ក្រុងតេអេរ៉ង់ៈ ប្រធានាធិបតី​អ៊ីរ៉ង់ រុស្ស៊ី និង​តួ​ក​គី ជួបគ្នា​នៅ​ក្រុង​តេអេរ៉ង់ នៅ​ថ្ងៃ​សុក្រ ដើម្បី​បើក​ជំនួប​មួយ​ដែល​ត្រូវ​បាន​គេ​រំពឹងទុ​ក​ថា​នឹង​រៀបចំ​ជោគ​វាសនា​របស់​ខេត្ត​អ៊ីដលីប​ដែល​ជា​មូលដ្ឋាន​ធំ​របស់​ក្រុម​ឧទ្ទាម​នៅ​ក្នុង​ប្រទេស​ស៊ីរី។

ជំនួប​នោះ​កើតឡើង ខណៈ​កងកម្លាំង​ស៊ី​រី ទំនង​នឹង​ចាប់ផ្តើម​ធ្វើការ​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​មួយ ដែល នាំ​ឲ្យ​មាន​ការ​ព្រួយបារម្ភ​អំពី​មហន្តរាយ​មនុស្ស​ធម៌​ក្នុង​ទំហំ​មួយ ដែល​មិន​ទាន់​ត្រូវ​បាន​ឃើញ​នៅ​ក្នុង​ជម្លោះ​រយៈពេល ៧ ឆ្នាំ​នោះ។

ក្រុង​ដា​ម៉ាស និង​អ្នកគាំទ្រ​សំខាន់​របស់ខ្លួន គឺ​ក្រុង​ម៉ូស្គូ​បានធ្វើការ​លុប​បំបាត់​ក្រុម​ជីហាដ​និយម ដែល​គ្រប់​គ្រង​ខេត្ត​អ៊ីដលីប​នេះ ប៉ុន្តែ​លទ្ធផល​នៃ​ជំនួប​នៅ​ថ្ងៃ​សុក្រ​នោះ អាច​ធ្វើ​ឲ្យ ប៉ះពាល់​ដល់​ទំហំ និង​ការ​កំណត់ ពេល​វេលា​នៃ​ការ​វាយ​ប្រហារ​មួយ។

អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន គឺ​លោក Dmitry Peskov បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា៖ «យើង​ដឹង​ថា កង​កម្លាំង​ប្រដាប់​អាវុធ​ស៊ីរី កំពុង​ត្រៀម​ដោះ​ស្រាយ​បញ្ហា​នេះ»។

ដោយ​ត្រូវ​ដណ្តើមបាន​ពី​កងកម្លាំង​របស់​រដ្ឋាភិបាល​នៅក្នុង​ឆ្នាំ ២០១៥ ខេត្ត​អ៊ីដលីប និង​តំបន់​ជាច្រើន​ដែល​នៅ​ជាប់​នោះ បង្កើត​ដែនដី​ស៊ីរី​មួយ​យ៉ាង​ធំ​នៅ​ក្នុង​កណ្តាប់​ដៃ​របស់​ក្រុម​ឧទ្ទាម​នៅ​ឡើយ។

តួ​ក​គី បាន​ប្តេជ្ញា​បណ្តេញ​ក្រុមជី​ហាដ​និយម ដែល​គ្រប់គ្រង​ខេត្ត​អ៊ីដលីប​ប្រមាណ ៦០ ភាគរយ ប៉ុន្តែ​ខ្លួន​បាន​គាំទ្រ​ក្រុម​ឧទ្ទាម​នៅ​ទីនោះ​និង​ទីតាំង​សង្កេត​ចំនួន ១៥ របស់​យោធា​នៅ​ទូទាំង​ខេត្ត​នេះ។

ពលរដ្ឋ​​ស៊ីរីប្រើដី​ដើម្បីពន្លត់​​ភ្លើង​​នៅកន្លែង​​រង​ការ​វាយ​ប្រហារ​ផ្លូវ​អា​កា​ស​នៅក្នុង​​ស្រុក​មួយ​នៃ​ខេត្តអុី​ដលីប​​។ AFP

រុស្ស៊ី តួ​ក​គី និងអ៊ី​រ៉ង់ គឺជា​អ្នកធានា​ឲ្យ​មានដំណើរ​ការចរចា​ក្រុង​អា​ស្តាណា ជា​ផ្លូវ​នៃ​ការ​ចរចា ដែល​បាន​គ្រប​ដណ្តប់​ដំណើរ​ការ​ចរចា​ក្រុង​ហ្សឺណែវ និង​ការ​ពិត​ជួយ​ប្រធានា​ធិបតី​ស៊ីរី​លោក​បាសារ អាល់​អាសាដ រក្សា​អំណាច​របស់​លោក​ជា​ថ្មី​ក្នុង​ការ​ដឹកនាំ​ប្រទេស​នេះ។

ស្របពេល​ជាមួយនឹង​ការបង្កើន​កម្លាំងយោធារ​បស់​រដ្ឋាភិបាល​ស៊ី​រី​នេះ​ប៉ុន្មាន​សប្តាហ៍​នេះ ត្រូវ​មើល​ឃើញ​ថា​សកម្មភាព​យោធា​មាន​ភាព​តាន​តឹង​យ៉ាង​ខ្លាំង។ ការ​សែត Al-Watan បាន​សរសេរ​កាល​ពី​ថ្ងៃ​អង្គារ​ថា លទ្ធផល​នៃ​ការ​ចរចា នឹង​ត្រូវ​បង្ហាញ​នៅ​ក្នុង​ក្រុង​តេអេរ៉ង់៕