឿង ​ដែល​បាន​ដឹក​ក្រុម​ជន​ចំណាក​ស្រុក​វ៉េណេស៊ុយអេឡា ៣៣ ​នាក់​ ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ស្រដៀង​គ្នា​នោះ​ដែរ​បាន​បាត់​ស្រមោល​ ហើយ​ភ្លាមៗ​នោះ មនុស្ស ៩ ​នាក់ ​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ផុត​ពី​សេចក្តី​ស្លាប់​​៕ AFP/SK