ក្រុម​អ៊ីស្តង់ប៊ុល៖​ ទីភ្នាក់ងារ​សារព័ត៌មាន ​Anadolu ​គ្រប់គ្រង​ដោយ​រដ្ឋ​​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​លោក​ប្រធានាធិបតី​តួកគី រ៉េសិប​ តៃយីប​អេរដូហ្គែន ​បាន​ថ្លែង​ថា ​តួកគី​នឹង​មិន​អនុញ្ញាត​ឲ្យ​អ្វី​ដែល​ហៅ​ថា ​«កិច្ច​ព្រមព្រៀង​សតវត្សរ៍» ​របស់​អាមេរិក​គំរាម​កំហែង​ដល់​សន្តិភាព​នៅ​ក្នុង​តំបន់​ទេ។

លោក​ប្រធានាធិបតី​ អេរដូហ្គែន​ បាន​ធ្វើ​ការ​អធិប្បាយ​នៅ​ក្នុង​សារ​មួយ​ ដែល​លោក​បាន​ផ្ញើ​ជូន​សន្និសីទ​លើក​ទី ៣ ​នៃ​​វេទិកា​អន្តរ​សភា​របស់​ក្រុង​ហ្ស៊េរុយសាឡិម​ នៅ​ក្នុង​ក្រុង​គូឡាឡាំពួរ​រដ្ឋធានី​នៃ​ប្រទេស ​ម៉ាឡេស៊ី។ ​

មេ​ដឹកនាំ​តួកគី​រូប​នេះ ​បាន​ថ្លែង​ថា ​កិច្ច​ព្រមព្រៀង​ដែល​បាន​ប្រកាស​ក្រុង​ហ្ស៊េរុយសាឡិម​ជា​រដ្ឋធានី​នៃ​ប្រទេស ​អ៊ីស្រាអែល​ មិន​មាន​អ្វី​លើស​ពី​ក្តី​សុបិន​មួយ​ ដែល​គំរាម​កំហែង​ដល់​សន្តិភាព​នៅ​ក្នុង​តំបន់​ទេ​ ហើយ​ប្រទេស ​តួកគី ​នឹង​មិន​អនុញ្ញាត​ឲ្យ​ក្តី​សុបិន​​នេះ​ក្លាយ​ជា​ការ​ពិត​ទេ​។​

លោក ​អេរដូហ្គែន ត្រូវ​បាន​ដក​ស្រង់​សម្តី​ដោយ​សារព័ត៌មាន ​Anadolu​ ដោយ​ថ្លែង​ថា៖ «យើង​មិន​ទទួល​ស្គាល់​​ផែនការ​ដែល​​មាន​ន័យ​ថា​ ការ​ដាក់​ដែន​ដី​ប៉ាឡេស្ទីន​ជា​ឧបសម្ព័ន្ធ​បំផ្លាញ​ប៉ាឡេស្ទីន ​និង​រឹបអូស​យក​ក្រុង​ហ្ស៊េរុយសាឡិម​ទំាង​ស្រុង​។ «យើង​មិន​ទទួល​យក​កិច្ច​ប្រឹងប្រែង​ ដែល​ទទួល​យក​ដំណោះ​ស្រាយ​រដ្ឋ ​២ ​ជា​ចំហ​នោះ​ទេ​ ប៉ុន្តែ​មាន​ន័យ​ថា ​ការ​ធ្វើ​​ឲ្យ​កាន់​កាប់​របស់​អ៊ីស្រាអែល​ស្រប​ច្បាប់​ស្ថិត​នៅ​ក្រុម​អាណត្តិ​នៃ​រដ្ឋការ​អាមេរិក»។​

មុន​នេះ ក្រុង​អង់ការ៉ា​បាន​ប្រកាស​ផែនការ​សន្តិភាព​ដែល​ត្រូវ​បាន​ប្រកាស​ដោយ​លោក​ប្រធានាធិបតី​អាមេរិក ​ដូណាល់​ ត្រាំ ​កាល​ពី​ចុង​ខែ​មករា​កន្លង​ទៅ​ ​ដើម្បី​បញ្ចប់​ជម្លោះ​រវាង​អ៊ីស្រាអែល​ និង​ប៉ាឡេស្ទីន​ថា ​«​គ្មាន​​​ប្រសិទ្ធភាព​» ​ទេ៕ Xinhua/PSA