ក្រុង​បាងកកៈ ​ក្រុម​មន្ត្រី​កងទ័ព​​ជើង​ទឹក​ថៃ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា​ ជន​ភៀស​ខ្លួន​មូស្លីម​រ៉ូហ៊ីងយ៉ា ​៦៥ ​នាក់ ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​លើ​ទូក​​បាក់បែក​​មួយ​នៅ​ឆ្នេរ​សមុទ្រ​ថៃ​ភាគ​ខាង​ត្បូង​ ខណៈ​ដែល​ក្រុម​អាជ្ញាធរ ​បាន​ស៊ើប​អង្កេត​ថា​ តើ​ពួក​គេ​ត្រូវ​បាន​គេ​ជួញដូរ​ឬ​យ៉ាង​ណា​នោះ?​

ទូក​នោះ ​ត្រូវ​បាន​គេ​រក​ឃើញ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ នៅ​ក្នុង​តំបន់​ឆ្នេរ​សមុទ្រ​ Tarutao ​Marine ​National ​Park​ នៅ​ប្រទេស ​ថៃ ​ភាគ​ខាង​ត្បូង​ មាន​ចម្ងាយ​ប្រហែល ​៤០០ ​គីឡូ​ម៉ែត្រ​ពី​ព្រំដែន​មីយ៉ាន់ម៉ា​។​

ជន​រ៉ូហ៊ីងយ៉ា​ប្រហែល ​៧៤ ​ម៉ឺន​នាក់ ​បាន​រត់​ភៀស​ខ្លួន​ចេញ​ពី​មីយ៉ាន់ម៉ា​ ចាប់​តាំង​ពី​មាន​ការ​បង្ក្រាប​ដោយ​យោធា​យ៉ាង​ឃោរឃៅ​កាល​ពី​ឆ្នាំ​ ២០១៧​ ប្រឆាំង​ជន​ភាគ​តិច​គ្មាន​សញ្ជាតិ​នៅ​ក្នុង​ប្រទេស​ភាគ​ច្រើន​កាន់​ព្រះពុទ្ធ​សាសនា​។

ពួក​គេ​ភាគ​ច្រើន​ បាន​រត់​គេច​ខ្លួន​ចូល​ទៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​នៅ​​ប្រទេស ​បង់ក្លាដែស​ ចំណែក​ឯ​អ្នក​ផ្សេងៗ​ទៀត​ បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ដៃ​ក្រុម​ឈ្មួញ​ជួញដូរ​មនុស្ស​ខុស​ច្បាប់​ ខណៈ​ដែល​​ពួក​គេ​បាន​ស្វែងរក​ជីវភាព​រស់នៅ​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​មុន​នៅ​ប្រទេស ​ម៉ាឡេស៊ី​ និង​ថៃ​។​

អ្នក​នាំពាក្យ​កង​ទ័ព​ជើង​ទឹក​ថៃ​បាន​ថ្លែង​ថា​ មាន​ស្ត្រី ​៣១ ​នាក់​ និង​ក្មេង ​៥ ​នាក់ ​នៅ​ក្នុង​ចំណោម​ជន​រ៉ូហ៊ីងយ៉ា​នៅ​លើ​ទូក​បាក់​បែក​នោះ​។​

បុរស​ជនជាតិ​ថៃ​ម្នាក់ ​និង​ពលរដ្ឋ​មីយ៉ាន់ម៉ា​ ៥ ​នាក់ នៅ​ក្នុង​ក្រុម​អ្នក​ទាំង​នោះ​ផង​ដែរ​។​ ​បុរស​ទាំង​នោះ​បាន​និយាយ​ថា​ ពួក​គេ​កំពុង​ស្ទូច​ត្រី​ក្នុង​តំបន់​​ ហើយ​មិន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ជន​រ៉ូហ៊ីងយ៉ា​ទេ​៕ AFP/SK