ក្រុង​អ៊ីស្តង់ប៊ុល៖ ​ប្រទេស ​តួកគី​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ខ្លួន​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ​ដើម្បី​ធ្វើ​យុទ្ធនាការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​​មួយ ប្រឆាំង​ក្រុម​សកម្ម​ប្រយុទ្ធ​ឃើដ​នៅ​ប្រទេស ​ស៊ីរី​ភាគ​ខាង​ជើង​ ទោះបី​ជា​មាន​សញ្ញា​មិន​ច្បាស់​លាស់​ពី​ប្រធានាធិបតី​អាមេរិក​លោក​ ដូណាល់​ ត្រាំ​ អំពី​ថា​ តើ​លោក​អនុម័ត​ឲ្យ​ធ្វើ​ប្រតិបត្តិការ​នោះ​ ឬ​មិន​ឲ្យ​ធ្វើ​ក្តី​។​

អាមេរិក​បាន​ដក «​ក្រុម​ប្រតិបត្តិការ​ពិសេស​» ​ចាប់​ពី ​៥០ ​ដល់ ​១០០ ​នាក់​ ចេញ​ពី​ព្រំដែន​ស៊ីរី​ភាគ​ខាង​ជើង ​កាល​ពី​ថ្ងៃ​ចន្ទ​ ជាទី​ដែល​ពួក​គេ​បាន​បំពេញ​ការងារ​ជា​អ្នក​ការពារ​តំបន់​សុវត្ថិភាព​ បាន​រៀបចំ​ផែនការ​យូរ​អង្វែង​ ដែល​បាន​វាយ​ប្រហារ​ដោយ​យោធា​តួកគី​ប្រឆាំង​កងកម្លាំង​ឃើដ​នោះ​​។​

វិធានការ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​របស់​លោក​ ដូណាល់​ ត្រាំ​ បាន​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​យ៉ាង​សម្បើម​ពី​ក្រុម​សមាជិក​គណបក្ស​សាធារណ​រដ្ឋ​កំពូលៗ​ ដែល​លោក​កំពុង​បោះបង់​ចោល​ក្រុម​ឃើដ​ទាំង​នោះ ​ដែល​ជា​កងកម្លាំង​យ៉ាង​សំខាន់​នៅ​ក្នុង​យុទ្ធនាការ​យូរ​អង្វែង​ ដើម្បី​ប្រយុទ្ធ​ជាមួយ​ក្រុម​រដ្ឋ​អ៊ិស្លាម​នោះ​។​

ប៉ុន្តែ​ក្រោយ​មក ​លោក ​ត្រាំ ​បាន​បង្ហាញ​ការ​គាំទ្រ​ក្រុម​ឃើដ​វិញ​ ដោយ​ព្រមាន​តួកគី​ថា​ លោក​នឹង ​«​បំផ្លាញ​» ​សេដ្ឋកិច្ច​របស់​ប្រទេស​មួយ​នេះ​ ប្រសិន​បើ​ប្រទេស​មួយ​នេះ​បាន​ធ្វើ​ហួស​ព្រំដែន​ ដោយ​គ្មាន​ការ​ពន្យល់​​អ្វី​ដែល​ខ្លួន​មាន​បំណង​ជាក់​លាក់​ណា​មួយ​នោះ​។​

លោក ​ត្រាំ​ បាន​ថ្លែង​ថា​៖ «ខ្ញុំ​បាន​ប្រាប់​ប្រទេស ​តួកគី ​ថា​ ប្រសិន​បើ​ពួក​គេ​ចង់​ធ្វើ​រឿង​អ្វី​មួយ​នៅ​ខាង​ក្រៅ​នោះ​ យើង​គួរ​គិត​អំពី​បញ្ហា​មនុស្ស​ធម៌​ ប្រទេស ​តួកគី ​អាច​ត្រូវ​ឈឺ​ចាប់​ដោយសារ​កំហឹង​នៃ​ការ​បំផ្លាញ​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង​​ជា​មិន​ខាន​»​។​

ក្រុង​អង់ការ៉ា ​បាន​ធ្វើ​ការ​គំរាម​កំហែង​កាល​ពី​ថ្ងៃ​អង្គារ​ ដោយ​អនុ​ប្រធានាធិបតី​លោក ​ហ្វាត​ អ៊ុកតៃ​ បាន​ថ្លែង​ថា​៖ «​ប្រទេស ​តួកគី​ មិន​មែន​ជា​ប្រទេស​មួយ​ដែល​នឹង​ធ្វើ​ទង្វើ​ទៅ​តាម​ការ​គំរាម​កំហែង​នោះ​ទេ​»​។​

ជានិច្ចកាល​ ​តួកគី​បាន​ប្រឆាំង​យ៉ាង​ខ្លាំង​ក្លា​ចំពោះ​ការ​គាំទ្រ​កងកម្លាំង​ឃើដ​របស់​អាមេរិក​នៅ​​ស៊ីរី​ ដោយសារ​ការ​ទំនាក់ទំនង​របស់​ពួក​គេ ​ជា​មួយ​គណបក្ស​ពលករ​ឃើដ​ខុស​ច្បាប់​ (PKK)​ ដែល​បាន​ប្រយុទ្ធ​យ៉ាង​បង្ហូរ​ឈាម​ជាមួយ​ក្រុម​ឧទ្ទាម​ប្រឆាំង​ប្រទេស ​តួកគី ​ចាប់​ពី​ឆ្នាំ ​១៩៨៤​។​

ក្រសួង​ការពារ​ជាតិ​របស់​ខ្លួន​បាន​ថ្លែង​នៅ​លើ​គេហទំព័រ​ធ្វីធើរ​ថា​ ផែនការ​វាយ​លុក​​ទ្រង់ទ្រាយ​ធំ​​នៅ​​ស៊ីរី​ភាគ​ខាង​ជើង​ បាន​ត្រៀម​លក្ខណៈ​រួចរាល់​ទាំង​ស្រុង​»​៕ AFP/SK