ក្រុង​កៅ​ស៊ុ​ងៈ ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី​សៃ អ៊ីង​វិ​ន កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ប្តេជ្ញា​ថា កោះ​នេះ​នឹង​មិន​បោះ​បង់​ចោល​កិច្ចការ​ការពារ​ខ្លួន​ទេ ខណៈ​លោកស្រី បាន​បើក​សម្ពោធ​នាវា​ចម្បាំង ២ គ្រឿង​ដែល​ទិញ​ពី​អាមេរិក មាន​គោល​បំណង​បង្កើន​សមត្ថភាព​កង​ទ័ព​ជើង​ទឹក​ប្រឆាំង​ចិន។

ចិន ដែលជា​សត្រូវ​នោះបាន​ធ្វើ​សមយុទ្ធ​យោធា​ជាច្រើន​នៅក្នុង​នោះ​មាន​សមយុទ្ធ​បាញ់​គ្រាប់​ពិត​នៅ​ក្នុង​ដែន​ទឹក​តៃវា់ន់​កាល​ពី​ខែ​មេសា កន្លង​ទៅ។

ក្រុង​ប៉េកាំង អះអាងថា កោះតៃវ៉ាន់​ស្វយ័ត​នោះ​ជា​ផ្នែក​នៃ​ដែនដី​របស់ខ្លួន ដែល​រង់ចាំ​ការ​បង្រួប​បង្រួម​គ្នា​ដោយ​ប្រើ​កងកម្លាំង បើសិន​ជា​ចាំបាច់ ថ្វីបើ​ភាគី​ទាំង ២ បាន​គ្រប់គ្រង​ដាច់​ដោយ​ឡែក ចាប់​តាំង​ពី​ឆ្នាំ ១៩៤៩ ក្រោយ​សង្គ្រាម​ស៊ីវិល​ត្រូវ​បាន​បញ្ចប់​ក្តី។

ចិន​បាន​ខឹងច្រឡោត ដោយសារ​ចំណងទាក់ទង​យ៉ាង​កក់ក្តៅ​រវាង​ក្រុង​វ៉ាស៊ីនតោន​និង​ក្រុង​តៃប៊ិ ដែល​ក្នុង​នោះ​មាន​ការ​អនុម័ត​ផ្តល់​អាជ្ញាប័ណ្ណ​លើក​ដំបូង​ពី​ក្រសួង​ការបរទេស​អាមេរិក ឲ្យ​លក់​បច្ចេកវិទ្យា​នាវា​មុជ​ទឹក​ទៅ​ឲ្យ​កោះ​មួយ​នេះ​ផង​ដែរ។

លោកស្រី​ប្រធានាធិបតី បាន​ថ្លែង​ក្រោយពេល​ពិនិត្យមើល​នាវា​ទាំងនោះ​ថា៖ «យើង​ចង់​ផ្ញើ​សារ​មួយ​យ៉ាង​ម៉ឺង​ម៉ាត់ និង​ច្បាស់​លាស់​ពី​ប្រជាជន​តៃវ៉ាន់​ទៅ​កាន់​សហគមន៍​អន្តរជាតិ​ថា យើង​នឹង​មិន​ដក​ថយ​ពី​ការ​ការពារ​ខ្លួន​ទេ​តៃវ៉ាន់​ត្រូវ​តែ​ការពារ​ដំណើរ​ជីវិត​របស់​យើង​ដែល​មាន​សេរីភាព​តាម​បែប​ប្រជាធិប​តេយ្យ»៕