ក្រុងវ៉ាស៊ីនតោនៈ លោកប្រធានាធិបតីដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃសៅរ៍ថា លោក សង្ឃឹមនឹងរៀបចំជំនួបលើកទី ២ ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅដើមឆ្នាំ ២០១៩ ប្រហែលជានៅក្នុងខែមករា ឬ ខែកុម្ភៈ។
លោកត្រាំ បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា កន្លែងចំនួន ៣ កំពុងត្រូវបានពិចារណាសម្រាប់ជំនួបនោះ បន្ទាប់ពីជំនួបជាប្រវត្តិសាស្ត្រនៅក្នុងប្រទេស សិង្ហបុរីកាលពីខែមិថុនា។
នៅពេលត្រូវបានគេសួរអំពីជំនួបនៅពេលខាងមុខនោះ លោកត្រាំ បាននិយាយថា៖ «ខ្ញុំគិតថា យើងនឹងធ្វើការងារមួយយ៉ាងល្អនៅក្នុងខែមករា ឬ ខែកុម្ភៈ»។
កាលពីខែមិថុនា លោកដូណាល់ ត្រាំនិង លោក គីម ជុនអ៊ុន បានបើកកិច្ចពិភាក្សាអំពីការលុបបំបាត់អាវុធនុយក្លអ៊ែរនៅឧបទ្វីបកូរ៉េ ក្រោយពីការគំរាមកំហែងប្រើយោធាដាក់គ្នាទៅវិញទៅមក។
មេដឹកនាំទាំង ២ បានចុះហត្ថលេខាលើឯកសារមានពាក្យពេចន៍មិនច្បាស់ស្តីពីការលុបបំបាត់នុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ប៉ុន្តែការរីកចម្រើនបានជាប់គាំង ខណៈក្រុងវ៉ាស៊ីនតោន និងក្រុងព្យុងយ៉ាងបានឌឺដងដាក់គ្នា និងកូរ៉េខាងជើង បានចាត់វិធានការធ្វើការបោះបង់ចោលកម្មវិធី អាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទិករបស់ខ្លួន។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ប៉ុមប៉េអូ គ្រោងជួបជាមួយមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង កាលពីដើមខែវិច្ឆិកា ប៉ុន្តែជំនួបនោះ ត្រូវបានលុបភ្លាមៗ ដោយកូរ៉េខាងជើងទទូចថា ក្រុងវ៉ាស៊ីនតោនគួរបន្ធូរបន្ថយទណ្ឌកម្ម។
កាលពីថ្ងៃសុក្រ លោកត្រាំបានពិភាក្សាពីបញ្ហាជំនួបនោះ ជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោកមូន ជេអ៊ីននៅក្រៅសង្វៀនជំនួប G2០។
អ្នកនាំពាក្យរបស់ត្រាំអ្នកស្រី Sarah Sanders បានថ្លែងថា លោកទាំង ២ បានបញ្ជាក់ពីការប្តេជ្ញារបស់ពួកគេជាថ្មីថាធ្វើយ៉ាងណាឲ្យសម្រេចបាននូវការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងទាំងស្រុង៕