ក្រុង​ហី​រ៉ាតៈ មន្ត្រី​សុខាភិបាល​ម្នា​ក់បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​ថា មន្ត្រី​ប៉ូលិស​យ៉ាង​តិច ២២ នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​មួយ​របស់​ក្រុម​តាលីបង់​នៅ​អាហ្វហ្គានីស្ថាន​ភាគ​ខាង​លិច​ជា​ការ​វាយ​បក​ទៅ​លើ​កង​កម្លាំង​អាហ្វហ្គានីស្ថាន ដោយ​មាន​កំណត់​ត្រា​ចំនួន​អ្នក​ស្លាប់ និង​របួស​យ៉ាង​ច្រើន។

ការវាយប្រហារ​ទៅលើ​ក្បួន​រថយន្ត​ប៉ូលិស​នៅ​ខេត្ត​ហ្វារ៉ាហ៍ (Farah) បន្ទាប់ពី​មាន​រលក​អំពើ​ហិង្សា​នៅ​ទូទាំង​អាហ្វហ្គានីស្ថាន​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ក្នុង​នោះ​មាន​ការ​វាយ​ប្រហារ​អត្តឃាត​មួយ​នៅ​ក្នុង​វិហារ​អ៊ិស្លាម​ដែល​ជា​មូលដ្ឋាន​កងទ័ព​កាល​ពី​ថ្ងៃ​សុក្រ និង​បាន​បង្កើន​កិច្ច​ប្រឹង​ប្រែង ដើម្បី​បញ្ចុះ​បញ្ចូល​ឲ្យ​ក្រុម​តាលីបង់​បញ្ចប់​សង្គ្រាម ១៧ ឆ្នាំ​មក​នោះ។

លោក Shir hmad Weda ប្រធាន​មន្ទីរពេទ្យ​នៅ​រដ្ឋធានី​នៃ​ខេត្ត​នោះបាន​ថ្លែងថា មន្ត្រី​ប៉ូលិស​យ៉ាង​តិច ២ នាក់ បាន​រង​របួស​នៅ​ក្នុង​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​អាទិត្យ។

ក្រុម​តា​លី​បង់ បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​នោះ​តាមរយៈ​គេហទំព័រ WhatsApp ដោយ​និយាយ​ថា ប៉ូលិស ២៥ នាក់​ត្រូវ​ស្លាប់ ហើយ ៤ នាក់​ផ្សេង​ទៀត​បាន​រង​របួស។

អ្នកនាំពាក្យ​ក្រុម​ជន​សកម្មប្រយុទ្ធ លោក Qari YousufAhmadi បាន​បន្ថែម​ទៀត​ថា៖ «រថយន្ត ៤ គ្រឿង ត្រូវ​បាន​បំផ្លាញ និង​អាវុធ​យ៉ាង​ច្រើន​ត្រូវ​បាន​រឹបអូស»។

អ្នកនាំពាក្យ​ប៉ូលិស​ខេត្ត លោក Mohibullah Mohib បានថ្លែងថា ក្បួន​រថយន្ត​នោះបាន​កំពុង​ធ្វើ​ដំណើរ​ចេញ​ពី​ក្រុង​ហ្វារ៉ាហ៍​ទៅ​កាន់​ស្រុក​ជូវេន​នៅ​ពេល​ការ​វាយ​ប្រហារ​កើត​ឡើង៕