ក្រុង​អង់កា​រ៉ាៈ កាលពី​ថ្ងៃ​ពុធ​តួ​ក​គី បាន​និយាយថា ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​របស់​រុស្ស៊ី​ទៅ​លើ​ខេត្ត​អ៊ីដលីប​កាន់​កាប់​ដោយ​ក្រុម​ឧទ្ទាម​នៅ​ស៊ីរី ខុស​ទាំង​ស្រុង និង​ថា ក្រុង​អង់កា​រ៉ា​ប្រឹង​ប្រែង​បញ្ឈប់​ការ​វាយ​ប្រហារ​លើ​ខេត្ត​នេះ។

កងទ័ព​របប​ស៊ី​រី បាន​ប្រមូល-ផ្តុំគ្នា​នៅ​ជាយ​ខេត្ត​នេះ ជាច្រើន​សប្តាហ៍ ដែល​ខេត្ត​នេះ​មាន​ព្រំដែន​ជាមួយ​តួកគី ដោយ​បង្កើត​ឲ្យ​មាន​មហន្តរាយ​មនុស្ស​ធម៌​មួយ​ទៀត​នៅ​ក្នុង​ជម្លោះ​រយៈ​ពេល ៧ ឆ្នាំ​នៅ​ស៊ីរី​នេះ។

ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី​មាន​មូលដ្ឋាន​នៅ​អង់គ្លេស​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​ថា ជន​ស៊ីវិល​យ៉ាង​តិច ៩ នាក់ បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​កាល​ពី​ថ្ងៃ​អង្គារ។ ប៉ុន្តែ​ក្រុង​ម៉ូស្គូ បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា ការ​វាយ​ប្រហារ​នោះ បាន​យក​ក្រុម​ភេរវករ Al-Nusra Front ជា​គោល​ដៅ។

រដ្ឋមន្ត្រីការបរទេស​តួ​ក​គី​លោក Mevlut Cavusoglu បាន​ថ្លែង​នៅក្នុង​អំឡុង​សន្និសីទ​កាសែត​ជាមួយ​សម​ភាគី​អាល្លឺម៉ង់​លោក Heiko Maas ថា ក្រុង​អង់ការ៉ា​ចង់​ទប់ស្កាត់​មិន​ឲ្យ​មាន​ការ​វាយ​ប្រហារ​ទៅ​លើ​ខេត្ត​អ៊ីដលីប​បន្ថែម​ទៀត។

លោក Cavusoglu បាន​ថ្លែងថា ក្រោយ​ការវាយប្រហារ​នោះ មានការ​ចរចា​រវាង​ស្ថាប័ន​ពាក់​ព័ន្ធ​របស់​យើង។ ខេត្ត​អ៊ីដលីប គឺជា​តំបន់​មួយ​នៃ​អ្វី​ដែល​គេ​ហៅថា តំបន់​គ្មាន​ភាព​តាន​តឹង ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សារ​លទ្ធផល​នៃ​ការ​ចរចា​របស់​រុស្ស៊ី តួកគី និង​អ៊ីរ៉ង់​កាល​ពី​ឆ្នាំ​ទៅ​ខណៈ​ក្រុង​ដាម៉ាស​នៅ​តែ​គ្រប់គ្រង​ប្រទេស​ភាគ​ច្រើន​នោះ។

លោក Cavusoglu បាន​ថ្លែងថា ពីមួយថ្ងៃ​ទៅមួយថ្ងៃ​យើង​ខិតខំ​ប្រឹងប្រែង​ធ្វើការ ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​មាន​ការ​វាយ​ប្រហារ​ទៅ​លើ​ខេត្ត​អ៊ីដលីប​ថែម​ទៀត​ទេ៕