ក្រុង​អ៊ីស្តង់ប៊ុលៈ កាលពី​ថ្ងៃ​សៅរ៍ តួ​ក​គី បាន​ចោទប្រកាន់​អា​រ៉ា​ប៊ី សាអ៊ូឌីត ពី​បទ​ខកខាន​មិន​បាន​សហការ​ធ្វើការ​ស៊ើប​អង្កេត​លើ​ករណី​បាត់​ខ្លួន​អ្នក​កាសែត​ម្នាក់​នៅ​ក្នុង​កុង​ស៊ុល​របស់​ខ្លួន​នៅ​ក្រុង​អ៊ីស្តង់ប៊ុល ខណៈ​ប្រធានា​ធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​គំរាម​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ ប្រសិន​បើ​វា​ប្រែ​ទៅ​ជា​ថា អ្នក​កាសែត រូប​នោះ​ត្រូវ​បាន​គេ​សម្លាប់។

ការអធិប្បាយ​របស់រ​ដ្ឋ​មន្ត្រី​ការបរទេស​តួ​ក​គី​លោក Mevlut Cavusoglu បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ក្រុង​អង់ការ៉ា​ជុំវិញ​សំណុំ​រឿង​របស់​អ្នក​កាសែត​អារ៉ាប៊ី សាអ៊ូឌីត​ឈ្មោះ Jamal Kha shoggi ដែល​លែង​ត្រូវ​បាន​គេ​ឃើញ ចាប់​តាំង​ពី​លោក​ចូល​ក្នុង​កុង​ស៊ុល​នោះ កាល​ពី​ថ្ងៃ​ទី ២ ខែ​តុលា កន្លង​មក។

ក្រុមមន្ត្រី​តួ​ក​គី បាន​និយាយថា ពួកគេ​ជឿថា លោក Kha shoggi ត្រូវបាន​គេ​សម្លាប់​នៅ​ក្នុង​កុង​ស៊ុល​នោះ​តែ​ម្តង។ ការ​អះ​អាង​នោះ មាន​លេច​ធ្លាយ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា លោក ត្រូវ​បាន​គេ​ធ្វើ​ទារុណ​កម្ម និង​បាត់បង់​ស្មារតី​ចងចាំ ខណៈ​លោក​ត្រាំ​បាន​សម្តែង​ទុទ្ទិដ្ឋិនិយម​ចំពោះ​ជោគ​វាសនា​របស់​អ្នក​កាសែត​បាត់​ខ្លួន​នោះ។

អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត បាន​បញ្ជាក់ថា លោក Khashoggi ជា​អ្នកជួយ​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍​ដែល​អត្ថបទ​របស់​លោក រិះគន់​ព្រះអង្គ​ម្ចាស់ Mohammed bin Salman។

បញ្ហា​ចម្រូងចម្រាស​ជុំវិញ​ការបាត់​ខ្លួន​អ្នកកាសែត​រូបនោះបាន​គំរាមកំហែង មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់​ទំនង​តួកគី-អារ៉ាប៊ី សាអ៊ូឌីត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ព្រះរាជា​ណាចក្រ​នេះ​នៅ​លោក​ខាង​លិច​មាន​ការ​ព្រួយបារម្ភ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិច្ច​ប្រឹង​ប្រែង​កំណែ​ទម្រង់​របស់​ព្រះអង្គ​ម្ចាស់ Mohammed bin Salman។

យោងតាម​បទ​សម្ភាស​មួយ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​បាន​ឲ្យ​ដឹងថា លោក ដូណាល់​ត្រាំ​បាន​ថ្លែង​ប្រាប់​កម្មវិធី 60 Minutes របស់​ទូរទស្សន៍ CBS ថា៖ «យើង​នឹង​ស្វែង​រក​ការ​ពិត និង​មាន​ការ​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ»៕